លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសកាលពីថ្ងៃព្រហស្បត៍ថា លោកនឹងដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ២០១៥ ដែលត្រូវបានចុះហត្ថលេខាដោយលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីកាន់តំណែងមុនលោក ក៏ប៉ុន្តែ នឹងស្វះស្វែងចូលរួមក្នុងកិច្ចព្រមព្រៀងថ្មី។
ថ្លែងពីសួនច្បារផ្កាកូលាបនៅសេតវិមាន លោកប្រធានាធិបតី Trump បានមានប្រសាសន៍ថា លោកនឹងដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសហើយនឹងចាប់ផ្តើមពិភាក្សាភ្លាមៗ ដើម្បីចូលក្នុងកិច្ចព្រមព្រៀងនោះឡើងវិញឬបង្កើតកិច្ចព្រមព្រៀងថ្មីមួយដែលជួយធ្វើឲ្យអ្នកពន្ធជនជាតិអាមេរិកាំងមានភាពប្រសើរជាងមុន។
លោកប្រធានាធិបតី Trump មានប្រសាសន៍ថា៖«យើងនឹងចេញពីកិច្ចព្រមព្រៀងនោះ»។ ក៏ប៉ុន្តែ លោកប្រធានាធិបតីបាននិយាយទៀតថា លោកនឹងសុំឲ្យអ្នកចរចាស្វះស្វែងរកលក្ខខណ្ឌថ្មីរបស់កិច្ចព្រមព្រៀងនោះ។
លោកប្រធានាធិបតីTrumpបានថ្លែងទៀតថា៖«កិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសគ្រាន់តែជាឧទាហរណ៍មួយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចូលក្នុងកិច្ចព្រមព្រៀងនោះដែលធ្វើឲ្យប៉ះពាល់ដល់សហរដ្ឋអាមេរិក។ នៅថ្ងៃនេះ សហរដ្ឋអាមេរិកនឹងបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងដែលមិនតម្រូវឲ្យអនុវត្តតាមទាំងអស់»។
ការសម្រេចនេះកើតមានឡើងបន្ទាប់ពីការនិយាយស្មានៗអស់រយៈពេលជាច្រើនថ្ងៃថាតើលោកប្រធានាធិបតី Trumpនឹងបំពេញទៅតាមការសន្យារបស់ដើម្បីដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសដែរឬទេ។
កាលពីថ្ងៃពុធ នៅពិធីថតរូបមួយជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phucដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោកប្រធានាធិបតីTrumpបាននិយាយថា លោកបានឮពីមនុស្សជាច្រើននៅពេលដែលលោកពិចារណាពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុនេះ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន