លោក​ ត្រាំ ​និង​លោក​ Biden​ ធ្វើការ​ឃោសនា​បោះឆ្នោត​ផ្ទុយ​គ្នា​

ប្រធានាធិបតី​​ ដូណាល់ ត្រាំ (ឆ្វេង) និង​លោក Joe Biden។

ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.ឈាន​​​ចូល​ដល់​រយៈ​ពេល​ពីរ​ខែ​ចុង​ក្រោយ​។ ​បេក្ខជន​ទាំង​ពីរ​​នេះ​មាន​របៀប​បញ្ជូន​សារ​របស់​ពួក​គេ​ខុស​ប្លែក​គ្នា​​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ពួក​គេ។

នៅ​ពេល​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​ចូល​ក្នុង​រយៈ​ពេល​ពីរ​ខែ​ចុង​ក្រោយ​ លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ និង​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​គឺ​លោក​អតីត​អនុ​ប្រធានាធិបតី ​Joe Biden ​បាន​បង្កើន​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្នុង​សប្តាហ៍​ទី​ពីរ​នៃ​ខែ​កញ្ញា។ ក៏​ប៉ុន្តែ​បេក្ខជន​ទាំង​ពីរនេះ​មាន​របៀប​បញ្ជូន​សារ​របស់​ពួក​គេ​ខុស​ប្លែក​គ្នាទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ពួក​គេ។

ក្នុង​សប្តាហ៍​ទីពីរ​នៃ​ខែ​កញ្ញា​ ​លោក​ប្រធានាធិបតី ​ដូណាល់​ ត្រាំ ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ចំនួន​ប្រាំ​ដែល​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​គឺ​រដ្ឋ ​Florida , North Carolina ,​Michigan, Pennsylvania​ និង​រដ្ឋ​Nevada។​

លោក​បាន​ធ្វើ​ការ​ជួបជុំ​ដោយ​មាន​មនុស្ស​រាប់​ពាន់នាក់​ដោយ​លោក​បាន​និយាយ​ថា​ ​ពួក​គេ​មិន​ខុស​ប្លែក​ពី​ក្រុម​បាតុករ​នៃ​ចលនា​ជីវិត​ក្រុម​ជន​ស្បែក​ខ្មៅ​មាន​សារៈ​សំខាន់​នោះ​ទេ។​

លោក ត្រាំ ​បាន​និយាយ​ថា៖​ «ប្រសិន​បើ​អស់​លោក​អ្នក​ចង់​ធ្វើ​កុបកម្ម​ហើយ​ឈរ​ទល់​មុខ​គ្នា​ និង​ធ្វើ​អ្វី​ដែល​លោក​អ្នក​ចង់​ធ្វើ លោក​អ្នក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដូច្នេះ​ ពីព្រោះ​អស់​លោក​អ្នក​បាន​ត្រូវ​ចាត់​ទុក​ថា​ ជា​ពួក​បាតុករ​ដោយ​សន្តិវិធី។ ​ ដូច្នេះ​យើង​សម្រេច​ចិត្ត​ហៅ​ការ​ជួប​ជុំ​របស់​យើង​ថា​ ជា​ការជួប​ជុំ​តវ៉ា​ដោយ​សន្តិវិធី»។​

នៅ​ពេល​ជា​មួយ​គ្នា​នេះ​ លោក​ Joe Biden ​បេក្ខ​ជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ជួបជា​មួយ​ក្រុម​អ្នក​គាំទ្រ​លោក​ជា​ក្រុម​តូចៗ​នៅ​ឆ្ងាយ​ពី​គ្នា​ដោយ​មាន​រួម​បញ្ចូល​ការ​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ដើម​សប្តាហ៍​ទី​ពីរ​នៃ​ខែ​កញ្ញា​នៅ​ក្នុង​រដ្ឋ​ Pennsylvania ​ផង​ដែរ។​

ការ​ឃោសនា​បោះឆ្នោត​របស់​លោក ​Biden ​ពឹង​ពាក់​ច្រើន​លើ​ការ​ប្រមូល​ផ្តុំ​គ្នា​តាម​វីដេអូ​ដោយ​ចង់​បង្ហាញ​ថា​ បេក្ខជន​របស់​ពួក​គេ​ជា​មេ​ដឹកនាំ​មាន​ការ​យល់​ចិត្ត​ដែល​ចៀស​វាង​មិន​ឱ្យ​ក្រុម​មនុស្ស​ឆ្លង​វីរុស​កូរ៉ូណា។ ​ លោក​ Todd Belt​ដែល​ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ឯ​សាកល​វិទ្យាល័យ ​George Washington ​បាន​និយាយ​ថា៖​ «លោក ​Biden​ ជា​ឥស្សរជន​ទៅ​ចូល​រួម​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​មាន​ភាព​ស្និទ្ធ​ស្នាល​ហើយ​លោក​ស្តាប់​អ្វី​ដែល​ប្រជារាស្ត្រ​និយាយ។ ហើយ​ការ​ប្រមូល​ផ្តុំ​គ្នា​បែប​នេះ​ជា​ផ្នែក​មួយ​នៃ​ទិដ្ឋភាព​យុត្តិធម៌​សង្គម​ហើយក៏​ជា​ទិដ្ឋភាព​ខាង​វេជ្ជសាស្ត្រ​និង​ខាង​សេដ្ឋកិច្ច​នៅ​ក្នុង​សារ​របស់​លោក​ដែរ។​ ចំណែក​ឯ​លោក​ប្រធានាធិបតី​ ត្រាំ​ វិញ​ លោក​ចង់​ឱ្យ​មាន​ហ្វូង​មនុស្ស​ធំៗ។​ លោក​ចង់​បង្ហាញ​ថា​ លោក​មាន​ការ​គាំទ្រ​ពី​អ្វី​ដែល​លោក​ហៅ​ថា​ ប្រជារាស្ត្រ​អាមេរិកាំង​ច្រើន​នាក់​ដែល​នៅ​ស្ងាត់​ស្ងៀម​និង​ថា​ លោក​កំពុង​ឋិត​ក្នុង​ការ​ប្រកួត​ប្រជែង​ ហើយ​ថា​ លោក​នៅ​តែ​មាន​ក្រុម​អ្នក​គាំទ្រ​ច្រើន»។​

នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​៩​ កញ្ញា​ នៅ​ក្នុង​រដ្ឋ​ Michigan ​ លោក Biden ​បាន​រិះគន់​លោក​ ត្រាំ​ ដោយ​លាត​ត្រដាង​ពី​សៀវភៅ​មួយ​និពន្ធ​ដោយ​អ្នក​សារ​ព័ត៌មាន​ Bob Woodward ​ដែល​ថា​ លោក​ប្រធានាធិបតី​បាន​សារភាព​ក្នុង​ការ​ថត​សំឡេង​កាល​ពី​ខែ​កុម្ភៈ​ដែល​ថា​ លោក​មិន​បាន​ផ្តល់​សារៈ​សំខាន់​ខ្លាំង​ដល់​វីរុស​កូរ៉ូណា​ដើម្បី​ចៀសវាង​កុំ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល។​

លោក ​Joe Biden​បាន​មាន​ប្រសាសន៍​ថា៖ «លោក​ ត្រាំ​ មាន​ព័ត៌មាន​នេះ។​ លោក​ដឹង​អំពី​គ្រោះ​ថ្នាក់​នៃ​វីរុស​នេះ។ ​ហើយ​នៅ​ពេល​ជំងឺ​ដ៏​ប្រល័យ​នេះ​រាលដាល​ក្នុង​ប្រទេស​ជាតិ​យើង ​លោក​គ្មាន​បំណង​ធ្វើ​ឱ្យ​មាន​ជោគជ័យ​ក្នុង​ការ​បំពេញ​ការងារ​នេះ​របស់​លោក​ទេ។ ​នេះ​ជា​បញ្ហា​ស្លាប់​រស់​ហើយ​លោក​ ត្រាំ ​បាន​ក្បត់​ប្រជារាស្ត្រ​អាមេរិកាំង»។​

