ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន៖ លោក ត្រាំ ចង់​ដក​កងកម្លាំង​ចេញ​ពី​ស៊ីរី​ក្នុង​ពេល​ឆាប់ៗ​នេះ


លោក​ប្រធានាធិបតី​បារាំង Emmanuel Macron (រូប​កណ្តាល) ផ្តល់​បទ​សម្ភាសន៍​ជាមួយ​នឹង​ទូរទស្សន៍ BFM កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨។

សេតវិមាន​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​តែ​ចង់​ដក​កងកម្លាំង​អាមេរិក​ចេញ​ពី​ប្រទេស​ស៊ីរី ដែល​សារ​នេះ​ត្រូវ​បាន​លើកឡើង​បន្ទាប់​ពី​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​និយាយ​ថា លោក​បាន​បញ្ចុះបញ្ចូល​លោក ត្រាំ ឲ្យ​រក្សា​កងកម្លាំង​អាមេរិក​នៅ​ទីនោះ​បន្ត​ទៀត។

អ្នកស្រី Sarah Huckabee Sanders អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា «បេសកកម្ម​អាមេរិក​មិន​ផ្លាស់ប្តូរ​ទេ។ លោក​ប្រធានាធិបតី​បាន​លើក​ឡើង​ច្បាស់​ណាស់​ថា លោក​ចង់​ឲ្យ​កងកម្លាំង​អាមេរិក​ត្រឡប់​មក​ផ្ទះ​វិញ​ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ»។

អ្នកស្រី​បាន​បន្ថែម​ទៀត​ថា សហរដ្ឋអាមេរិក​ចង់​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋឥស្លាម​ទាំងស្រុង​តែ​ម្តង ហើយ​នឹង​ធ្វើ​ការ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ក្រុម​នេះ​កើតមាន​ឡើង​វិញ​ទៀត។

លោក Macron បាន​ថ្លែង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទៅ​កាន់​ទូរទស្សន៍ BFM របស់​បារាំង​ថា «កាល​ពី​១០​ថ្ងៃ​មុន លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​ថា សហរដ្ឋអាមេរិក​គួរ​តែ​ដក​កងកម្លាំង​ចេញ​ពី​ប្រទេស​ស៊ីរី ដូច្នេះ​យើង​បាន​បញ្ចុះបញ្ចូល​លោក​ឲ្យ​រក្សា​កងកម្លាំង​នៅ​ទីនោះ​រយៈពេល​យូរ​ទៀត»។​

អត្ថាធិប្បាយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ពីរ​ថ្ងៃ​ក្រោយ​ពី​បារាំង​បាន​ចូលរួម​ជាមួយ​នឹង​សហរដ្ឋអាមេរិក​និង​អង់គ្លេស​នៅ​ក្នុង​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ទៅ​លើ​ទីតាំង​ផ្ទុក​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី។ លោក Macron ក៏​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ប្រាប់​ទៅ​លោក ត្រាំ ថា វា​ចាំបាច់​ណាស់​ក្នុង​ការ​ដាក់​កម្រិត​ទៅ​លើ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​នៅ​ប្រទេស​ស៊ីរី ដោយ​សារ​តែ​លោក ត្រាំ ចង់​វាយប្រហារ​បន្ថែម​ទៀត៕

XS
SM
MD
LG