ដោយលើកឡើងអំពីការបារម្ភអំពីសុវត្តិភាព លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បានប្រកាសថា លោកលុបចោលសមាជគណបក្សសាធារណរដ្ឋ នៅខែក្រោយក្នុងរដ្ឋរដ្ឋហ្លូរីដា ដែលជាកន្លែងឆ្លងរាលដាលវីរ៉ុសកូរ៉ូណាយ៉ាងខ្លាំងមួយ។
ដោយសារការកើនឡើងនៃករណីវីរុសនេះយ៉ាងឆាប់រហ័សក្នុងរដ្ឋហ្លូរីដា «ឥឡូវនេះមិនមែនជាពេលវេលាត្រឹមត្រូវដើម្បីធ្វើសមាជជាតិយ៉ាងធំមួយទេ»។ លោក ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានយ៉ាងដូច្នេះក្នុងបន្ទប់ធ្វើសន្និសីទកាសែតសេតវិមាន កាលពីថ្ងៃព្រហស្សតិ៍។
លោកបន្តទៀតថា «ខ្ញុំត្រូវតែការពារពលរដ្ឋអាមេរិកាំង។ នេះជាអ្វីដែលខ្ញុំតែងតែធ្វើកន្លងមក។ នេះជាអ្វីដែលខ្ញុំនឹងតែងតែធ្វើទៀត។ ខ្ញុំគឺតែងតែធ្វើដូច្នេះ»។
ប្រតិភូចំនួនប្រមាណ ៣៣០នាក់ នឹងនៅតែជួបប្រជុំក្នុងទីក្រុង Charlotte រដ្ឋ North Carolina ដើម្បីធ្វើការតែងតាំងលោក ត្រាំ ជាបេក្ខជននៃគណបក្សសាធារណរដ្ឋ សម្រាប់តំណែងប្រធានាធិបតី ជាផ្លូវការ។
លោក ត្រាំ បានថ្លែងថា លោកមិនទាន់សម្រេចថា តើលោកនឹងថ្លែងសុន្ទរកថាទទួលការតែងតាំងលោកនៅទីណាទេ។ ដើមដំបូងលោកគ្រោងធ្វើសុន្ទរកថានេះ នៅក្នុងទីក្រុង Jacksonville រដ្ឋ Florida នៅថ្ងៃទី២៧ សីហា។ ឥឡូវលោកថ្លែងថា កម្មវិធីផ្សេងទៀត នឹងធ្វើតាមការផ្សាយទូរទស្សន៍វិញ៕