ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ចូ បៃដិន ហៅ​យុទ្ធសាស្ត្រ​ពន្យារពេល​របស់​លោក ដូណាល់ ត្រាំ ថា «ជ្រុលហួសហេតុ»


លោក ចូ បៃដិន (Joe Biden) ដែល​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក ថ្លែង​នៅ​មហោស្រព The Queen នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ទីក្រុង Wilmington រដ្ឋ Delaware។

លោក ចូ បៃដិន (Joe Biden) ដែល​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក បាន​រិះគន់ខ្លាំងៗ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅ​លើ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ចំពោះ​ការ​បដិសេធ​ពុំ​ព្រម​សុខចិត្ត​ចុះចាញ់​ការបោះឆ្នោត​ប្រធានាធិបតី​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី៣ ខែវិច្ឆិកា​កន្លង​ទៅ​នេះ និង​ចំពោះ​ការ​រារាំង​ក្រុម​ការងារ​រៀបចំ​ដំណើរការ​ផ្ទេរអំណាច​របស់​លោក​ មិន​ឲ្យ​ទទួល​បាន​ព័ត៌មាន​សំខាន់ៗ​ពី​រដ្ឋាភិបាល​អំពី​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា។

លោក បៃដិន បាន​និយាយ​អំពី​លោក ត្រាំ ថា៖ «វា​ជា​ការពិបាក​ដើម្បី​ប្រមើល​មើល​ថា បុរស​រូប​នេះ​គិត​យ៉ាង​ដូចម្តេច​នោះ។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា លោក​ដឹង​ថា លោក​មិន​បាន​ឈ្នះ​ការបោះឆ្នោត​នេះ​ទេ។ លោក​នឹង​មិន​ឈ្នះ​ការបោះឆ្នោត​នេះ​ទេ ហើយ​យើង​នឹង​ត្រូវ​ស្បថ​ចូល​កាន់​ដំណែង​នៅ​ថ្ងៃ​ទី២០ ខែ​មករា​ខាង​មុខ»។ លោក បៃដិន បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​ គោលបំណង​របស់​លោក​ គឺ​ជា​អ្វី​ទេ។ ប៉ុន្តែ​អ្វី​ដែល​លោក ត្រាំ កំពុង​ធ្វើ​នេះ វា​ជ្រុល​ហួសហេតុ​ពេក​ហើយ»។

លោក​អតីត​អនុ​ប្រធានាធិបតី បៃដិន បាន​មាន​ប្រសាសន៍​ទៀត​ថា មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស​ កំពុង​ឃើញ​មាន​ការកើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ មុនពេល​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ថ្លែង​អំណរគុណ Thanksgiving និងបុណ្យ​ណូអែល មក​ដល់ ដោយ​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង«លើ​មន្ទីរពេទ្យ ​និង​បុគ្គលិក​ពេទ្យ និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច»។

លោក បៃដិន បាន​ប្រាប់​មេដឹកនាំ​កំពូលៗ​នៃ​សមាគម​ជាតិ​អភិបាល​រដ្ឋថា៖ «លោក​អ្នក ត្រូវការ​ជំនួយ ហើយ​ខ្ញុំ​ចង់​ឲ្យ​លោកអ្នក​ដឹង​ថា ខ្ញុំ​នឹង​ក្លាយ​ជាដៃ​គូ​របស់​លោកអ្នក​នៅ​ក្នុង​សេតវិមាន»។

ការ​ឆ្លង​ជំងឺ​កូវីដ១៩ ថ្មី​រាប់​សែន​ករណី កើតឡើង​ជា​រៀងរាល់​ថ្ងៃ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ចំនួន​មនុស្ស​ស្លាប់​វិញ ​គឺ​មាន​លើស​ពី ​២ សែន​ ៥ ម៉ឺន​នាក់ ដែល​ជា​ចំនួន​ច្រើន​ជាង​ប្រទេស​ណា​ៗ​ទាំងអស់​នៅ​ក្នុង​ពិភពលោក។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​សាកល​វិទ្យាល័យ Johns Hopkins របស់​សហរដ្ឋ​អាមេរិក៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG