លោក Trump ​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​មួយ​ថ្ងៃ​មុន​ពិធី​ស្បថ​ចូល​កាន់​តំណែង

លោក​ប្រធានាធិបតី Donald Trump ថ្លែង​សុន្ទរកថា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក លោក Donald Trump បាន​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មួយ​ថ្ងៃ​មុន​ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក នៅ​ក្នុង​ពិធី​ដ៏​មាន​កិត្តិយស​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​វិមាន Capitol Hill។​

«ដំណើរ​ដ៏​វែង​ឆ្ងាយ​នេះ​ចាប់​ផ្តើម​ហើយ ហើយ​ខ្ញុំ​នឹង​ធ្វើ​ការ​យ៉ាង​ស្វិតស្វាញ​ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​នេះ​អស្ចារ្យ​សម្រាប់​ប្រជាពលរដ្ឋ​អាមេរិកាំង‍»។ នេះ​ជា​សម្តី​ដែល​លោក Trump បាន​និយាយ​នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​មួយ​លើ​បណ្តាញ​សង្គម Twitter។ ​ពាក្យ​ស្លោក​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​មាន​គឺ​ថា «ខ្ញុំ​គ្មាន​មន្ទិល​សង្ស័យ​ទេ​ថា ទាំងអស់​គ្នា យើង​នឹង​ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ជា​ថ្មី​ម្តងទៀត‍»។

អ្នក​នាំ​ពាក្យ​សេតវិមាន​ដែល​នឹង​ចូល​មក​កាន់​តំណែង​ថ្មី លោក Sean Spicer បាន​មាន​ប្រសាសន៍​ថា ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​កំពុង​តែ​កែសម្រួល​សុន្ទរកថា​របស់​លោក​សម្រាប់​ពិធី​ស្បថ​ចូល​កាន់​តំណែង ដោយ​និយាយ​ថា សុន្ទរកថា​នោះ​នឹង​មាន​«លក្ខណៈ​ផ្ទាល់​ខ្លួន ដែល​ជា​ទស្សនៈ​វិស័យ​របស់​លោក​សម្រាប់​អាមេរិក‍»។

លោក Spicer ក៏​បាន​និយាយ​ថា សុន្ទរកថា​របស់​លោក Trump នឹង​គូស​បញ្ជាក់​ពី​ឧបសគ្គ​ដែល​សហរដ្ឋ​អាមេរិក​ជួប​ប្រទះ។ លោក​ក៏​បាន​និយាយ​អំពី​ទិសដៅ​ដែល​លោក Trump ចង់​ដឹកនាំ​រដ្ឋាភិបាល​អាមេរិក​ទៅ​ផង​ដែរ ប៉ុន្តែ​មិនមែន​ជា​របៀបវារៈ​ផ្លូវ​ច្បាប់​នោះ​ទេ។​

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​និយាយ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដោយ​គិត​ចាប់​ពី​ថ្ងៃ​សុក្រ​នេះ​ទៅ លោក Trump នឹង​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​មួយ​ចំនួន ដើម្បី​អនុវត្ត​របៀបវារៈ​នៃ​ការ​ផ្លាស់ប្ដូរ​ពិតប្រាកដ ប៉ុន្តែ​លោក​នៅ​កំពុង​រៀបចំ​ទៅ​លើ​អ្វី​ដែល​លោក​ចង់​ធ្វើ​ និង​បទបញ្ជា។ ​

លោក Trump អាច​ផ្លាស់ប្ដូរ​ភ្លាមៗ​នូវ​បទបញ្ជា​របស់​លោក​ប្រធានាធិបតី​ដែល​នឹង​ចប់​អាណត្តិ បារ៉ាក់ អូបាម៉ា ប្រសិន​បើ​លោក​មិន​ពេញចិត្ត។

លោក​អនុប្រធានាធិបតី​ជាប់​ឆ្នោត Mike Pence និយាយ​ថា លោក​និង​លោក Trump បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​អាមេរិកាំង​ចាប់​ពី​ថ្ងៃ​ទី​មួយ៕