សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យទទួលបានកំណត់ត្រាហៅនិងទទួលទូរស័ព្ទរបស់លោក Devin Nunes សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋ ដែលសន្ទនាជាមួយនឹងលោក Rudy Giuliani ដែលជាមេធាវីផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ អ្នកស៊ើបអង្កេតមកពីខាងគណបក្សប្រជាធិបតេយ្យលើករណីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី ត្រាំ ពីតំណែង និយាយថា លោក Giuliani គឺជាអ្នកដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងក្រៅផ្លូវការមួយ ដើម្បីបន្ទាបតម្លៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកក្នុងប្រទេសអ៊ុយក្រែន។
លោក Devin Nunes ដែលជាសមាជិកជាន់ខ្ពស់ម្នាក់នៅក្នុងគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភាមកពីគណបក្សសាធារណរដ្ឋ គឺជាអ្នកនាំមុខគេម្នាក់ក្នុងការការពារប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងដំណើរការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែង។ ការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងនោះធ្វើឡើងដោយរដ្ឋសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ។
ប៉ុន្តែរបាយការណ៍ស្ដីពីការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងដែលមានកម្រាស់៣០០ទំព័រ ដែលត្រូវបានចេញផ្សាយដោយគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភាកាលពីថ្ងៃទី៣ ខែធ្នូ កន្លងទៅនេះ បានបង្ហាញថា លោក Nunes ដែលជាសមាជិកសភាតំណាងរដ្ឋ California មានជាប់ពាក់ព័ន្ធជាមួយនឹងរឿងអាស្រូវរវាងលោក ត្រាំ និងប្រទេសអ៊ុយក្រែន។ ការណ៍នេះបានធ្វើឲ្យមានការចោទសួរអំពីការប្រព្រឹត្តជាផ្លូវការរបស់លោក Nunes។ គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភាមានសមាជិកភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ។
សមាជិករដ្ឋសភាសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យទទួលបានកំណត់ត្រាសន្ទនាតាមទូរស័ព្ទរវាងលោក Nunes ជាមួយនឹងលោក Rudy Giuliani ដែលជាមេធាវីផ្ទាល់ខ្លួនរបស់លោក ត្រាំ។ អ្នកស៊ើបអង្កេតរបស់គណបក្សប្រជាធិបតេយ្យនិយាយថា ការរកឃើញនេះបានបង្ហាញពីឥទ្ធិពលក្រៅផ្លូវការក្នុងការបន្ទាបតម្លៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកក្នុងប្រទេសអ៊ុយក្រែន ក្នុងរបៀបមួយដែលនឹងផ្ដល់អត្ថប្រយោជន៍នយោបាយដល់លោកប្រធានាធិបតី នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០២០ខាងមុខនេះ។
កំណត់ត្រាហៅទូរស័ព្ទបង្ហាញថា មានការហៅទូរស័ព្ទរវាងលោក Giuliani និងលោក Nunes ចំនួន៥ដងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។ ក្នុងចំណោមនោះ ការហៅទូរស័ព្ទចំនួនពីរដងត្រូវបានខកខានមិនបានទទួល ហើយការសន្ទនាដែលយូរបំផុតមានរយៈពេលបីនាទី។ ការហៅទូរស័ព្ទនោះត្រូវបានធ្វើឡើងនៅពេលដែលលោក Giuliani ត្រូវបានចោទប្រកាន់ថា លោកបានធ្វើយុទ្ធនាការបង្ខូចឈ្មោះមួយដើម្បីដកតំណែងអ្នកស្រី Marie Yovanovitch ដែលកាលពីពេលនោះគឺជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែន។ យុទ្ធនាការនោះត្រូវបានធ្វើឡើងដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រែងក្នុងការត្រួសត្រាយផ្លូវឲ្យមានការដាក់សម្ពាធលើរដ្ឋាភិបាលអ៊ុយក្រែន ឲ្យប្រកាសបើកការស៊ើបអង្កេតលើលោក Joe Biden និងកូនប្រុស គឺលោក Hunter Biden។ លោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក អាចនឹងក្លាយជាបេក្ខជនប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យដើម្បីប្រជែងជាមួយនឹងលោក ត្រាំ នៅឆ្នាំ២០២០ខាងមុខ។
