ប្រធានា​ធិបតី​អាមេរិក​ថា ​ចិន​ប្រហែល​មានការ​ស្តាយ​ក្រោយ​ចង់​ត្រឡប់​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ចាស់​វិញ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ដូណាល់ ត្រាំ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​មុន​នឹង​ឡើង​យន្តហោះ Marine One កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៩ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

ប្រធានា​ធិបតីអាមេរិក​លោក​ ដូណាល់ ​ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថាលោក​នៅ​តែ​ជឿ​ជាក់​ថា ចិន «នឹងចង់​ធ្វើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ថ្មី​មួយ​ជាមួយ​សហរដ្ឋ​អាមេរិកហើយប្រហែល​ឥឡូវ​នេះ​ស្តាយក្រោយ​ដោយ​ចង់​វិលត្រឡប់មក​កាន់កិច្ច​ព្រម​ព្រៀង​ខ្លះ​ ដែលក្រុម​អ្នក​ចរចា​សម្រាប់​ប្រទេស​២​បានធ្វើ​កាល​ពីពេល​មុន»។

ប្រធានា​ធិបតី ​ត្រាំ ​បាន​និយាយ​នៅឯ​សេតវិមាន​ថា «​យើង​មាន​កិច្ច​ព្រមព្រៀង​មុន ​ហើយចិន មិន​បាន​គោរព​កិច្ច​ព្រម​ព្រៀង​នោះ។​ ខ្ញុំ​គិតថា ​ប្រសិនបើពួកគេត្រូវ​ធ្វើ​វា​ម្តង​ទៀត ​ពួក​គេ​នឹង​មិន​បាន​ធ្វើអ្វី​ដែល​ពួកគេ​ចង់​បាន​នោះទេ»។

​ប្រធានា​ធិ​បតី​ ត្រាំ ​បាន​ពោលអះអាង​ថា ​ពន្ធគយ​ដែលលោក​បានយក​លើ​ទំនិញ​នាំ​ចូល​របស់​ចិន​ដែល​មាន​តម្លៃ​រាប់រយ​ពាន់​លាន​ដុល្លារ​បាន​បណ្តាល​ឲ្យរោង​ចក្រ​ខ្លះ​នៅ​ក្នុង​ប្រទេស​ចិន​រើ​ការ​ផលិត​របស់ពួកគេ​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត។

លោក​ប្រធានា​ធិបតី​ ត្រាំ និយាយ​ថា «ខ្ញុំ​គិតថា ​យើងកំពុង​ធ្វើ​កិច្ចការ​បាន​ល្អ​ណាស់»។ លោក​បាន​និយាយទៀត​ថា ពន្ធគយ​មាន​ផល​ប៉ះ​ពាល់​តិច​តួច​ដល់​អតិផរណា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ការចរចា​ពាណិជ្ជកម្ម​រវាង​ក្រុម​មន្រ្តី​របស់​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំបង្អស់​២​របស់​ពិភពលោក​បាន​បញ្ឈប់​ភ្លាម​ៗ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ក៏ប៉ុន្តែ លោក Steven Mnuchin រដ្ឋ​មន្រ្តី​ក្រសួងរតនាគារ​សហរដ្ឋ​អាមេរិក និយាយថា ​លោក ​ដូចជា​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដើម្បី​បន្តការ​ចរចា។ ​

ខណៈ​នោះ​ដែរ លោក Zhang Hanhui អនុរដ្ឋ​មន្ត្រីការបរទេស​ចិន ​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ពី​ការ​ធ្វើ​ភេរវកម្ម​សេដ្ឋ​កិច្ច​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម។​ លោកបាន​ធ្វើ​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ​ក្នុង​អំឡុង​សន្និសីទ​កាសែត​ស្តីពី​ដំណើរ​បំពេញ​ទស្សនកិច្ចផ្លូវការ​របស់​ប្រធានា​ធិបតី​ចិន​ ស៊ី ​ជីន​ពីង ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​នៅ​សប្តាហ៍​ក្រោយ៕