ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើការវាយប្រហារដោយពាក្យសម្ដីថ្មីមួយទៀតកាលពីថ្ងៃអាទិត្យម្សិលមិញ លើសវនាការរបស់រដ្ឋសភាក្នុងសប្ដាហ៍នេះ ទាក់ទិននឹងការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកពីតំណែង។ លោក Trump បានហៅ សវនាការទាំងនោះថា «គួរឲ្យអាម៉ាស់» ហើយលោកបានត្អូញត្អែរថា សមាជិកគណបក្សប្រជាធិបតេយ្យកំពុងរារាំងសាក្សីដែលសមាជិកគណបក្សសាធារណរដ្ឋចង់ចោទសួរ។
លោក Trump បញ្ជាក់ដូច្នេះថា «អ្នកនយោបាយពុករលួយ» លោក Adam Schiff ដែលជាប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភា ដែលដឹកនាំការស៊ើបអង្កេតនេះ និងប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi ចង់ឲ្យមន្ត្រីសេតវិមានប្រធានាធិបតីផ្ដល់សក្ខីកម្មនៅក្នុងសវនាការ «តាមព្យាបាទដ៏គួរឲ្យអាម៉ាស់»។
ប៉ុន្តែ លោកបានសរសេរនៅលើ Twitter ថា លោក Adam Schiff «នឹងមិនអនុញ្ញាតឲ្យមេធាវីសេតវិមាន ឬក៏មិនអនុញ្ញាតឲ្យមានការបង្ហាញខ្លួននូវសាក្សីណាម្នាក់ដែលគណបក្សសាធារណរដ្ឋបានស្នើឡើងនោះទេ។ នេះគឺជាលើកដំបូងបង្អស់នៃនីតិវិធី និងប្រវត្តិរបស់សភា!»។
នៅក្រោមច្បាប់សវនាការចោទប្រកាន់ដើម្បីទម្លាក់ប្រធានាធិបតីពីតំណែង ដែលត្រូវបានអនុម័តដោយរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ លោក Trump នឹងអាចមានមេធាវីមួយរូបតំណាងឲ្យលោក នៅពេលដែលគណៈកម្មាធិការតុលាការនៃរដ្ឋសភាពិចារណាអំពីបទចោទដែលអាចទៅរួចដើម្បីចោទប្រកាន់លោក Trump នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ ហើយប្រសិនបើរដ្ឋសភាពេញអង្គសម្រេចចោទប្រកាន់ជាផ្លូវការដកលោក Trump ចេញពីតំណែង នោះព្រឹទ្ធសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋនឹងបើកសវនាការកាត់ទោស៕