លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានស្វាគមន៍ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅសេតវិមានកាលពីថ្ងៃអង្គារដោយមានពិធីកងទ័ព មុនពេលការចរចាស្តីពីបញ្ហាពិភពលោកដែលនៅទីនោះមេដឹកនាំទាំង២បានខ្វែងគំនិតគ្នា។
ពេលមេឃស្រទុំកាលពីពេលព្រឹកថ្ងៃអង្គារ លោកប្រធានាធិបតីត្រាំបានប្រារព្ធសម្ព័ន្ធភាពនិងយោធាដែលមានរយៈពេល២សតវត្សរ៍រវាងប្រទេសទាំង២ ដោយបានថ្លែងអំណរគុណលោកប្រធានាធិបតី Macron ចំពោះការចូលរួមជាមួយសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនៅក្នុងការវាយប្រហារកាំជ្រួចកាលពីពេលថ្មីៗនេះទៅលើប្រទេសស៊ីរីនៅក្នុងការឆ្លើយតបទៅនឹងការសង្ស័យការប្រើអាវុធគីមីរបស់រដ្ឋាភិបាលក្រុងដាម៉ាស។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំបានមានប្រសាសន៍ថា «ឥឡូវនេះជាពេលវេលាសម្រាប់ប្រើកម្លាំង យើងទាំងអស់គ្នាត្រូវតែខ្លាំង យើងត្រូវតែរួបរួមគ្នា យើងត្រូវគោរពអតីតកាលរបស់យើងហើយនឹងការប្រឈមនៅថ្ងៃអនាគតដោយមានទំនុកចិត្តនិងមោទនភាព។ សហរដ្ឋអាមេរិកនិងបារាំងត្រូវតែសាមគ្គីគ្នាជារៀងរហូតដើម្បីបុព្វហេតុដ៏ពិសិទ្ធនៃសេរីភាពនិងសន្តិភាព»។
លោកប្រធានាធិបតី Macron ខុសពីប្រធានាធិបតីត្រាំ បានរំលឹកឡើងវិញពីបញ្ហាសាកលលោកជាច្រើនលើកដែលពួកអស់លោកមានផែនការពិភាក្សាគ្នានៅក្នុងការចរចាជាលក្ខណៈឯកជន ការគំរាមកំហែងភេរវកម្មសាកលលោក ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនិងសន្ធិសញ្ញាឆ្នាំ២០១៥ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។
ប្រធានាធិបតីបារាំង លោក Macron បានមានប្រសាសន៍ថា «ការរួបរួមគ្នារវាងសហរដ្ឋអាមេរិកនិងបារាំង នឹងផ្តួលរំលំពួកភេរវជន។យើងរួបរួមគ្នាដើម្បីស្ថាបនាវិបុលភាពថ្មីមួយ»៕