លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានអំពាវនាវឲ្យព្រឹទ្ធសភាគាំទ្រសំណើច្បាប់អន្តោប្រវេសន៍ ដែលគាំទ្រដោយសមាជិកសភាខាងគណបក្សសាធារណរដ្ឋលោក Charles Grassley ដោយលោកបាននិយាយថាសំណើនេះនឹងជួយដល់ «គោលដៅទាំង៤ចំណុច» របស់លោក Trump នៅក្នុងផែនការកំណែទម្រង់ច្បាប់អន្តោប្រវេសន៍។
ច្បាប់នេះនឹងសម្រេចជោគវាសនារបស់ជនអន្តប្រវេសន៍ចំនួន១លាន៨សែននាក់ដែលចូលមកក្នុងសហរដ្ឋអាមេរិកខុសច្បាប់តាំងពីនៅវ័យក្មេងឲ្យមានឱកាសទទួលបានសញ្ជាតិអាមេរិកាំង។ ទន្ទឹមនឹងនេះដែរថវិការចំនួន២៥ពាន់លានដុល្លារនឹងទុកសម្រាប់សង់ជញ្ជាំងនៅតាមព្រំដែន កាត់បន្ថយចំនួនជនអន្តោប្រវេសន៍ស្របច្បាប់ចូលក្នុងសហរដ្ឋអាមេរិក និងលុបបំបាត់កម្មវិធីឆ្នោតផ្សងសំណាងមករស់នៅក្នុងសហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមានកាលពីថ្ងៃពុធ លោក Trump បានជំរុញឲ្យសមាជិកព្រឹទ្ធសភាបដិសេធទៅលើដំណោះស្រាយបណ្តោះអាសន្ន និងអនុម័តទៅលើការទទួលខុសត្រូវ និងកំណែទម្រង់ច្បាប់អន្តោប្រវេសន៍សមស្របមួយ ដែលពលរដ្ឋអាមេរិកាំងអាចទទួលយកបាន។
ព្រឹទ្ធសភាបានបើកកិច្ចពិភាក្សាកាលពីថ្ងៃចន្ទ និងអាចបោះឆ្នោតទៅលើសំណើទាំងនេះនៅថ្ងៃពុធ។ លោក Mitch McConnell មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអង្គារកន្លងទៅ បានបង្ហាញពីការគាំទ្ររបស់លោកឲ្យអនុម័តសំណើច្បាប់អន្តោប្រវេសន៍នេះនៅត្រឹមចុងសប្តាហ៍នេះ និងបានចោទប្រកាន់សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យពីការព្យាយាមពន្យាពេលមិនចប់មិនចេះហើយ។
លោក Charles Schumer មេដឹកនាំសំឡេងភាគតិចខាងគណបក្សប្រជាធិបតេយ្យបានប្រឆាំងជំទាស់នៅពេលដែលលោក McConnell ចាប់ផ្តើមពិភាក្សាអំពីសំណើច្បាប់ដែលវាយប្រហារទៅលើទីក្រុងនានាដែលបើកឲ្យពួកអន្តោប្រវេសន៍មករស់នៅ និងមិនសហការជាមួយនឹងអាជ្ញាធរសហព័ន្ធ ក្នុងការស្វែងរកអត្តសញ្ញាណ និងចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះឲ្យទៅអាជ្ញាធរ៕