រដ្ឋបាល​លោក ត្រាំ នឹង​ដាក់​ពិន័យ​លើ​អ្នក​ស្វែងរក​សិទ្ធិ​រស់​នៅ​អចិន្ត្រៃយ៍​ដែល​ពឹងផ្អែក​លើ​អត្ថប្រយោជន៍​សាធារណៈ

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​សេតវិមាន កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។

រដ្ឋបាល​លោក ត្រាំ បាន​ប្រកាស​គោលនយោបាយ​ថ្មី​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​រារាំង​ដល់​ជនអន្តោប្រវេសន៍​ដែល​ស្ថិត​នៅ​ក្នុង​សហរដ្ឋអាមេរិក មិនឲ្យ​ទទួល​បាន​សិទ្ធិ​រស់នៅ​អចិន្ត្រៃយ៍​ឬ​សញ្ជាតិ​អាមេរិក​បាន​ឡើយ ប្រសិន​បើ​ពួកគេ​ទទួល​បាន​អត្ថប្រយោជន៍​សាធារណៈ​ ដូចជា សេវា​ថែទាំ​សុខភាព Medicaid ប័ណ្ណ​ទិញ​ម្ហូបអាហារ ឬកន្លែង​ស្នាក់នៅ។ ​

លោក Ken Cuccineli នាយក​ស្ដីទី​នៃ​ទីភ្នាក់ងារ​ផ្ដល់​សញ្ជាតិ​និង​អន្តោប្រវេសន៍​អាមេរិក​បាន​ប្រកាស​អំពី​បទបញ្ញត្តិ​ថ្មី​នេះ នៅ​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​កាសែត​មួយ​នៅ​ឯ​សេតវិមាន​ ដោយ​លោក​បាន​គូសបញ្ជាក់​ថា គោលនយោបាយ​ថ្មី​នេះ​នឹង​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ពឹងផ្អែក​លើ​ខ្លួន​ឯង សម្រាប់​អ្នកដែល​ព្យាយាម​មក ឬ​ចង់​ស្នាក់នៅ​ក្នុង​សហរដ្ឋអាមេរិក។ ​

បទបញ្ញត្តិ​ថ្មី​នេះ​នឹង​មាន​សុពលភាព​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ២០១៩ ខាង​មុខ​នេះ។ យោងតាម​បទបញ្ញត្តិ​នេះ ការ​ទទួល​បាន​អត្ថប្រយោជន៍​សាធារណៈ​គឺ​សំដៅ​ទៅ​លើ​បុគ្គល​ណា​ម្នាក់​ដែល​ទទួល​បាន​អត្ថប្រយោជន៍​សាធារណៈ​មួយ​ឬ​ច្រើន​ជាង​នេះ​អស់រយៈពេល​លើក​ពី​១២​ខែ ក្នុង​រយៈពេល​៣៦​ខែ។ អ្នក​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពីរ​ក្នុង​រយៈពេល​មួយ​ខែ ត្រូវ​បាន​ចាត់​ទុក​ថា​ពីរ​ខែ។

លោក Cuccinelli បាន​ថ្លែង​ថា រដ្ឋបាល​លោក ត្រាំ ចង់​ចៀសវាង​មិន​ឲ្យ​អ្នក​ដែល​ទទួល​បាន​សិទ្ធិរស់នៅ​អចិន្ត្រៃយ៍​ឬ​សញ្ជាតិ​ក្លាយ​ជា​អ្នក​ដែល​ពឹងផ្អែក​លើ​សេវា​អត្ថប្រយោជន៍​សាធារណៈ​នៅ​ពេល​អនាគត៕