​​ប្រធានា​ធិបតី​ត្រាំ​ស្តី​បន្ទោស​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ម្តង​ទៀត​ចំពោះ​ការ​បែក​បាក់​ក្រុម​គ្រួសារ

រូបឯកសារ៖ សមាជិ​សភា​ Joaquin Castro នៃ​គណបក្ស​ប្រជា​ធិបតេយ្យ ថ្លែង​ប្រឆាំង​នឹង​​គោល​នយោបាយ​«មិនអត់​ធ្មត់» ដែល​ធ្វើ​ឲ្យ​មាន​ការ​បំបែក​ក្មេងៗ​ពី​ឪពុក​ម្តាយ​ កាល​ពី​ខែ​ឧសភា ២០១៨​ នៅ​ក្រុង San Anto រដ្ឋតិចសាស។

លោក​ប្រធានា​ធិបតីសហរដ្ឋអាមេរិក ​ដូណាល់ ​ត្រាំ​ បន្ត​ព្យាយាម​ស្តី​បន្ទោស​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​ជាគូ​ប្រជែង​ខាង​នយោបាយ​របស់​លោក​ចំពោះ​សកម្មភាព​ដែល​បំបែក​កូន​ក្មេង​ចេញ​ពី​ឪពុក​ម្តាយ​នៅ​ពេល​ដែល​ក្រុម​គ្រួសារ​បាន​ត្រូវ​ចាប់​ខ្លួន​ដោយ​ការ​ឆ្លង​ព្រំ​ដែន​ម៉ិចស៊ិ​ខុស​ច្បាប់។

លោក​ប្រធានា​ធិបតី​ ត្រាំ ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ម្តង​ទៀត​កាល​ពី​ថ្ងៃ​សុក្រ​ថា «កូន​ក្មេង​ទាំង​នោះ​បាន​ត្រូវ​បាន​ថែទាំ​យ៉ាង​ឆាប់​រហ័ស​និង​ជា​បន្ទាន់។គ​ណ​បក្ស​ប្រជា​ធិបតេយ្យ​បាន​បង្ខំ​ច្បាប់​នោះ​មកគៀប​សង្កត់​ប្រទេស​យើង។ ខ្ញុំ​ស្អប់​ណាស់។​ ខ្ញុំមិន​ចង់​ឃើញ​ឪពុក​ម្តាយបែក​ពី​កូន​ចៅ​ទេ»។

​ពួក​គណបក្ស​សាធារណរដ្ឋ​មាន​សំឡេង​ភាគ​ច្រើន​ទាំង​នៅ​ក្នុង​សភា​តំណាង​រាស្ត្រ​និង​ព្រឹទ្ធសភា ​ហើយ​មិន​មាន​ច្បាប់​ដែល​តម្រូវ​ឲ្យ​បំបែក​ឪ​ពុក​ម្តាយ​ពី​កូន​ទេ។ វាជា​គោល នយោបាយ​មួយ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋបាល​ត្រាំ។​ កាល​ពី​ខែ​មេសា ​លោកJeff Sessions ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌បាន​ប្រកាសគោល​នយោ​បាយ​មិន​អត់​ឱន​ដល់​ការ​ឆ្លង​កាត់​ព្រំ​ដែន​ខុស​ច្បាប់​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។ ​អត្ថាធិប្បាយ​របស់​ប្រធានា​ធិបតី​ត្រាំ​បាន​កើត​មាន​ឡើង​នៅ​ពេល​សេចក្តី​ព្រាង​ច្បាប់​សម្រប​សម្រួល​មួយ​នៅ​សភា​តំណាង​រាស្រ្ត​បាន​លេច​ធ្លាយ​ទៅ​កាន់​សាធា​រណជន។

សេចក្តី​ព្រាង​ច្បាប់​ដែល​បាន​ធ្វើ​ឡើង​ដោយ​លោក ​Paul Ryan ប្រធាន​សភា​តំណាង​រាស្រ្ត​ចែង​ថា ​កូនក្មេង​ដែល​ឆ្លង​កាត់​ព្រំ​ដែន​ជាមួយ​ឪពុកម្តាយ​អាច​ត្រូវ​បាន​ដោះ​លែង​ឲ្យ​ជួប​ឪពុក​ម្តាយ​វិញ។ ចំពោះ​មនុស្ស​ពេញ​វ័យ​ដែល​ឆ្លង​កាត់​ព្រំដែន​ខុស​ច្បាប់​នឹង​ត្រូវ​ចោទ​ប្រកាន់​ពីការ​រំលោភ​ច្បាប់​ព្រហ្មទណ្ឌ​ដែលមានន័យ​ថា ​ត្រូវ​ដាក់​ក្រុម​គ្រួសារ​ក្នុងមជ្ឈមណ្ឌល​ឃុំឃាំង​ជាមួយ​គ្នា៕