លោក Trump ​និង​សម្ព័ន្ធមិត្ត​ចាត់​វិធានការ​ក្រហល់ក្រហាយ​ដើម្បី​​កែប្រែ​ជ័យ​ជម្នះ​របស់​​លោក Biden

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ត្រៀមថ្លែងសុន្ទរកថានៅក្នុងឧទ្យាន Rose Garden នៃបរិវេណសេតវិមាន នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីភ្នាក់ងារ​ព័ត៌មាន ​AP ​បាន​រាយ​ការណ៍​នៅ​ថ្ងៃ​សុក្រ​ថា​ ប្រធានាធិបតី​អាមេរិក​លោក Donald Trump ​និង​សម្ព័ន្ធមិត្ត​របស់​លោក​កំពុង​ចាត់​វិធានការ​ដ៏​ក្រហល់​ក្រហាយ​ឡើង ​ដើម្បី​កែប្រែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០២០​ ដោយ​រួម​មាន​ការ​កោះហៅ​អ្នក​តាក់តែង​ច្បាប់​ថ្នាក់រដ្ឋ​ទៅ​សេតវិមាន​ ដែល​ជាផ្នែក​មួយ​នៃ​ការ​ប្រឹងប្រែង​ដ៏​លំបាក​ដើម្បី​កែប្រែ​ជ័យ​ជម្នះ​របស់​គូ​ប្រជែងលោក​ Joe Biden។​

ក្នុង​ចំណោម​យុទ្ធសាស្ត្រ​ចុងក្រោយ​ គឺ​ការ​កោះ​ហៅ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ក្នុង​តំបន់​ដោយ​ផ្ទាល់​ដើម្បី​ព្យាយាម​លុបចោល​ការ​បញ្ជាក់​របស់​គេ​អំពី​សន្លឹក​ឆ្នោត​នៅ​រដ្ឋ​ Michigan ការ​លើក​ឡើង​នៅ​ក្នុងការ​ប្រឈម​ផ្នែក​ច្បាប់​ដែល​ថា ​រដ្ឋ​ Pennsylvania ​គួរ​ទុក​សន្លឹក​ឆ្នោតសរុប​ឲ្យ​នៅដោយឡែក និង​ដាក់​សម្ពាធ​ឲ្យ​មន្រ្តី​សង្កាត់​បោះឆ្នោត​នៅ​រដ្ឋ​ Arizona ​ពន្យារ​ពេល​ការ​បញ្ជាក់​ចំនួន​សន្លឹក​ឆ្នោត​សរុប។​

មេធាវី​ផ្ទាល់ខ្លួន​របស់​លោក Trump ​គឺលោក ​Rudy Giuliani ​និង​អ្នក​ផ្សេង​ទៀត​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ចោទ​ប្រកាន់​ថា​មាន​ការ​ឃុបឃិត​ជា​ច្រើន​របស់​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការ​បោះឆ្នោតដែល​ពាក់​ព័ន្ធ​នឹង​រដ្ឋ​ជាច្រើន​និងការ​សង្ស័យ​លើ​ម៉ាស៊ីន​បោះឆ្នោត។ ​

ប៉ុន្តែ​មន្ត្រី​បោះឆ្នោត​នៅ​ទូទាំងប្រទេស​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា​ មិន​មាន​ការ​បន្លំទ្រង់ទ្រាយ​ធំ​ទេ។​

អ្នក​ជំនាញ​ច្បាប់​បោះឆ្នោត​យល់​ឃើញ​ថា​ នេះ​ជា​ការ​ព្យាយាម​នៅ​ដង្ហើម​ចុង​ក្រោយ​នៃ​យុទ្ធនាការ​របស់​លោក Trump​ ហើយ​និយាយ​ថា ​លោក​ Biden ​ប្រាកដ​ជា​ដើរ​ចូល​ទៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​នៅ​សេតវិមាន​ នៅ​ខែ​មករា។​

ប៉ុន្តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក Trump កំពុង​ធ្វើ​ឱ្យ​ខូចខាត​យ៉ាង​ពិតប្រាកដ​ដល់​ជំនឿ​សាធារណៈ​លើ​ភាព​សុចរិត​នៃប្រព័ន្ធបោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក។​

លោក​ Mitt Romney ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋពី​រដ្ឋ ​Utah ​ដែល​ជា​អ្នក​សាធារណរដ្ឋម្នាក់​ដែល​រិះគន់​លោក Trump ​ខ្លាំង​បំផុត​បាន​ចោទ​ថា លោក Trump ​ព្យាយាម​ដាក់​សម្ពាធ​លើ​មន្រ្តី ថ្នាក់​រដ្ឋ​និង​ថ្នាក់ក្រោម​ដើម្បី​ «បង្វែរ​ឆន្ទៈ​របស់​ប្រជាជន​និង​ប្រែក្រឡះ​ការ​បោះឆ្នោត»។​

លោក ​Romney​ បាន​បន្ថែម​ថា៖​ «គេ​ពិបាកស្រមៃ​ឃើញថា​អាច​មានសកម្មភាព​អាក្រក់​និង​មិន​ប្រជាធិបតេយ្យ​ជាង​នេះ ដែល​ធ្វើឡើង​ដោយ​ប្រធានាធិបតី​អាមេរិក​ដែល​កំពុង​កាន់​តំណែង​នោះ»។

ទីភ្នាក់ងារ​សន្តិសុខ​ការ​បោះឆ្នោត​ផ្ទាល់​របស់​លោក Trump បាន​ប្រកាស​ថា​ ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ​២០២០​ នេះ​មាន​សុវត្ថិភាព​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ចេញ​សេចក្តី​ថ្លែង​ការណ៍​នោះ​ ​លោក​ Trump​ បាន​បណ្តេញប្រធាន​ទី​ភ្នាក់ងារនេះ​ពី​តំណែង៕