ជម្លោះអស់ពេលមួយសប្តាហ៏របស់លោក Donald Trump ជាមួយលោក Khizr និង លោកស្រី Ghazala Khan ដែលជាឪពុកម្តាយរបស់ទាហានអាមេរិកាំងម្នាក់ ដែលបានស្លាប់ក្នុងប្រទេសអ៊ីរ៉ាក់នោះ បាននាំឲ្យសមាជិកគណបក្សសាធារណរដ្ឋឯទៀតរិះគន់លោកជាសាធារណៈកាន់តែច្រើនឡើងៗ។
អ្នកស្រី Meg Whitman អគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីឈ្មោះម្នាក់ ដែលបានឈរឈ្មោះជាបេក្ខជនអភិបាលរដ្ឋ California មិនបានសម្រេចកាលពី ឆ្នាំ២០១០ បានប្រាប់កាសែត the New York Times កាលពីថ្ងៃអង្គារថា លោកស្រីនឹងគាំទ្រ ព្រមទាំងនឹងជួយរៃអង្គាសប្រាក់ជូនលោកស្រី Hillary Clinton ដែលជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ដោយបានហៅលោក Trump ថាជាមនុស្សមិនស្មោះត្រង់ម្នាក់។ ហើយតំណាងរាស្ត្រសរអា លោក Richard Hanna នៃរដ្ឋ New York បានក្លាយខ្លួនជាសមាជិកសភានៃគណបក្សសាធារណរដ្ឋដែលកំពុងកាន់តំណែងទី១ ដែលគាំទ្រលោកស្រី Clinton ហើយបាននិយាយថា លោកធ្វើដូច្នេះដោយសារអត្ថាធិប្បាយរបស់លោក Donald Trump អំពីគ្រួសារលោក Khan ។
ការផ្តល់ការគាំទ្រលោកស្រី Clinton ទាំងនេះ បានកើតឡើង ប៉ុន្មានម៉ោងក្រោយពីលោកប្រធានាធិបតី អូបាម៉ា បានចាត់វិធានការដែលមិនដែលមានពីមុនមក ក្នុងនាមជាប្រធានាធិបតីកំពុងកាន់តំណែង ក្នុងការរិះគន់បេក្ខជនប្រធានាធិបតីម្នាក់ នៅពេលដែលលោកបានហៅលោក Trump ថាមិនសាកសមធ្វើជាអគ្គបញ្ជាការរបស់ប្រទេសជាតិ៕