ចំណែក​ឯ​លោក​ ត្រាំ ​វិញ​បាន​និយាយ​ថា៖ «យើង​មិន​ចង់​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ទេ។​ យើង​មិន​ចង់​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ទេ។​ ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ។ ​ហើយ​ខ្ញុំ​មាន​ភាព​ចំហ​ខ្លាំង​ណាស់ ​ទោះ​ជា​ជាមួយ​លោក ​Woodward ​ ឬ​ជា​មួយ​នរណា​ក៏​ដោយ»។​

ការ​ស្ទង់មតិ​បង្ហាញ​ថា​ ក្រុម​អ្នក​បោះឆ្នោត​ផ្តល់​សារៈ​សំខាន់​ខ្លាំង​លើ​ការ​រាលត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ ហើយ​ថា​ ប្រជារាស្ត្រ​អាមេរិកាំង​ភាគ​ច្រើន​មិន​សប្បាយ​ចិត្ត​ទេ​នឹង​ការ​ដោះស្រាយ​របស់​លោក​ ត្រាំ ​លើ​វីរុស​កូរ៉ូណា​ដែល​ក្រុម​អ្នក​ឃោសនា​បោះ​ឆ្នោត​ជូន​លោក ​Biden​ អន្ទះសា​លើក​យក​មក​គូស​បញ្ជាក់​ណាស់។

ក៏​ប៉ុន្តែ​នៅ​ពេល​លោក ​ត្រាំ ​ឋិត​នៅ​ក្រោយ​លោក ​Biden ​នៅ​ក្នុង​ការ​ស្ទង់មតិ​ក្នុង​ប្រទេស​ជាតិ​ក៏​ដោយ​ ក៏​លោក ​Biden ​នាំ​មុខ​តែបន្តិច​បន្តួច​ជា​ពិសេស​នៅ​ក្នុង​រដ្ឋ​ខ្លះ​ដែល​មាន​ការ​ប្រជែង​គ្នា​ខ្លាំង។​

ពួក​អ្នក​ធ្វើការ​ឃោសនា​បោះឆ្នោត​ឱ្យ​លោក ​ត្រាំ ​បាន​ធ្វើ​សកម្មភាព​តាម​ប្រពៃណី​ដោយ​មាន​រួម​បញ្ចូល​ការ​បង្កើត​ការិយាល័យ​ក្នុង​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​និង​ឃោសនា​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត។​

ពួក​ទីប្រឹក្សា​លោក​ Biden ​បាន​និយាយ​ទទូច​ថា យុទ្ធសាស្ត្រ​របស់​ពួក​គេ​ដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ និង​សេដ្ឋកិច្ចដោយ​យក​ជា​ទី​ដៅ​ក្រុម​ចម្រុះ​នានា​និង​ក្រុម​មាន​ភាព​ដូច​គ្នា​នោះ​ ទទួល​បាន​ផល​ល្អ។​ តែ​អ្នក​ប្រជា​ធិបតេយ្យ​ខ្លះ​នៅ​តែ​តប់​ប្រមល់​ក្នុង​ចិត្ត។​

អ្នក​ស្រី ​Christina Proctor​ នៃ​គណៈ​កម្មាធិការ​គណបក្ស​ប្រជា​ធិបតេយ្យ​ក្នុង​សង្កាត់​វ៉ាស៊ីនតោន​ រដ្ឋ Pennsylvania​ និយាយ​ថា៖​ «ពួក​សាធារណរដ្ឋ​បង្កើត​ឱ្យ​មាន​ការ​រំភើប​ចិត្ត​ខ្លះ​ជា​មួយ​ការ​ប្រមូល​ផ្តុំ​របស់​ពួកគេ។ ​ពួក​គេ​នៅ​តែ​ដើរ​គោះ​ទ្វារ​តាម​ផ្ទះ។​ ដោយសារ​យើង​គិត​គូរ​ហ្មត់ចត់​អំពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ យើង​មិន​បាន​ដើរ​ទៅ​គោះ​ទ្វារ​តាម​ផ្ទះ​ទេ។​ ខ្ញុំ​ខ្វល់ខ្វាយ​ថា​ ការណ៍​នេះ​អាច​ដាក់​យើង​ចាញ់​ប្រៀប»៕​

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