លោក Trump រិះគន់​ក្រសួង​យុត្តិធម៌​ចំពោះ​ឯកសារ​មាន​ជម្លោះ

លោក​ប្រធានាធិបតី ដូណាល់ ​ត្រាំ ថ្លែង​ក្នុង​ពិធីស្បថ​ចូល​កាន់​តំណែង​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​គឺ​លោក Mike Pompeo នៅ​ក្រសួង​ការបរទេស កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump កំពុង​រអ៊ូរទាំ​អំពី​ប្រព័ន្ធបោក​បញ្ឆោត​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដោយ​បាន​រិះគន់​ក្រសួង​យុត្តិធម៌​ពី​បដិសេធ​មិនផ្តល់ឯកសារ​សំខាន់​ដែល​សមាជិក​សភា​ខាង​គណបក្ស​សាធារណៈរដ្ឋមាន​បំណង​ស៊ើបអង្កេត​ពួកគណបក្ស​ប្រជាធិបតេយ្យ​ដែល​ជាគូ​ប្រជែង​របស់​លោក។

លោក Trump កាល​ពី​ថ្ងៃពុធ​បាន​សរសេរ​នៅក្នុង Twitter ថា «ពួកគេ​មិន​ចង់​ប្រគល់​ឯកសារ​ឲ្យ​សភា​ទេ។ តើ​ពួកគេ​មាន​អ្វី​ត្រូវ​ខ្លាច? ហេតុអ្វី​មាន​រឿង​ច្រើន​ម៉្លេះ? ហេតុអ្វី​បាន​ជា​គ្មាន​ភាពស្មើ​គ្នារឿងយុត្តិធម៌? នៅ​ពេលណា​មួយ​ខ្ញុំ​នឹង​គ្មាន​ជម្រើស​ ក្រៅពី​ប្រើ​អំណាច​ជា​ប្រធានាធិបតី​ និង​ត្រូវ​ចូល​ដោះស្រាយ»។

លោក Trump បាន​បង្ហោះសារ​ដូច្នេះ​បន្ទាប់​ពី​សមាជិក​សភា​អភិរក្ស​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ធ្វើសេចក្តី​ព្រាង​ឯកសារ​ដើម្បី​ចោទ​ប្រកាន់​អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Rod Rosenstein នៅ​ក្នុង​សប្តាហ៍​នេះ។ លោក​អនុរដ្ឋមន្ត្រី​ដែល​ជា​មនុស្ស​ទីពីរ​នៅក្នុង​ក្រសួង​យុត្តិធម៌​នេះ​ បាន​បដិសេធ​មិន​ព្រម​ប្រគល់​ឯកសារ​មួយ​ចំនួន​ដែល​ពួកសមាជិក​សភា​បាន​ស្វែង​រក​ និង​កំពុង​ត្រួតពិនិត្យ​ការ​ស៊ើបអង្កេត​បទព្រហ្មទណ្ឌ​ចំពោះ​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​រុស្ស៊ី​នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump កាល​ពី​ឆ្នាំ២០១៦ និង​ថា​តើ​លោក Trump មាន​បំណង​រារាំង​ការស៊ើបអង្កេត​នេះ​ឬ​យ៉ាងណា។ ពួកសមាជិក​សភា​កំពុង​ព្យាយាម​ស៊ើបអង្កេត​លើ​ករណី​ចម្រូងចម្រាស​មួយ​ចំនួន​ រួម​ទាំង​ករណី​ដែល​ក្រសួង​យុត្តិធម៌​ធ្លាប់​បានស្នើ​សុំ​ការ​សម្រេច​ជាពិសេសពី​តុលាការ​ដើម្បី​តាមដាន​លោក Carter Page អតីតទីប្រឹក្សា​យុទ្ធនាការ​របស់​លោក Trump និង​ការ​ទាក់ទង​របស់​លោក​ជាមួយ​ជនជាតិ​រុស្ស៊ី​នៅ​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ពីរឆ្នាំមុន។ ក្រៅ​ពី​នេះ​ពួក​សមាជិក​សភា​កំពុង​សួរ​រក​ឯកសារ​ជាប់ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត​ដ៏​យូរ​របស់ FBI ​ទៅ​លើ​ដៃ​គូ​ប្រជែង​បោះឆ្នោត​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក Trump គឺ​លោកស្រី Hillary Clinton និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីម៉ែល​ឯកជន​របស់​លោកស្រី​ខណៈ​លោកស្រី​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​កាល​ពី​ឆ្នាំ២០០៩​ដល់ឆ្នាំ២០១៣៕