ការឃោសនាបោះឆ្នោតរបស់បេក្ខជនប្រធានាធិបតីស.រ.អា.ទាំងពីរមានធ្វើខ្វាត់ខ្វែងនៅក្នុងប្រទេសអាមេរិកនៅក្នុងរដ្ឋសំខាន់ៗដែលមានការប្រកួតប្រជែងគ្នាខ្លាំងនៅក្នុងការប៉ុនប៉ងមួយដើម្បីលើកម្លាំងចិត្តក្រុមអ្នកបោះឆ្នោត។ នេះជាសប្តាហ៍ចុងក្រោយនៃការឃោសនាបោះឆ្នោត ខណៈពេលបេក្ខជនទាំងពីរមានការនឿយហត់យ៉ាងខ្លាំង និងមានការបែកបាក់គ្នាផងដែរ។
លោកស្រី Clinton ដែលមានការគាំទ្រលើសលោក Trump បន្តិចនៅក្នុងការស្ទង់មតិក្នុងចំណោមប្រជារាស្ត្រអាមរិកាំង បានមានប្រសាសន៍ប្រាប់ក្រុមអ្នកគាំទ្រលោកស្រីកាលពីថ្ងៃសុក្រនៅក្នុងរដ្ឋ Pennsylvania ថា ប្រវត្តិរបស់លោក Trump ក្នុងការនិយាយទ្រគោះដាក់មនុស្សឯទៀតមិនមែនចាប់ផ្តើមមាននៅពេលលោកចាប់ផ្តើមធ្វើការឃោសនាបោះឆ្នោតទេ។
លោកស្រី Clinton បានមានប្រសាសន៍ប្រាប់ក្រុមអ្នកគាំទ្រដែលអបអរសាទរនៅក្នុងក្រុង Pittsburg ថា «គាត់បានផ្សាយការឃោសនាក្នុងកាសែតមួយទំព័រកាលពីឆ្នាំ១៩៨៧ ដើម្បីប្រមាថលោកប្រធានាធិបតី Reagan ខាងគណបក្សសាធារណរដ្ឋ ដើម្បីឱ្យលោកមានឱកាសស្មើគ្នាជាអ្នកប្រមាថអ្នកឯទៀតដែរ»។
លោកស្រី Clinton នឹងធ្វើការឃោសនាពីរលើកទៀតនៅក្នុងរដ្ឋ Michigan និងរដ្ឋ Ohio ក្នុងតំបន់កណ្តាលខាងលិចស.រ.អ. ដែលនៅទីនោះលោកស្រីនឹងមានការចូលរួមដោយអ្នកចម្រៀង hip-hop Jay Z និងភរិយាលោកគឺអ្នកស្រី Beyonce ដែលជាអ្នកចម្រៀងដូចគ្នា។
លោក Trump នឹងចូលរួមក្នុងការប្រជុំជាមួយមហាជន ដើម្បីឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ New Hampshire រដ្ឋ Ohio និងរដ្ឋ Pennsylvania ដែលជារដ្ឋមានការប្រកួតប្រជែងខ្លាំង។
នៅពេលជាមួយគ្នានេះ ការស្ទង់មតិថ្មីមួយបានរកឃើញថា អ្នកបោះឆ្នោតភាគច្រើន«ជិនឆ្អន់»ជាមួយបេក្ខជនប្រធានាធិបតីអាមេរិកាំងទាំងពីរនាក់នេះ ក៏ប៉ុន្តែការណ៍នេះហាក់ដូចជាមិនបានមិនបង្អាក់ទឹកចិត្តប្រជារាស្ត្រអាមេរិកាំងរាប់លាននាក់មិនឱ្យបោះឆ្នោតទេ នៅមុនថ្ងៃបោះឆ្នោត។
ការស្ទង់មតិរួមគ្នាមួយរវាងកាសែត New York Times និងបណ្តាញទូរទស្សន៍ CBS News បានរកឃើញថា ចំនួន៨០ភាគរយនៃប្រជារាស្ត្រអាមេរិកាំងដែលបានត្រូវស្ទង់មតិយល់ថា ពួកគេមិនចូលចិត្តនឹងការឃោសនាបោះឆ្នោតរបស់បេក្ខជនទាំងពីរនាក់នេះទេ។ ក៏ប៉ុន្តែជនជាតិអាមេរិកាំងជាង ៣៦លាន៥សែននាក់បានបោះឆ្នោតរួចហើយមុនថ្ងៃបោះឆ្នោតធំនៅថ្ងៃទី៨ខែវិច្ឆិកាខាងមុខនេះ នេះបើតាមអង្គការគម្រោងការបោះឆ្នោតស.រ.អា. ដែលភាសាអង់គ្លេសហៅថា United States Elections Project៕