ប្រធានាធិបតីសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋលោក Donald Trump និងគូប្រជែងខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden បានចូលរួមក្នុងការជជែកដេញដោលកាលពីយប់ថ្ងៃព្រហស្បតិ៍ មុនការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៣ ខែវិច្ឆិកា ដោយបានបង្ហាញនូវទស្សនៈផ្ទុយគ្នាយ៉ាងខ្លាំង អំពីការដឹកនាំប្រទេសក្នុងរយៈពេល៤ឆ្នាំខាងមុខ។
ក្នុងការជជែកដេញដោលរយៈពេល៩០នាទី បេក្ខជនទាំង២ បានរិះគន់ជំហររបស់គ្នាទៅវិញទៅមក ស្តីពីការត្រួតត្រាវីរុសកូរ៉ូណា និងការទប់ស្កាត់ការបន្តស្លាប់របស់មនុស្សជាង២សែន ២ម៉ឺន ២ពាន់នាក់ ក្នុងសហរដ្ឋអាមេរិក ដែលជាចំនួនច្រើនជាងគេក្នុងពិភពលោក។ បេក្ខជនទាំង២ បានជជែកអំពីការថែទាំសុខភាព ប្រាក់ឈ្នួលសម្រាប់កម្មករដែលមានប្រាក់ចំណូលទាប អំពើឧក្រិដ្ឋកម្ម ទំនាក់ទំនងជាតិសាសន៍នៅសហរដ្ឋអាមេរិក ការប្រែប្រួលអាកាសធាតុ និងការដឹកនាំនៅក្នុងសេតវិមាន។
នៅទីបញ្ចប់ លោក Trump បានថ្លែងថា លោកសាកសមកាន់ដំណែងជាប្រធានាធិបតីអាណត្តិទី២នៅសេតវិមាន ពីព្រោះតែ«ជោគជ័យនឹងបង្រួបបង្រួមយើងទាំងអស់គ្នា។ យើងមានសេដ្ឋកិច្ចដ៏ល្អបំផុត» មុនការរាតត្បាតវីរុសកូរ៉ូណានៅក្នុងប្រទេសនៅដើមឆ្នាំ២០២០ ហើយថា លោកនឹងស្តារសេដ្ឋកិច្ចសហរដ្ឋអាមេរិកឡើងវិញ។
ក៏ប៉ុន្តែលោកបានអះអាងថា បើលោក Biden ឈ្នះឆ្នោត «យើងនឹងមានការធ្លាក់ចុះសេដ្ឋកិច្ចដែលគេមិនដែលបានធ្លាប់ឃើញ»។
លោក Biden ដែលបានស្ថិតនៅលើឆាកនយោបាយសហរដ្ឋអាមេរិកជិតកន្លះសតវត្សរ៍ជាសមាជិកព្រឹទ្ធសភា និងអនុប្រធានាធិបតីរបស់អតីតប្រធានាធិបតី លោក Barack Obama បានរិះគន់លោកប្រធានាធិបតី Trump ម្តងហើយម្តងទៀតថា ដឹកនាំប្រទេសខុស មិនខ្វល់ខ្វាយនិងភាពច្របូកច្របល់ ហើយលោកសន្យាបង្រួបបង្រួមប្រទេសឡើងវិញ បើសិនជាលោកជាប់ឆ្នោត៕
ថ្វីបើមានការរិះគន់គ្នាខ្លាំងៗទៅវិញទៅមកក៏ដោយ ការជជែកដេញដោលរបស់បេក្ខជនទាំង២ ជាលើកទី២ និងជាលើកចុងក្រោយដែលធ្វើឡើង១២ថ្ងៃទៀតមុនថ្ងៃបោះឆ្នោត មានភាពរម្យទមជាងមុន ហើយមិនមានភាពជូរចត់ដូចការជជែកដេញដោលលើកទី១ នៅពេលដែលបេក្ខជនទាំង២ ប្រឈមមុខគ្នានៅលើឆាកជជែកដេញដោលកាលពីចុងខែកញ្ញាទេ៕