ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចុះផ្សាយនៅលើ Twitter នៅព្រឹកថ្ងៃសុក្រនេះថា «ខ្ញុំទើបតែបញ្ចប់ការសន្ទនាយ៉ាងល្អជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ យើងបានពិភាក្សាគ្នាដ៏លម្អិតពីមេរោគកូរ៉ូណាដែលកំពុងរាតត្បាតផ្នែកធំៗរបស់ផែនដីយើង។ ចិន បានជួបប្រទះយ៉ាងច្រើននិងបានយល់ដឹងយ៉ាងខ្លាំងពីមេរោគនេះ។ យើង នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា។ ដោយការគោរពគ្នាបំផុត»។
ពាក្យសម្តីក្នុង Twitter នេះ មានភាពខុសគ្នាពីកំណត់សម្គាល់ដោយការបន្តុះបង្អាប់កាលពីពេលថ្មីៗនេះរបស់លោកប្រធានាធិបតីអំពីប្រទេសចិននៅក្នុងសន្និសីទកាសែតដែលលោកប្រធានាធិបតី ជារឿយៗ បានហៅមេរោគនោះថាជា«វីរុសចិន»។ សហរដ្ឋអាមេរិក ឥឡូវនេះ មានចំនួនករណីឆ្លងមេរោគកូរ៉ូណាច្រើនជាងគេនៅក្នុងពិភពលោក ហើយសភាអាមេរិក ជិតចាត់វិធានការបញ្ចេញប្រាក់ជំនួយសេដ្ឋកិច្ចសម្រាប់ការផ្ទុះឡើងនូវមេរោគនេះហើយ។
រហូតមកដល់យប់ថ្ងៃព្រហស្បតិ៍ ការកត់ត្រាដោយមជ្ឈមណ្ឌលសុខាភិបាលរបស់សាកលវិទ្យាល័យ Johns Hopkins រកឃើញជាង៨ម៉ឺន៥ពាន់ករណីនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់មកចិនមានជាង៨ម៉ឺន១ពាន់ករណី និងអ៊ីតាលី ប្រហែល៨ម៉ឺន៥រយករណី។
រដ្ឋញូយ៉ក ជាកន្លែងផ្ទុះដ៏ខ្លាំងជាងគេនៅក្នុងសហរដ្ឋអាមេរិកដោយទីក្រុងញូវយ៉ក ជាចំណុចក្តៅ។មានជាង២ម៉ឺន១ពាន់ករណីនៅក្នុងទីក្រុងដ៏ធំបង្អស់របស់អាមេរិកនេះ ដោយពួកមន្រ្តី និយាយថា ចំនួនឆ្លង កើនឡើងយ៉ាងហោចណាស់៣ពាន់ករណីក្នុងមួយថ្ងៃ។
នៅថ្ងៃសុក្រនេះ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក មានគម្រោងអនុម័តកម្មវិធីជួយ សេដ្ឋកិច្ចដែលមានទឹកប្រាក់២លានលានដុល្លារដែលព្រឹទ្ធសភាបានអនុម័តកាលពីយប់ថ្ងៃពុធ ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា លោក នឹងចុះហត្ថលេខាលើកម្មវិធីជួយសេដ្ឋកិច្ចនោះ។
សេចក្តីព្រាងច្បាប់នោះ នឹងផ្តល់ប្រាក់ដោយផ្ទាល់ទៅឲ្យបុគ្គលដែលបានបាត់ការងារហើយពាណិជ្ជកម្មរបស់ពួកគេបានត្រូវបង្ខំបិទទ្វារពីព្រោះតែការផ្ទុះឡើងនូវមេរោគកូរ៉ូណានេះ៕