លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនិយាយថា លោកបានលុបចោលជំនួបកំពូលរបស់លោកនៅថ្ងៃទី១២ ខែមិថុនានៅក្នុងប្រទេសសិង្ហបូរីជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយបានស្តីបន្ទោសសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
លោកប្រធានាធិបតីត្រាំបាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីពេលថ្ងៃត្រង់នៅក្នុងបន្ទប់ Roosevelt នៅសេតវិមានមុនពេលចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយដែលមិនពាក់ព័ន្ធនឹងកូរ៉េខាងជើងថា «ខ្ញុំជឿជាក់ថា នេះជាការដើរថយក្រោយមួយសម្រាប់កូរ៉េខាងជើង ហើយជាការពិតនេះជាការដើរថយក្រោយមួយសម្រាប់ពិភពលោក»។
លោកប្រធានាធិបតីត្រាំក៏បានព្រមានដែរថា កម្លាំងយោធារបស់សហរដ្ឋអាមេរិកបានប្រុងប្រៀបខ្លួនជាងពេលណាៗទាំងអស់ រួមជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូងនិងជប៉ុន បើកូរ៉េខាងជើងធ្វើសកម្មភាពឆ្កួតលីលានោះ។
លោកប្រធានាធិបតីត្រាំបានសម្តែងនូវក្តីសង្ឃឹមថា មេដឹកនាំក្រុងព្យូងយ៉ាងនឹងចូលរួមសហគមន៍ពិភពលោក។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ សេតវិមានបានចេញលិខិតមួយច្បាប់ដែលលោកត្រាំបានផ្ញើរទៅឲ្យគីមថា «ខ្ញុំរំពឹងយ៉ាងខ្លាំងថា នឹងស្ថិតនៅទីនោះជាមួយលោក។ តែជាអកុសល ដោយផ្អែកលើការខឹងសម្បាយ៉ាងខ្លាំងនិងការបើកចំហនូវអរិភាពដែលបានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះ ខ្ញុំគិតថាវាមិនមែនជាពេលវេលាត្រឹមត្រូវដើម្បីឲ្យមានជំនួបដែលបានគ្រោងធ្វើជាយូរយារណាស់ហើយនោះទេ»។
យោងតាមមន្រ្តីម្នាក់របស់សេតវិមានប្រាប់ឲ្យដឹងថា បញ្ហាចុងក្រោយគឺការប្រ មាថមើលងាយលោកអនុប្រធានាធិបតីអាមេរិក Mike Pence កាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយលោកស្រី Choe Son Hui អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង។លោកស្រីបានហៅលោកអនុប្រធានាធិបតី Penceថា ជាអ្នកនយោបាយទីងមោងហើយបានព្រមានក្នុងវោហាសាស្រ្តមួយពាក់ព័ន្ធនឹងការប្រឈមអាវុធនុយក្លែអ៊ែរជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង៕