លោក Trump រិះគន់​លើ​ចិន​ដែល​យក​ពន្ធ​គយ​លើ​កសិផល​របស់​សហរដ្ឋ​អាមេរិក

រូបឯកសារ៖ ស្ត្រីម្នាក់រុញរទេះ ដើរ​ក្នុង​ផ្សារ​ទំនើប ដែលមានដាក់លក់​ទំនិញ​នាំចូល​ពីសហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេងៗ​ទៀត ក្នុង​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​​ទី​២ ខែ​មេសា​ ឆ្នាំ​២០១៨។

កាល​ពី​ថ្ងៃ​ទី ២៥ ខែ​កក្កដា​កន្លង​ទៅ​នេះ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ទៅ​លើ​ប្រទេស​ចិន ថា​បាន​យក​ពន្ធ​គយ​ថ្មី​លើ​កសិផល​របស់​សហរដ្ឋ​អាមេរិក ដែល​នេះ​ជា​អ្វី​ដែល​លោក​ហៅ​ថា​ជា​ការ​ប្រឹងប្រែង​មិន​បាន​ជោគជ័យ​មួយ​ ដើម្បី​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​លើ​សហរដ្ឋ​អាមេរិក។

លោក Trump បាន​បញ្ជាក់​នៅ​លើ Twitter ថា៖ «ប្រទេស​ចិន​កំពុង​វាយ​ប្រហារ​លើ​កសិករ​អាមេរិក ដែល​ជា​អ្នក​ដែល​ចិន​ដឹង​ថា​ខ្ញុំ​គោរព​ស្រលាញ់។ រដ្ឋាភិបាល​ចិន​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​ខ្ញុំ​បន្ត​អនុញ្ញាត​ឲ្យ​ពួកគេ​គេង​ចំណេញ​ផល​ប្រយោជន៍​ពី​សហរដ្ឋ​អាមេរិក។ រដ្ឋាភិបាល​ចិន​ឃោរឃៅ​ណាស់​នៅ​ក្នុង​ការ​ប៉ុនប៉ង​ដែល​នឹង​ទទួល​បរាជ័យ​របស់​ពួកគេ​នេះ។ កន្លង​មក សហរដ្ឋ​អាមេរិក​ធ្លាប់​ធ្វើ​ល្អ តែ​ពេល​នេះ​គឺ​មិន​ដូច្នេះ​នោះ​ទេ»។

កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្រកាស​យក​ពន្ធ​គយ​ថ្មី​លើ​កសិផល​ជា​ច្រើន​ប្រភេទ​របស់​សហរដ្ឋ​អាមេរិក ដែល​ក្នុង​នោះ​មាន​ទាំង​សណ្ដែក​សៀង ពោត ស្រូវ​សាឡី កប្បាស អង្ករ គ្រាប់​ធញ្ញជាតិ Sorghum សាច់​គោ សាច់​ជ្រូក បសុបក្សី ត្រី ផលិតផល​ទឹក​ដោះ​គោ គ្រាប់​ធញ្ញជាតិ និង​បន្លែ​ជា​ដើម។

នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ពន្ធ​គយ ដែល​លោក Trump បាន​ធ្វើ​ឡើង​ជាមួយ​នឹង​ប្រទេស​ចិន ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​បើក​ចំហ​ទីផ្សារ​របស់​ខ្លួន​បន្ថែម​ទៀត និង​បញ្ចប់​នូវ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​យល់​ឃើញ​ថា​ជា​លក្ខខណ្ឌ​ស្មុគស្មាញ​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ប្រគល់​ព័ត៌មាន​បច្ចេកវិទ្យា​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន ដើម្បី​អាច​ធ្វើ​អាជីវកម្ម​បាន​នៅ​ក្នុង​ប្រទេស​ចិន។

សហរដ្ឋ​អាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​រ៉ាំរ៉ៃ​ជាមួយ​នឹង​ប្រទេស​ចិន ទោះបីជា​លោក Trump បាន​បំប៉ោង​តួលេខ​ឆ្នាំ ២០១៧ ថា​មាន​ចំនួន ៥១៧០០០ លាន​ដុល្លារ​អាមេរិក​ក៏​ដោយ។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា តាម​ពិត ឱនភាព​ពាណិជ្ជកម្ម​មាន​តែ​ចំនួន ៣៧៥៦០០លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។

ដោយសារ​តែ​ចិន​បាន​យក​ពន្ធ​គយ​ថ្មី​នេះ កសិករ​អាមេរិក​មួយ​ចំនួន បាន​បង្ហាញ​ការ​ស្រងាក​ចិត្ត​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​របស់​ពួកគេ។ ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​គឺ​ជា​អ្នក​គាំទ្រ​លោក Trump ខ្លាំងក្លា​បំផុត នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦។

