លោក Trump និង​លោកស្រី​ Clinton ឆ្លើយឆ្លង​ដាក់​គ្នា​ជុំវិញ​បញ្ហា​សន្តិសុខ​ជាតិ

លោក Donald Trump ថ្លែង​នៅ​ក្នុង​កម្មវិធី «ថ្ងៃ​នេះ» ជាមួយ​នឹង​លោក Matt Lauer នៅ​ក្នុង​វេទិកា​មេបញ្ជការ​របស់​ទូរទស្សន៍ NBC ដែល​ធ្វើ​ឡើង​នៅ​សារមន្ទីរ Intrepid Sea, Air and Space ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦។

បេក្ខជន​ប្រធានាធិបតី​អាមេរិក​នាំ​មុខ​គឺ​លោក​ Donald Trump នៃ​គណបក្ស​សាធារណរដ្ឋ​ និង​លោកស្រី​ Hillary Clinton នៃ​គណបក្ស​ប្រជាធិបតេយ្យ​ កំពុង​ប្រើ​ពាក្យ​បន្ទោសដាក់​គ្នា​ជុំវិញ​បញ្ហា​សន្តិសុខ​ជាតិ​ ហើយ​និង​ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​ដឹក​នាំ​ប្រទេស​បន្ទាប់។​

លោក​ Trump​ បាន​ប្រកាស​នៅ​លើ​គេហទំព័រ​យុទ្ធនាការ​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​ មុន​នឹង​លោក​ថ្លែង​សុន្ទរកថា​ដើម្បី​លើក​ឡើង​ពី​គម្រោង​របស់​លោក​ក្នុង​ការ​បន្ថែម​ឃ្លាំង​អាវុធ​សម្រាប់​កងទ័ព​ជើង​ទឹក កង​នាវា​ និង​កង​ពល​សម្រាប់​ប្រយុទ្ធ​របស់​អាមេរិក​នោះ​ថា​៖ «ខ្ញុំ​នឹង​ធ្វើ​ឲ្យ​យោធា​របស់​យើង​មាន​ទំហំ​ធំ​ខ្លាំង​ មាន​អំណាច​ខ្លាំង​ រឹងមាំ​ខ្លាំង​ ដែល​គ្មាន​នរណា​ម្នាក់​អាច​ប្រឆាំង​នឹង​យើង​បាន‍»។​

នៅ​ក្នុង​សុន្ទរកថា​នោះ​ លោក​ Trump​ បាន​និយាយ​បន្តុះ​បង្អាប់​លោក​ស្រី​ Clinton ដោយ​ថ្លែង​ថា​ សកម្មភាព​របស់​លោកស្រី​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​កាបរទេស​អាមេរិក​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣​ បាន​បង្ក​ឲ្យ​តំបន់​មជ្ឈឹម​បូព៌ា​មាន​ភាព​ច្របូក​ច្របល់​ជាង​ពេល​ណាៗ​ទាំង​អស់‍»។​ លោក​ថ្លែង​ថា​ ប្រសិន​បើ​លោក​ក្លាយ​ជា​ប្រធានាធិបតី​ លោក​នឹង​ឲ្យ​មេបញ្ជាការ​យោធា​អាមេរិក​រយៈ​ពេល​៣០​ថ្ងៃ​ ដើម្បី​រៀបចំ​គម្រោង​ដើម្បី​ប្រឆាំង​នឹង​ក្រុម​ភេរករ​រដ្ឋ​ឥស្លាម​នៅ​ក្នុង​មជ្ឈឹម​បូព៌ា។​

លោក​ Trump​ បាន​បន្ថែម​ថា៖ «លោកស្រី​ Clinton ជា​មនុស្ស​មិន​ប្រយ័ត្ន​ប្រយែង‍»​ ហើយ​លោក​បាន​ថ្កោល​ទោស​លោកស្រី​ដែល​បាន​ប្រើ​ប្រាស់​បណ្តាញ​អ៊ីម៉ែល​ឯកជន​ ក្នុង​ខណៈ​ពេល​ដែល​លោកស្រី​ធ្វើ​ជា​មន្ត្រី​ការទូត​កំពូល​របស់​ប្រទេស​ ជា​ជាង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីម៉ែល​ដែល​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល‍។​ ហើយ​លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «លោកស្រី​ Clinton មិន​សាកសម​ធ្វើ​ជា​មេដឹកនាំ​ប្រទេស​ទាល់​តែ​សោះ‍»។​

ក្រុម​ស៊ើប​អង្កេត​របស់​អាមេរិក​បាន​ថ្លែង​ថា​ លោក​ស្រី​ Clinton មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​ទាល់​តែ​សោះ​ ក្នុង​ការ​ការពារ​សន្តិសុខ​ជាតិ។​ លោកស្រី​ជា​ញឹក​ញាប់​បាន​ថ្លែង​ថា​ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីម៉ែល​ឯកជន​របស់​លោកស្រី​គឺ​ជា​កំហុស​មួយ​ ប៉ុន្តែ​តាម​ការ​ស្ទង់​មតិ​នយោបាយ​បាន​បង្ហាញ​ថា​ ក្រុម​អ្នក​បោះឆ្នោត​ជា​ច្រើន​មាន​មន្ទិល​សង្ស័យ​ជុំវិញ​ការ​ពន្យល់​របស់​លោកស្រី​ទៅ​លើ​រឿង​នេះ​ ដោយ​ពួក​គេ​មាន​ចម្ងល់​ជុំវិញ​ភាព​ស្មោះ​ត្រង់​របស់​លោក​ស្រី៕