កំណត់ត្រាហៅនិងទទួលទូរស័ព្ទដែលពីមុនមិនត្រូវបញ្ចេញជាសាធារណៈ ហើយដែលត្រូវបានប្រគល់ជូនដល់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភាដោយក្រុមហ៊ុន AT&T និងក្រុមហ៊ុន Verizon នេះ ក៏បានបង្ហាញថា លោក Nunes បានសន្ទនាតាមទូរស័ព្ទយ៉ាងតិចចំនួនបួនដងជាមួយនឹងលោក Lev Parnas ដែលជាជំនួយការរបស់លោក Giuliani។ លោក Parnas គឺជាជនជាតិអាមេរិកាំងដើមកំណើតអ៊ុយក្រែន ដែលត្រូវបានចោទប្រកាន់ជាផ្លូវការពីបទបំពានការចាត់ចែងថវិកាយុទ្ធនាការឃោសនាបោះឆ្នោត។ លោក Parnas ត្រូវបានគេចោទប្រកាន់ថា បានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក Giuliani ក្នុងការជីកកកាយរកព័ត៌មានបង្ខូចឈ្មោះក្រុមគ្រួសាររបស់លោក Biden។ លោក Parnas មិនព្រមទទួលកំហុសចំពោះការចោទប្រកាន់អំពីបញ្ហាហិរញ្ញវត្ថុនោះទេ។
ការសន្ទនាតាមទូរស័ព្ទទាំងនោះបានបង្កឲ្យមានការសង្ស័យក្នុងចំណោមសមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យដែលថា លោក Nunes គឺជាអ្នកធ្វើការនៅពីក្រោយ ដើម្បីជួយដល់លោកប្រធានាធិបតី ត្រាំ។
លោក Nunes៖ ការហៅទូរសព្ទនោះមិនមានអ្វីគួរឲ្យសង្ស័យទេ
លោក Nunes បានប្រាប់លោក Sean Hannity ដែលជាអ្នកសម្របសម្រួលរបស់ទូរទស្សន៍ Fox News កាលពីថ្ងៃទី៣ ខែធ្នូ កន្លងទៅនេះ ថា ការណ៍ដែលលោកសន្ទនាតាមទូរស័ព្ទជាមួយនឹងលោក Giuliani ដែលលោកធ្លាប់ស្គាល់ពីមុនមក មិនគួរត្រូវបានចាត់ទុកថាជារឿងគួរឲ្យសង្ស័យនោះទេ ហើយការសន្ទនាទាំងនោះគឺផ្ដោតខ្លាំងជាងទៅលើលោក Robert Mueller អតីតរដ្ឋអាជ្ញាពិសេស និងរបាយការណ៍របស់លោកស្ដីពីការជ្រៀតជ្រែករបស់រុស្សីទៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០១៦។
នៅពេលសួរអំពីទំនាក់ទំនងរបស់លោកជាមួយនឹងលោក Parnas លោក Nunes បានថ្លែងថា មិនអាចទៅរួចទេដែលលោកនឹងទទួលទូរស័ព្ទពីអ្នកណាដែលលោកមិនធ្លាប់ស្គាល់នោះ។
លោក Nunes បានថ្លែងប្រាប់ទូរទស្សន៍ Fox News យ៉ាងដូច្នេះថា៖ «ខ្ញុំមិនទាន់បានពិនិត្យមើលកំណត់ត្រាហៅនិងទទួលទូរស័ព្ទរបស់ខ្ញុំនៅឡើយទេ។ ខ្ញុំពិតជាមិនចាំឈ្មោះនេះទេ។ ខ្ញុំចាំឈ្មោះនេះ ដោយសារតែលោកត្រូវបានគេចោទប្រកាន់ជាផ្លូវការ»។
យោងតាមកំណត់ត្រាហៅនិងទទួលទូរស័ព្ទនៅក្នុងរបាយការណ៍ស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែង លោក Nunes បាននិយាយទូរស័ព្ទជាមួយនឹងលោក Parnas យ៉ាងហោចណាស់ចំនួនបួនដងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ដោយរួមមានទាំងការសន្ទនាមួយដែលមានរយៈពេល៨នាទីផងដែរ។
លោក Parnas បានចោទប្រកាន់តាមរយៈមេធាវីរបស់លោកថា លោក Nunes បានប្រើប្រាស់ថវិកាបង់ពន្ធរបស់ពលរដ្ឋអាមេរិកាំង សម្រាប់ធ្វើទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុង Vienna កាលពីឆ្នាំ២០១៨ ដើម្បីជួបជាមួយនឹងអតីតអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក Viktor Shokin។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់បណ្ដាញសារព័ត៌មាន CNN។ មេធាវីរបស់លោក Parnas ក៏បាននិយាយថា កូនក្ដីរបស់លោកមានឆន្ទៈនឹងផ្ដល់សក្ខីកម្មថា លោកបានជួបជាមួយនឹងជំនួយការរបស់លោក Nunes និងលោក Giuliani ដើម្បីពិភាក្សាអំពីលោក Biden។
លោក Nunes បានហៅការចោទប្រកាន់នេះថា«ជារឿងប្រឌិត»។ លោកក៏បានដាក់ពាក្យបណ្ដឹងប្ដឹងបណ្ដាញសារព័ត៌មាន CNN ផងដែរ ចំពោះសេចក្ដីរាយការណ៍របស់បណ្ដាញសារព័ត៌មាននេះទៅលើការសន្ទនារបស់លោកជាមួយនឹងលោក Parnas និងបានគំរាមប្ដឹងគេហទំព័រផ្សាយព័ត៌មាន The Daily Beast ចំពោះករណីស្រដៀងគ្នានេះដែរ។
លោក Todd Belt ជាសាស្ត្រាចារ្យនិងជានាយកកម្មវិធីគ្រប់គ្រងនយោបាយនៃសាលាគ្រប់គ្រងនយោបាយរបស់សាកលវិទ្យាល័យ George Washington បាននិយាយថា៖ «វាគឺជារឿងធម្មតា ដែលសមាជិករដ្ឋសភាទាក់ទងជាមួយនឹងបុគ្គលដទៃនៅបរទេស»។
សមាជិករដ្ឋសភាជាញឹកញយរៀបចំដំណើរទស្សនកិច្ចផ្លូវការនានាតាមរយៈក្រសួងការបរទេស ដើម្បីស្វែងយល់បន្ថែមទៀតអំពីប្រទេសនានាដែលទទួលបានជំនួយពីសហរដ្ឋអាមេរិក។
ប៉ុន្តែលោក Belt បាននិយាយបន្ថែមទៀតថា៖ «ប៉ុន្តែការងារក្រៅផ្លូវការរបៀបនេះគឺមិនធម្មតានោះទេ»៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា