លោក Trump និង​លោក Biden ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​តាម​បណ្ដា​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង

លោក​ប្រធានាធិបតី Donald Trump ថ្លែង​នៅក្នុង​ពេល​ធ្វើ​យុទ្ធនាការ មួយ​នៅ​អាកាសយានដ្ឋាន​ក្នុងទីក្រុង Carson City កាលពី​ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ នៅ​ទីក្រុង Carson City រដ្ឋNevada។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​មួយ​ចំនួន នៅ​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

លោក Trump បាន​ចាប់ផ្តើម​យុទ្ធនាការ​របស់​លោក​នៅ​ក្នុង​រដ្ឋ Nevada ដោយ​ទៅ​វិហារ​គ្រិស្ត​សាសនា មុន​ពេល​ចូលរួម​ក្នុង​ពិធី​រៃ​អង្គាស​ថវិកា និង​ពិធី​ជួបជុំ​ឃោសនា​បោះឆ្នោត​នៅ​ពេល​ល្ងាច​នៅ​ក្នុង​ទីក្រុង Carson City។ រដ្ឋ Nevada ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ ជា​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​មួយ មិន​បាន​គាំទ្រ​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ចាប់តាំង​ពី​ឆ្នាំ ២០០៤ មក។

ការ​ជួបជុំ​នោះ​ បាន​ទាក់​ទាញ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ដែល​អង្គុយ​កៀកៗ​គ្នា ស្រែក​អបអរ​សាទរ​លោក Trump និង​ស្រែក​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​លោក Biden និង​សារព័ត៌មាន។ អ្នក​ចូលរួម​ភាគ​ច្រើន​មិន​ពាក់​ម៉ាស់​ដើម្បី​ការពារ​ជំងឺ​កូវីដ១៩ ទេ ថ្វីបើ​ករណី​ឆ្លង​នៅ​ក្នុង​រដ្ឋ​នោះ​កំពុង​កើនឡើង​ក៏ដោយ។

លោក​ប្រធានាធិបតី Trump បាន​ព្រមាន​ថា ប្រសិនបើ​លោក Biden ឈ្នះ​ការ​បោះឆ្នោត នោះ​នឹង​នាំ​ឲ្យ​មាន​ការ​បិទ​សកម្មភាព​សង្គម​បន្ថែម​ទៀត ហើយ​ពេល​ខ្លះ​លោក​បាន​រិះគន់​លោក Biden ដែល​និយាយ​ថា​ នឹង​ស្តាប់​តាម​ការ​ណែនាំ​របស់​អ្នក​វិទ្យាសាស្ត្រ។

លោក Biden ដែល​ជា​គ្រិស្ត​សាសនិក​និកាយ​កាតូលិក បាន​ចូលរួម​នៅ​ក្នុង​ពិធី​សាសនា​នៅ​ក្នុង​រដ្ឋ Delaware មុន​ពេល​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​រដ្ឋ North Carolina ដែល​នៅ​ទីនោះ គណបក្ស​ប្រជាធិបតេយ្យ​មិន​បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ចាប់តាំង​ពី​សម័យ​លោក Barack Obama នៅ​ឆ្នាំ ២០០៨ មក។

បេក្ខជន​ទាំង​ពីរ ​កំពុង​ព្យាយាម​ទាក់ទាញ​ការ​គាំទ្រ​នៅ​ក្នុង​រដ្ឋ​ទាំង​នោះ​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ឈាន​ឆ្ពោះ​ទៅ​កាន់​ជ័យជម្នះ។

លោក Biden មាន​ប្រៀប​ច្រើន​ជាង​លោក Trump នៅ​ក្នុង​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ ប៉ុន្តែ​សម្រាប់​បណ្តា​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​វិញ លោក​នាំ​មុខ​លោក Trump បន្តិចបន្ដួច​តែ​ប៉ុណ្ណោះ៕