ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump បញ្ឈប់​តំណែង​នាយក​ទីភ្នាក់ងារ​សន្តិសុខ​ការ​បោះឆ្នោត


រូបឯកសារ៖ លោក Christopher Krebs នាយក​ទីភ្នាក់ងារ​សន្តិសុខ​តាម​អ៊ីនធឺណិត​និង​សន្តិសុខ​ហេដ្ឋារចនាសម្ព័ន្ធ (CISA) ថ្លែ​ង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ការ​បោះឆ្នោត នៅ​ក្រុង Arlington រដ្ឋ Virginia ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។

ពីរ​សប្ដាហ៍​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី Donald Trump ដែល​ត្រូវ​គេ​ព្យាករណ៍​ថា​បាន​ចាញ់​ការ​បោះឆ្នោត​នោះ បាន​បញ្ឈប់​តំណែង​មន្ត្រី​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ដឹកនាំ​ការ​ការពារ​សន្ដិសុខ​នៃ​ការ​បោះឆ្នោត។

កាល​ពី​យប់​ថ្ងៃ​អង្គារ លោក Trump បាន​រិះគន់​ខ្លាំងៗ​លើ​នាយក​ទីភ្នាក់ងារ​សន្តិសុខ​តាម​អ៊ីនធឺណិត​និង​សន្តិសុខ​ហេដ្ឋារចនាសម្ព័ន្ធ (CISA) លោក Christopher Krebs សម្រាប់​អ្វី​ដែល​លោក Trump ហៅ​ថា ការ​លើក​ឡើង​ដោយ «មិន​ត្រឹមត្រូវ​ធ្ងន់ធ្ងរ» អំពី​ការ​បោះឆ្នោត និង​បាន​ចោទ​ប្រកាន់​ថា ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ត្រូវ​បាន​បំផ្លាញ​ដោយ «ភាព​មិន​ត្រឹម​ត្រូវ និង​ការ​ក្លែង​បន្លំ​ធ្ងន់ធ្ងរ»។

លោក Trump បន្ថែម​ថា៖ «លោក Chris Krebs ត្រូវ​បាន​បញ្ឈប់​ពី​តំណែង​ជា​នាយក​ទីភ្នាក់ងារ​សន្តិសុខ​តាម​អ៊ីនធឺណិត​និង​សន្តិសុខ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ចូល​ជា​ធរមាន​ភ្លាមៗ»។

លោក Krebs បាន​ឆ្លើយតប​ទៅ​នឹង​ការ​បញ្ឈប់​ពី​តំណែង​នេះ​នៅ​លើ​ទំព័រ Twitterផ្ទាល់​ខ្លូន​ថ្មី​របស់​លោក​ដូច្នេះ​ថា៖ «ជា​កិត្តិយស​ដែល​បាន​បម្រើ​ការងារ។ យើង​ធ្វើ​វា​បាន​ត្រឹម​ត្រូវ។ ការពារ​ថ្ងៃ​នេះ​ដើម្បី​សុវត្ថិភាព​ថ្ងៃ​ស្អែក»។

ភាព​តានតឹង​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា​មាន​ការ​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​កើត​មាន​ជា​ច្រើន​ខែ​មក​ហើយ ដោយ​លោក Trump បាន​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ការ​ដែល​អាច​មាន​ការ​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត ដោយ​ផ្ដោត​ក្ដី​បារម្ភ​របស់​លោក​លើ​ការ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃណីយស៍ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ច្រើន​ ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ១៩។

លោក​បាន​លើក​ឡើង​ជា​ថ្មី​ម្ដង​ទៀត​នូវ​ការ​ចោទ​ប្រកាន់​ទាំង​នេះ នៅ​ថ្ងៃទី៥ ខែ​វិច្ឆិកា ពីរ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​បោះ​ឆ្នោត ដោយបាន​ប្រកាស​នៅ​លើ Twitter ថា យុទ្ធនាការ​របស់​លោក​នឹង​តតាំង​នឹង​លទ្ធផល​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​ដែល​ព្យាករណ៍​ថា​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក ជា​អ្នក​ឈ្នះ ដោយសារ​មាន «ការ​បន្លំ​ការ​បោះឆ្នោត​ទូទៅ និង​ការ​បន្លំ​ការ​បោះឆ្នោត​តាម​រដ្ឋ»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG