លោកប្រធានាធិបតីអាមេរិក Donald Trump បានយកគុណសម្បត្តិកាលពីថ្ងៃអង្គារ ចំពោះការជំរុញឲ្យបណ្តាប្រទេសអារ៉ាប់កាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងប្រទេសកាតា ជុំវិញការចោទប្រកាន់រដ្ឋាភិបាលក្រុង ដូហា ថាគាំទ្រអំពើភេរវកម្ម។
លោក Trump បានថ្លែងនៅក្នុងប្រអប់បញ្ចេញមតិមួយចំនួនលើបណ្តាញសង្គម Twitter ថា មេដឹកនាំបណ្តាប្រទេសកាន់សាសនាឥស្លាម ដែលលោកបានជួប ក្នុងទស្សនកិច្ចកាលពីពេលថ្មីៗនេះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត បានចោទប្រទេសកាតា ថាជាប្រភពផ្តល់ថវិកាផ្គត់ផ្គង់ដល់អំពើភេរវកម្ម។
មេដឹកនាំអាមេរិករូបនេះបានមានប្រសាសន៍ថា «ពិតជាល្អខ្លាំងណាស់ ដែលមើលឃើញថា កិច្ចពិភាក្សារបស់លោកជាមួយស្តេច Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត និងមេដឹកនាំប្រទេសកាន់សាសនាឥស្លាមទាំង៥០ អំពាវនាវឲ្យបង្រួបបង្រួមគ្នាដើម្បីប្រឆាំងនឹងអំពើភេរវកម្ម ពិតជាបានលទ្ធផលមែន។ ពួកគេនិយាយថា ពួកគេនឹងចាត់វិធានធ្ងន់ៗទៅលើការផ្តល់ថវិកាផ្គត់ផ្គង់អំពើភេរវកម្ម ហើយឯកសារយោងទាំងអស់បង្ហាញថា គឺប្រទេសកាតាជាអ្នកនៅពីក្រោយ។ ប្រហែលនេះគឺជាចំណុចចាប់ផ្តើមក្នុងការបញ្ចប់អំពើភេរវកម្មដ៏រន្ធត់ហើយ»។
លោក Trump បានលើកឡើងដូច្នេះ មួយថ្ងៃ បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប បារ៉ែន អេមីរ៉ាតអារ៉ាប់រួម យេម៉ែន និងម៉ាល់ឌីវ កាត់ផ្តាច់ចំណងការទូតជាមួយនឹងប្រទេសកាតា ដោយចោទប្រទេសនេះថាគាំទ្រអំពើភេរវកម្ម ដែលរដ្ឋាភិបាលក្រុង ដូហា បដិសេធចំពោះការចោទប្រកាន់នេះ៕