កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ខាងគណបក្សសាធារណរដ្ឋ និងលោក Joe Biden ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យ រួមទាំងបេក្ខជនអនុប្រធានាធិបតីរបស់លោកទាំងពីរ បានស្វះស្វែងទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តបន្ថែមទៀត នៅមុនការបោះឆ្នោតចូលមកដល់នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។
លោក Trump បានដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ New Hampshire និងរដ្ឋ Maineដែលជារដ្ឋតូចៗនៅភាគឦសាន្ត ដែលសំឡេងរបស់ប្រតិភូតំណាងរដ្ឋទាំងនេះនៅក្នុងអង្គបោះឆ្នោត ទោះបីជាតិចតួចក៏ដោយ អាចមានសារៈសំខាន់នៅក្នុងការបោះឆ្នោតដែលមានលក្ខណៈប្រកៀកប្រកិតគ្នានេះ។
លោក Trump និងលោក Biden កំពុងបន្តប្រឹងប្រែងធ្វើយ៉ាងណាឲ្យបានសំឡេងគាំទ្រចំនួន ២៧០ ដែលជាសំឡេងភាគច្រើននៅក្នុងអង្គបោះឆ្នោតដែលមានសមាជិកទាំងអស់ចំនួន ៥៣៨ នាក់ ដើម្បីបានឈ្នះការបោះឆ្នោត។ លទ្ធផលបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិកមិនមែនកំណត់ដោយសំឡេងឆ្នោតសរុបនៅទូទាំងប្រទេសនោះទេ។
លោក Trump បានចាញ់នៅក្នុងរដ្ឋ New Hampshire តិចតួច កាលពីការបោះឆ្នោតឆ្នាំ ២០១៦ ដោយធ្វើឲ្យសំឡេងឆ្នោតរបស់ប្រតិភូ ៤ រូបដែលតំណាងឲ្យរដ្ឋនោះនៅក្នុងអង្គបោះឆ្នោត បានទៅលើអ្នកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យ។ នៅពេលបច្ចុប្បន្ននេះ បើតាមការស្ទង់មតិទូទាំងរដ្ឋ New Hampshire នេះ លោក Trump ស្ថិតនៅពីក្រោយលោក Biden ជាង ១១%។
ក៏ប៉ុន្តែ កាលពីការបោះឆ្នោតឆ្នាំ ២០១៦ លោក Trump ទទួលបានសំឡេងឆ្នោតគាំទ្រពីប្រតិភូម្នាក់នៃប្រតិភូទាំង ៤ រូប ដែលតំណាងឲ្យរដ្ឋ Maine នៅក្នុងអង្គបោះឆ្នោត។
ចំណែកឯលោក Biden វិញ កាលពីថ្ងៃអាទិត្យម្សិលមិញ បានថ្លែងតាមអនឡាញនៅឯពិធីប្រគុំតន្ត្រីមួយដែលមានឈ្មោះថា «ខ្ញុំនឹងទៅបោះឆ្នោត»។
ខណៈដែលលោក Trump បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំនៅខាងក្រៅដើម្បីប្រមូលការគាំទ្រ ដែលជារឿយៗធ្វើឡើងនៅចំណតយន្តហោះ លោក Biden បានអនុវត្តវិធីសាស្ត្រដែលមានលក្ខណៈហ្មត់ចត់ជាងនេះ ដោយលោកតែងរៀបចំការជួបជុំឃោសនាបោះឆ្នោតទ្រង់ទ្រាយតូច ឬក៏តាមអនឡាញ៕