ដោយសារតែ​ផល​វិបាក​ផ្នែក​ហិរញ្ញវត្ថុ​កសិកម្ម​បាន​កើត​ឡើង​មិន​ដល់ ៤ ខែ​ផង មុន​ពេល​កា​របោះ​ឆ្នោត​សភា​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​ចូល​មក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ រដ្ឋបាល​របស់​លោក Trump បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​កក្កដា​ថា ខ្លួន​នឹង​ផ្ដល់​ជំនួយ​ថវិកា​រហូត​ដល់ ១២ ពាន់​លាន​ដុល្លារ​អាមេរិក ដល់​កសិករ​ណា​ដែល​រងគ្រោះ​ដោយសារ​គោល​នយោបាយ​យក​ពន្ធ​គយ​ថ្មី​របស់​លោក Trump។

កន្លង​មក លោក Trump បាន​និយាយ​ថា ពន្ធ​គយ​ដែល​លោក​បាន​ដាក់​កំហិត​នេះ គឺ​ត្រូវការ​ចាំបាច់​ដើម្បី​បង្ខំ​រដ្ឋាភិបាល​បរទេស​ឲ្យ​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​របស់​ពួកគេ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​មាន​ភាព​ប្រសើរ​ឡើង។

រដ្ឋមន្ត្រី​កសិកម្ម​អាមេរិក​លោក Sonny Perdue បាន​និយាយ​ថា ការ​ផ្ដល់​ថវិកា​ជូន​កសិករ​អាមេរិក​នេះ​គឺ​ជា «ការ​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ដែល​ថា បណ្ដា​ប្រទេស​ផ្សេង​ទៀត​មិន​អាច​សម្លុត​កសិករ​អាមេរិក ​ដើម្បី​បង្ខំ​ឲ្យ​សហរដ្ឋ​អាមេរិក​ចុះញ៉ម​នោះ​ទេ។ រដ្ឋបាល​របស់​លោក Trump នឹង​មិន​នៅ​ស្ងៀម នៅ​ពេល​ដែល​កសិករ​អាមេរិក​ដែល​ប្រឹងប្រែង​ធ្វើ​ការ​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារតែ​ការ​យក​ពន្ធ​គយ​ដែល​មាន​លក្ខណៈ​ប្រឆាំង និង​ខុស​ច្បាប់​នេះ​ទេ»។

មន្ត្រី​សេតវិមាន​បាន​អះអាង​ថា ការ​ដាក់​កំហិត​ពន្ធ​គយ​របស់​សហរដ្ឋ​អាមេរិក​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ចាំបាច់​តិចតួច​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​នឹង​សម្រេច​បាន​នូវ​ផល​ប្រយោជន៍​ធំ​រយៈពេល​វែង​សម្រាប់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ សមាជិក​សភា​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​ទាំង​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​មក​ពី​រដ្ឋ​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ផង​ដែរ បាន​រិះគន់​លើ​គម្រោង​របស់​លោក Trump នៅ​ក្នុង​ការ​ផ្ដល់​ថវិកា​សង​កសិករ​អាមេរិក​ទាំង​នេះ។

លោក Kevin Cramer សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ North Dakota បាន​និយាយ​ថា៖ «កសិករ​របស់​យើង​ចង់​បាន​ការ​ធ្វើ​ពាណិជ្ជកម្ម មិន​មែន​ជំនួយ​នោះ​ទេ»។ រដ្ឋ North Dakota គឺ​ជា​រដ្ឋ​មួយ​ដែល​វិស័យ​កសិកម្ម​តែ​មួយ​គត់​រួម​ចំណែក​ចំនួន ១ ភាគ ៤ នៃ​គ្រឹះ​ចំណូល​របស់​រដ្ឋ​នេះ។

លោក Ben Sasseសមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ Nebraska បាន​និយាយ​ថា៖ «សង្គ្រាម​ពាណិជ្ជកម្ម​នេះ​កំពុង​បង្ក​បញ្ហា​ដល់​កសិករ។ ការ​យក​ពន្ធ​គយ និង​ការ​ផ្ដល់​ជំនួយ​ថវិកា​របស់​រដ្ឋបាល​លោក Trump ដូច​នេះ នឹង​មិន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​អស្ចារ្យ​ម្ដង​ទៀត​នោះ​ទេ។ វិធានការ​ទាំង​នេះ​គឺ​មាន​តែ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្លាក់​ចុះ​ដុនដាប​ខាង​សេដ្ឋកិច្ច​ដូច​កាល​ពី​ឆ្នាំ ១៩២៩ តែ​ប៉ុណ្ណោះ»។

