លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានធ្វើយុទ្ធនាការនៅក្នុងស្រុក Broward ដែលជាស្រុកដែលមានមនុស្សរស់នៅច្រើនបំផុតទីពីរក្នុងរដ្ឋ Florida និងជាស្រុកមួយដែលលោក Biden ចាត់ទុកថាសំខាន់ខ្លាំងសម្រាប់ជ័យជម្នះលើការបោះឆ្នោតប្រធានាធិបតីដែលនឹងចូលមកដល់នៅប្រមាណ ៣ សប្ដាហ៍ទៀត។
លោក Biden បានថ្លែងកាលពីរសៀលថ្ងៃអង្គារនៅមជ្ឈមណ្ឌលចាស់ជរាមួយកន្លែងក្នុងទីក្រុង Pembrook Pines ថា ស្រុក Broward គឺជាកន្លែងដែលនឹងកំណត់ [លទ្ធផល] បោះឆ្នោត។
នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦ បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យអ្នកស្រី Hillary Clinton បានយកឈ្នះលើលោក Donald Trump ក្នុងសំឡេង ២ ភាគ ៣នៅក្នុងស្រុកនេះ។ ប៉ុន្តែលោក Trump បានឈ្នះចំនួនសំឡេងឆ្នោតសរុបក្នុងរដ្ឋ Florida នេះ និងទទួលបានសំឡេងឆ្នោតប្រតិភូសរុបទាំង ២៩ របស់រដ្ឋ Florida ដែលជួយឲ្យលោកក្លាយជាប្រធានាធិបតី។
ក្រោយពីបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ Florida កាលពីថ្ងៃច័ន្ទ លោកប្រធានាធិបតី Trump បានធ្វើយុទ្ធនាការកាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងរដ្ឋ Pennsylvania ដែលជារដ្ឋកំណើតរបស់លោក Biden និងជារដ្ឋមួយដែលអ្នកវិភាគនយោបាយចាត់ទុកថាជារដ្ឋសំខាន់មួយទៀត។
នៅក្នុងទីក្រុង Johnstown លោក Trump បានអំពាវនាវទៅកាន់ស្រ្តីរស់នៅតាមតំបន់ជាយក្រុងថា «តើអ្នកនឹងចូលចិត្តខ្ញុំទេ? សូមមេត្តា [ចូលចិត្តខ្ញុំ]។ ខ្ញុំបានជួយសង្គ្រោះតំបន់រស់នៅរបស់អ្នក»។
លោក Trump បានចោទលោក Biden ថាជា «អ្នកបម្រើរបស់ក្រុមសាកលនិយមជ្រុល និងម្ចាស់ជំនួយអ្នកមាន» ដែលអ្នកទាំងនោះបានធ្វើឲ្យបាត់បង់ការងារ បិទរោងចក្រ បើកចំហព្រំដែន និងធ្វើឲ្យហិនហោចដល់ទីក្រុងមួយចំនួនរបស់សហរដ្ឋអាមេរិក»។
លោក Biden បានរិះគន់សារជាថ្មីលើវិធានការរបស់លោក Trump ចំពោះការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ និងបានថ្លែងទៅកាន់មនុស្សវ័យចំណាស់នៅក្នុងរដ្ឋ Florida ថា៖ «មនុស្សវ័យចំណាស់ដែលលោក Donald Trump ខ្វល់ខ្វាយ គឺមានតែលោក Donald Trump ខ្លួនឯងដែលជាមនុស្សវ័យចំណាស់តែប៉ុណ្ណោះ»។
មធ្យមភាគនៃការស្ទង់មតិសំខាន់ៗកាលពីពេលថ្មីៗនេះ បានបង្ហាញថា លោក Biden នាំមុខលោក Trump ទាំងនៅក្នុងរដ្ឋ Florida និងរដ្ឋ Pennsylvania៕