លោក Trump អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​អ៊ុយក្រែន​និង​ចិន​ស៊ើបអង្កេត​លោកBiden

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump ថ្លែង​សុន្ទរកថា​នៅ​មជ្ឈមណ្ឌលសិល្បៈ Sharon L. Morse រដ្ឋ Florida កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ២០១៩។

លោកប្រធានាធិបតី​ស.រ.អា. Donald Trump បានសុំ​ដោយបើក​ចំហដល់​រដ្ឋាភិបាល​បរទេស​ឱ្យ​ស៊ើបអង្កេត​គូ​ប្រជែង​ខាង​នយោបាយ​របស់លោក​ហើយ​ការណ៍​នេះ​បង្កើន​សកម្មភាព​ដែល​ជា​ប្រធាន​បទ​នៃការ​ស៊ើបអង្កេត​សម្រាប់ចោទ​ប្រកាន់​លោកប្រធានាធិបតី។

​ឆ្លើយ​នឹង​សំណួរអ្នកកាសែត​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅ​លើ​វាល​ស្មៅខាងត្បូង​ក្នុង​បរិវេណ​សេតវិមាន​ លោក Trump បានត្រូវ​សួរ​អំពី​ការអនុគ្រោះ​ពិត​ប្រាកដ​ដែល​លោក​ចង់​បានពី​ប្រធានាធិបតី​អ៊ុយក្រែន Volodmyr Zelenskiy នៅក្នុង​ការ​ហៅ​ទូរសព្ទ​មួយ​កាលពី​ថ្ងៃ​ទី​២៥ខែ​កក្កដា​ដែល​បាននាំ​ឱ្យមាន​បណ្តឹង​របស់​អ្នកលួចបញ្ចេញ​ការ​សម្ងាត់ម្នាក់។

លោក​ប្រធានាធិបតី​បាននិយាយ​ថា«ខ្ញុំ​ផ្តល់អនុសាសន៍​ឱ្យ​ពួក​គេ​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​អំពីលោក Biden និង​កូន​ប្រុស​លោក»។

កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗនេះ​ លោក​ Trump បាន​វាយ​ប្រហារ​តាម​ពាក្យ​សម្តី​ច្រើន​ដងលើ​លោកអតីត​អនុ​ប្រធានាធិបតី​ Joe Biden ដែល​នៅ​ពេល​នេះ​ជា​បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​គេ​ខាងគណបក្ស​ប្រជាធិបតេយ្យដោយនិយាយ​ថា​លោក Biden បានរំលោភ​អំណាច​ដោយដាក់គំនាបសង្កត់​លើ​ប្រទេសអ៊ុយក្រែន​ឱ្យ​ដក​ថយ​ពីការ​ស៊ើបអង្កេត​ពី​បទ​ព្រហ្មទណ្ឌ​មួយដែល​អាច​ជំពាក់​ទាក់​ទិន​ជាមួយកូន​ប្រុស​លោក Biden ឈ្មោះ​ Hunter ដែលធ្វើការ​ឱ្យ​ក្រុមហ៊ុន​ថាមពលBurisma មានមូល​ដ្ឋាន​នៅក្នុង​ក្រុង Kyiv។​

នៅ​មុនលោក​ឡើងជិះ​ឧទ្ធម្ភាគ​ចក្រ​ Marine One ដើម្បី​ធ្វើដំណើរមួយ​ថ្ងៃ​ទៅ​កាន់រដ្ឋ Florida លោក​ Trump បានចោទប្រកាន់​លោក Biden ថា​បាន​«ឆបោក»​ប្រទេសអ៊ុយក្រែននិង​ប្រទេស​ចិន​ផង​ដែរ។​ លោកប្រធានាធិបតី​បានថ្លែង​ថា«ប្រទេសចិនគួរ​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​មួយ​អំពី​លោក Biden និង​កូន​ប្រុស​លោក»។

លោក Trump បានចោទប្រកាន់​លោក Hunter Biden ថាបានប្រើប្រាស់​ការ​ធ្វើ​ដំណើរ​មួយកាល​ពី​ឆ្នាំ២០១៣ដោយ​ជិះ​យន្តហោះ​ Air Force Two ដើម្បី​រក​ប្រាក់១ពាន់៥រយ​លាន​ដុល្លារ​ពី​ប្រទេស​ចិនសម្រាប់​មូលនិធិ​ភាគហ៊ុនឯកជនមួយ​ដែល​កូនប្រុស​លោក Biden បានបង្កើត។​

ពួក​ប្រជាធិបតេយ្យនិយាយថា​អត្ថាធិប្បាយ​ទាំង​នេះ​របស់លោក​ Trump កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ជា​ឧទាហរណ៍មួយ​ទៀត​ដែលលោក​បាន​ប្រើ​អានុភាព​របស់​តំណែង​ប្រធានាធិបតី​ដើម្បី​ឱ្យ​បានចំណេញ​ខាងនយោបាយ​ផ្ទាល់ខ្លួន។