លោក Bob Corker សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Tennessee ដែល​ជា​រដ្ឋ​មួយ​មាន​សណ្ដែក​សៀង​គឺ​ជា​ដំណាំ​នាំ​មុខ បាន​និយាយ​ថា៖ «រដ្ឋាភិបាល​អាមេរិក​មាន​នូវ​គោល​នយោបាយ​ដ៏​អាក្រក់​មួយ​ដែល​បញ្ជូន​កសិករ​ទៅ​កាន់​អាគារ​សម្រាប់​មនុស្ស​អនាថា​រស់នៅ។ ហើយ​បន្ទាប់​មក​នឹង​ផ្គត់ផ្គង់​ពួកគេ។ បន្ទាប់​មក​ទៀត រដ្ឋាភិបាល​អាមេរិក​នឹង​ខ្ចី​លុយ​ពី​ប្រទេស​ផ្សេង​ទៀត។ វា​ពិតជា​ពិបាក​នឹង​ជឿ​មែន​ថា​មក​ទល់​នឹង​ពេល​នេះ​ហើយ នៅតែ​មិន​ទាន់​មាន​ការ​ជំទាស់​ដាច់​អហង្ការ​ណា​មួយ​នៅ​ក្នុង​សភា​លើ​បញ្ហា​នេះ»។

លោកស្រី Jackie Speier គឺ​ជា​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​សង្កាត់​មួយ​នៃ​រដ្ឋ California ដែល​ជា​សង្កាត់​ដ៏​រីក​ចម្រើន​មួយ​ដែល​ល្បី​ឈ្មោះ​ខាង​ដំណាំ​កូន​ស្ពៃក្ដោប​តូចៗ និង​ផលិតកម្ម​ផ្លែ​ទំពាំងបាយជូរ។

លោកស្រី Jackie Speier បាន​សរសេរ​នៅ​លើ Twitter ថា៖ «លោក​ប្រធានាធិបតី Trump! លោក​បាន​បង្កើត​បញ្ហា​នេះ ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក ហើយ​ឥឡូវ​នេះ​លោក​គ្រោង​នឹង​ចំណាយ​ថវិកា​ចំនួន ១២ ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ឲ្យ​កសិករ​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​លោក​មាន​ការ​ស្ងប់ចិត្ត»។

សមាគម​សណ្ដែក​សៀង​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា៖ «ទោះបីជា​កសិករ​ផលិត​សណ្ដែក​សៀង​សាទរ​ចំពោះ​ការណ៍​ដែល​រដ្ឋបាល​របស់​លោក Trump ទទួល​ស្គាល់​ថា ការ​យក​ពន្ធ​គយ​ទាំង​នេះ​បាន​បណ្ដាល​ឲ្យ​ការ​ធ្លាក់​ចុះ​នូវ​ការ​នាំ​ចេញ និង​ថ្លៃ​កសិផល​ក៏​ដោយ ក៏​គម្រោង​ដែល​រដ្ឋបាល​របស់​លោក Trump បាន​ប្រកាស​ឡើង​នេះ គឺ​ផ្ដល់​ជំនួយ​តែ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ»។

នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន សមាគម​នេះ​បាន​អំពាវនាវ «ឲ្យ​មាន​យុទ្ធសាស្ត្រ​រយៈពេល​វែង​មួយ​ដើម្បី​កាត់​បន្ថយ​ផល​លើស​ផ្នែក​ពាណិជ្ជកម្ម​ដំណាំ​សណ្ដែក​សៀង​ដែល​កំពុងតែ​កើន​ឡើង និង​ការ​បន្ត​ធ្លាក់​ចុះ​នូវ​តម្លៃ​កសិផល​នេះ ដែល​ក្នុង​នោះ​មាន​ទាំង​គម្រោង​លុប​ចោល​ការ​យក​ពន្ធ​គយ​ដែល​ប៉ះពាល់​ទាំង​នេះ​ផង​ដែរ»។

លោក Mark Santucci កសិករ​ដំណាំ​ផ្លែ​ឈែរី​ជូរ​នៅ​រដ្ឋ Michigan បាន​ប្រាប់ VOA ថា ទោះបីជា​កម្មវិធី​របស់​សេតវិមាន​នៅ​ក្នុង​ការ​ផ្ដល់​ជំនួយ​ដល់​កសិករ​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ផ្ទាល់​ដល់​លោក​ក៏​ដោយ ក៏​លោក «សប្បាយ​ចិត្ត​ដែល​លោក​ប្រធានាធិបតី Trump បាន​សម្រេច​អនុវត្ត​គម្រោង​នេះ»។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា យើង​ចូលរួម​នៅ​ក្នុង​ការ​ប្រយុទ្ធ​រយៈពេល​វែង​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន ដូច្នេះ​កម្មវិធី​នេះ​នឹង​មាន​ដំណើរការ​វែង​ឆ្ងាយ​នៅ​ក្នុង​ការ​ជួយ​កសិករ​អាមេរិក​ដែល​នៅ​ជួរ​មុខ»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា