ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃអាទិត្យថា ការបំផ្លិចបំផ្លាញដែលកើតឡើងដោយសារតែ «ព្រំដែនដែលខូចខាតយ៉ាងធ្ងន់ធ្ងរ» នៅជាប់ប្រទេសម៉ិកស៊ិក គឺមានទំហំធំធេងខ្លាំងណាស់ជាងផលប៉ះពាល់ដែលកើតឡើងដោយសារការបិទរដ្ឋាភិបាលមួយផ្នែករយៈពេលយូរបំផុតដែលមិនធ្លាប់មានពីមុនមកទៅទៀត។ ឥឡូវនេះ ការបិទរដ្ឋាភិបាលអាមេរិកមួយផ្នែកបានឈានដល់ថ្ងៃទី២៣ហើយ។
លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Twitter ថា «ការសាងសង់ជញ្ជាំងនៅព្រំដែនប៉ែកខាងត្បូងនឹងកាត់បន្ថយអត្រាឧក្រិដ្ឋកម្មនៅទូទាំងប្រទេស»។
បុគ្គលិករដ្ឋាភិបាលសហព័ន្ធប្រមាណ៨សែនមិនបានបើកប្រាក់ខែទេកាលពីថ្ងៃ សុក្រ ដោយសារតែការបិទរដ្ឋាភិបាល ដែលបានប៉ះពាល់ដល់ប្រតិបត្តិការរដ្ឋាភិបាលអាមេរិកប្រមាណមួយភាគបួន។
ភាពចម្រូងចម្រាសគ្នានេះកើតឡើងដោយសារតែការទាមទាររបស់លោក ត្រាំ ចំពោះប្រាក់៥ពាន់លានដុល្លារដើម្បីយកទៅសាងសង់ជញ្ជាំងនៅតាមបណ្តោយព្រំដែនជាមួយនឹងប្រទេស ម៉ិកស៊ិក ដែលមានប្រវែង ៣២០០គីឡូម៉ែត្រ ក្នុងគោលបំណងបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ចូលមកអាមេរិក។
នៅមិនទាន់មានចំណាត់ការណាមួយនៅឡើយទេ រហូតទាល់តែសភាប្រជុំឡើងវិញនៅថ្ងៃចន្ទនេះ។
លោក ត្រាំ បាននិយាយថា «ខ្ញុំកំពុងរងចាំនៅក្នុងសេតវិមាន។ សមាជិកខាងគណបក្សប្រជាធិបតេយ្យនៅគ្រប់ទីកន្លែងលើកលែងតែក្នុងរដ្ឋធានី វ៉ាស៊ីនតោន ខណៈដែលមនុស្សម្នារងចាំបើកប្រាក់ខែរបស់ខ្លួន។ ពួកគេកំពុងតែសប្បាយរីករាយ ហើយមិនព្រមនិយាយស្តីអ្វីសោះ»។
នៅពេលថ្មីៗនេះ លោក ត្រាំ បានស្តីបន្ទោសសមាជិកគណបក្សប្រជាធិបតេយ្យចំពោះការបិទរដ្ឋាភិបាលមួយផ្នែកនេះ ប៉ុន្តែមុនពេលការបិទរដ្ឋាភិបាលបានចាប់ផ្តើមកាលពីថ្ងៃទី២២ ខែ ធ្នូ លោកបាននិយាយថា លោកនឹងមានមោទនភាពក្នុងការបិទរដ្ឋាភិបាល៕