​លោក ​ត្រាំ​ វាយ​ប្រហារដោយ​ពាក្យ​សម្តី​ទៀត​ប្រឆាំង​នឹង​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ស.រ.អា.​មួយ

រូបឯកសារ៖ ទីតាំង​ស្នាក់ការ​របស់​ទី​ភ្នាក់ងារ​សន្តិ​សុខជាតិ​ NSA របស់​សហរដ្ឋ​អាមេរិក នៅ​ក្រុង Fort Meade រដ្ឋ Maryland។

ទំនាក់​ទំនងខ្វែង​គំនិត​គ្នា​ជា​ញឹក​ញាប់​របស់​លោក​ប្រធានាធិបតី​ស.រ.អា. ​ដូណាល់ ត្រាំ​ ជាមួយ​ពួក​ទី​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ស.រ.អា.​មាន​របត់មួយ​ទៀត​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ពេល​លោក​បាន​សាក​សួរ​ថា​ តើ​ទី​ភ្នាក់ងារ​សន្តិ​សុខជាតិ​តាម​រក​រឿង​លោក​ជា​ផ្នែក​មួយ​នៃ​«ការ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ»​ឬ​យ៉ាង​ណា។

លោក​ប្រធា​នាធិបតី​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​ Twitter ​លើ​ទី​ភ្នាក់ងារ NSA ដែលមើល​ការ​ខុស​ត្រូវ​លើ​ការឃ្លាំ​មើល​សារ​អេឡិច​ត្រូនិច ​ដោយ​ហៅ​ទី​ភ្នាក់ងារ​នេះ​ថា​ជា​«ភាព​អាម៉ាស់»​មួយ។

លោក​ ត្រាំ​ បាន​សរសេរ​ថា​«Wow! NSA ​បាន​លុប​ចោល​ការ​ហៅ​ទួរស័ព្ទ​និង​អត្ថបទ​សារ​៦៨៥​លាន។​ តើ​នេះ​ជា​ការ​រំលោភ​លើ​ឯកជន​ភាព​ឬ​ទេ?​ ពួក​គេ​បន្ទោស​លើ​ភាព​មិន​ប្រក្រតី​ខាង​បច្ចេកទេស»។

លោក​បាន​បន្ថែម​ថា​«ការ​តាម​ធ្វើ​ទុក្ខ​បុកម្នេញ​មាន​តទៅ​ទៀត!”

ទី​ភ្នាក់ងារ​ NSA ​និង​ការិយាល័យ​របស់​នាយក​ផ្នែក​ស៊ើបការ​សម្ងាត់​ជាតិ​ដែល​មើល​ការ​ខុស​ត្រូវ​លើ​ NSA ​និង​ទីភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់​សំខាន់ៗ​ឯ​ទៀតៗ​បាន​ប្រកែក​មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​ទេ​អំពី​ Tweet​ របស់​ប្រធានាធិបតី ​ត្រាំ​ ដោយ​បញ្ជូន​សំណួរ​ទាំង​អស់​ទៅ​សេតវិមាន។​

ក៏​ប៉ុន្តែ​អតីត​សាមាជិក​ខ្លះ​នៃ​សហគមន៍​ស៊ើបការ​សម្ងាត់​ស.រ.អា.​បាន​និយាយ​បញ្ចេញ​មតិ​ហើយ​រិះ​គន់​លោកប្រធានាធិបតី។​

លោក​ Ned Price ​ជា​អតីត​នាយក​ជាន់​ខ្ពស់​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​ពេល​លោក​បារ៉ាក់​ អូបាម៉ា​ កាន់​តំណែង​ប្រធានាធិបតី​ស.រ.អា.។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «លោក​ ត្រាំ​ វាយ​ប្រហារ​តាម​ពាក្យ​សម្តី​លើ ​NSA ​និង​សហគមន៍​ស៊ើបការ​សម្ងាត់​ទូលំ​ទូលាយ​របស់​យើង​ ដោយ​លើក​ហេតុ​ផល​ដូច​ដែល​ពួក​ឧក្រិដ្ឋជន​វាយ​ប្រហារ​លើ​ការ​ពង្រឹង​ច្បាប់​ដែរ»៕