ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ចូ បៃដិន ឈ្នះ​នៅ​រដ្ឋ Georgia ដែល​ធ្លាប់​ជា​រដ្ឋ​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ជា​យូរ​មក​ហើយ


លោក ចូ បៃដិន (Joe Biden) ដែលត្រូវបានព្យាករណ៍ថាឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរោងមហោស្រព The Queen ក្នុងទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ចូ បៃដិន (Joe Biden) ត្រូវ​បាន​ព្យាករណ៍​ថា​ឈ្នះ​ការបោះឆ្នោត​នៅ​ក្នុង​រដ្ឋ Georgia ដែល​ជាជ័យ​ជម្នះ​ដ៏កម្រ​មួយ​នៅ​ក្នុង​រដ្ឋ​ភាគ​ខាង​ត្បូង​សហរដ្ឋអាមេរិក​មួយ​នេះ​ ដែល​មិន​បាន​បោះឆ្នោត​គាំទ្រ​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​តំណែង​ប្រធានាធិបតី​ អស់​រយៈពេល​ជិត ​៣០ ​ឆ្នាំ​មក​ហើយ។

ទីភ្នាក់ងារ​ព័ត៌មាន ​AP បាន​ប្រកាស​ថា លោក បៃដិន ត្រូវ​បាន​ព្យាករណ៍​ថា​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​រដ្ឋ Georgia ដែល​មាន​អង្គបោះឆ្នោតចំនួន​ ១៦ កាលពី​ថ្ងៃ​ព្រហស្បត៍​ម្សិលមិញ បន្ទាប់ពី​មន្ត្រី​រៀបចំ​ការបោះឆ្នោត​នៅ​ក្នុង​រដ្ឋ​នោះ​បាន​និយាយ​ថា ការរាប់​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​បាន​បញ្ជាក់​ថា លោក​អតីត​អនុ​ប្រធានាធិបតី បៃដិន បាន​នាំ​មុខ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដោយ​សន្លឹក​ឆ្នោត​ប្រមាណ​ ១​ ម៉ឺន​ ២ ពាន់​សន្លឹក​នៃ​សន្លឹកឆ្នោត​ជិត​ ៥ លាន​សន្លឹក​ដែល​បាន​រាប់​។

ទីភ្នាក់ងារ​ព័ត៌មាន ​AP បាន​ប្រកាស​រួច​មក​ហើយ​ថា លោក បៃដិន ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​បន្ទាប់ពី​លោក​បាន​ទទួលបាន​ប្រតិភូ ២៧០​ ដែល​ត្រូវ​ការ​ដើម្បី​ឈ្នះ។

ជ័យជម្នះ​នៅ​ក្នុង​រដ្ឋ Georgia បាន​បង្កើន​ចំនួន​អង្គបោះឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ​សរុប​ទាំងអស់​ដល់ទៅ​ ៣០៦។

ទីភ្នាក់ងារ​ព័ត៌មាន AP មិន​បាន​ប្រកាស​ថា​លោក បៃដិន ទទួល​បាន​ជ័យជម្នះ​ភ្លាមៗទេ​នៅ​ក្នុង​រដ្ឋ​នេះ​ទេ បន្ទាប់ពី​មន្ត្រី​រៀបចំ​ការបោះឆ្នោត​នៅ​ក្នុង​រដ្ឋ Georgia បានរាប់​សន្លឹកឆ្នោត​រួចរាល់​និង​បញ្ចេញ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ដំបូងឡើយ ពីព្រោះ​តែ​ជ័យជម្នះ​បន្តិចបន្តួច​របស់លោក បៃដិន លើ​លោក ត្រាំ នៅ​ក្នុង​រដ្ឋ​នេះ​គឺ​មាន​ត្រឹមតែ ០,៣ ភាគរយ​ប៉ុណ្ណោះ។

ជាទូទៅ ទីភ្នាក់ងារ​ព័ត៌មាន AP មិន​ប្រកាស​ជ័យជម្នះ​របស់​គណបក្ស​ណា​មួយ​នៅ​ក្នុង​រដ្ឋ​ណា​មួយ​ភ្លាមៗ​ទេ​នៅ​ពេល​ដែល​អាចមាន​ការរាប់​សន្លឹក​ឆ្នោត​ឡើងវិញ​នៅ​ក្នុង​រដ្ឋ​នោះ។

ខណៈដែល​មិន​មាន​ច្បាប់​ដែល​តម្រូវ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​រដ្ឋ Georgia ច្បាប់​របស់​រដ្ឋ​នេះ​ចែង​ថា បេក្ខជន​ដែល​ស្ថិត​នៅ​ពីក្រោយ​គេ​ក្នុង​ការបោះឆ្នោត​នោះមាន​ជម្រើស​ស្នើ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​បាន ប្រសិនបើ​សំឡេង​ឆ្នោត​មាន​ភាព​ខុសគ្នា​តិចជាង ​០,៥ ភាគរយ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG