ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំនិងលោក Liu He ឧបនាយករដ្ឋមន្រ្តីចិន បានបង្ហាញភាពសុទិដ្ឋិនិយមថា ប្រទេសទាំង២ នឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយហើយនឹងបន្ធូរបន្ថយជម្លោះរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបង្អស់២របស់ពិភពលោក នៅពេលដែលភាគីទាំង២បានព្រមព្រៀងគ្នាបន្តការចរចារបស់ខ្លួនសម្រាប់រយៈពេល២ថ្ងៃទៀត។
លោកប្រធានាធិបតីត្រាំ បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រនៅសេតវិមានថា៖ «ខ្ញុំនឹងនិយាយថាកិច្ចព្រមព្រៀងនឹងកើតមានឡើង»។
ថ្លែងតាមអ្នកបកប្រែ លោក Liu អ្នកចរចាពាណិជ្ជកម្មកំពូលរបស់ចិន បាននិយាយថា៖ «យើងជឿជាក់ថា កិច្ចព្រមព្រៀងទំនងនឹងកើតមានឡើង។ ហើយយើងសង្ឃឹមថានៅទីបំផុតយើង នឹងមានកិច្ចព្រមព្រៀងមួយ»។
លោក Liu បានទទួលការអនុញ្ញាតពីប្រធានាធិបតីចិន ស៊ី ជីនពីង ឲ្យធ្វើការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។
លោកប្រធានាធិបតីត្រាំ បានមានប្រសាសន៍ទៀតថា៖ «ពួកគេមានឆន្ទៈស្នាក់នៅបន្តទៀតដើម្បីបង្កើនពេលវេលា។ ខ្ញុំគិតថាមានឱកាសដ៏ល្អមួយថា កិច្ចព្រមព្រៀងនឹងកើតមានឡើង»។
លោក Steve Mnuchin រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការចរចាបានត្រូវបន្តរហូតដល់ថ្ងៃអាទិត្យ។
លោកប្រធានាធិបតីត្រាំ ហាក់ដូចជាដកចោលនូវការគំរាមកំហែងរបស់លោកដើម្បីបង្កើនពន្ធគយទ្វេដងលើទំនិញដែលមានតម្លៃជាង២រយពាន់លានដុល្លារ ប្រសិនបើ មិនមានការព្រមព្រៀង ត្រូវបានសម្រេចនៅថ្ងៃទី១ ខែមីនាទេនោះ៕