រដ្ឋបាលលោក Trump ពន្លឿន​នីតិវិធី​ដំណើរការ​ត្រួតពិនិត្យ​ពាក្យ​សុំ​សិទ្ធិជ្រកកោន

ជន​ភៀសខ្លួន​ធ្វើដំណើរ​ចូល​ទៅ​ព្រំដែន​រវាង​សហរដ្ឋអាមេរិក​និង​ម៉ិកស៊ិក​ដើម្បី​សុំសិទ្ធិ​ជ្រកកោន។

រដ្ឋបាល​លោក Trump កំពុង​បង្កើន​នីតិវិធី​ត្រួតពិនិត្យ​ពាក្យ​សុំសិទ្ធិជ្រកកោន​របស់​ជនអន្តោប្រវេសន៍​​ដោយ​ធ្វើ​ការ​សម្ភាសន៍​ពួកគេ​ក្នុងរយៈពេល​២៤ម៉ោង។

ជា​ធម្មតា​មន្រ្តី​ទទួល​បន្ទុក​ពាក្យសុំសិទ្ធិ​ជ្រកកោន​ត្រូវ​រង់ចំណាយ​រយៈពេល​ប្រហែល៤៨ម៉ោង ដើម្បី​ធ្វើ​ការសម្ភាសន៍​ និង​រង់ចាំ​ស្តាប់​លទ្ធផល​ករណី​សុំសិទ្ធិជ្រកកោន​របស់​ជន​អន្តោប្រវេសន៍​ដែល​ត្រូវ​បាន​ជាប់​ឃុំ​បន្ទាប់​ពី​ឆ្លង​ចូល​មក​ទឹកដី​សហរដ្ឋអាមេរិក។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ នាយក​ស្តីទី​ទីភ្នាក់ងារ​សេវាកម្ម​ចូល​សញ្ជាតិ​ និង​អន្តោប្រវេសន៍​សហរដ្ឋអាមេរិក​ហៅ​កាត់​ថា USCIS ​លោក Ken Cuccinelli បាន​បញ្ជា​ឲ្យ​ក្រុម​មន្រ្តី​ធ្វើការសម្ភាសន៍​ជនអន្តោប្រវេសន៍​ដែល​ជាប់ឃុំ​ក្នុង​រយៈពេល២៤ម៉ោង។ គេហទំព័រ​ព័ត៌មាន Buzzfeedបាន​រាយការណ៍​ថា​ ខ្លួន​បាន​ទទួល​បទបញ្ជា​ថតចម្លង​មួយ​ច្បាប់​ដែល​ត្រូវ​បាន​ចេញ​ទៅ​ឲ្យ​បុគ្គលិក​របស់​ទីភ្នាក់ងារUSCIS ដែល​ដំបូង​បាន​រាយការណ៍​អំពី​ការផ្លាស់ប្តូរ​នៅក្នុង​គោលនយោបាយ​កាល​ពី​ថ្ងៃចន្ទ។

VOA បាន​បញ្ជាក់​អះអាង​អំពី​សេចក្តីរាយការណ៍​នោះ​កាល​ពី​យប់​ថ្ងៃចន្ទ។

អ្នកស្រី Jessica Collinsអ្នក​នាំពាក្យ​ទីភ្នាក់ងារUSCISបាន​ប្រាប់ VOAថា«នេះគឺ​ជា​ផ្នែក​មួយ​នៃ​កិច្ចខំប្រឹងប្រែង​របស់​ទីភ្នាក់ងារ​ ដើម្បី​ពន្លឿន​ដំណើរ​ការដាក់​ពាក្យ​សុំ​សិទ្ធិជ្រកកោន​ឲ្យ​កាន់​តែ​ឆាប់រហ័ស​និង​មាន​ប្រសិទ្ធិភាព។ ហេតុដូច្នេះ​ហើយ​បាន​ជា​ទីភ្នាក់ងារ USCIS ​នឹង​ពន្លឿន​ដំណើរការ​ត្រួតពិនិត្យ​ពាក្យ​ស្នើ​សុំ​នេះ​ឲ្យ​ស្រប​តាម​ប្រតិបត្តិការ​ជាក់ស្តែង​នាពេលបច្ចុប្បន្ន។

ទោះបីជា​អ្នកស្រី Collins មិន​បាន​និយាយ​អំពី​ពេលណា​ដែល​បទបញ្ជា​ថ្មី​នេះ​នឹងត្រូវ​ចាប់ផ្តើម​ដំណើរការ​នោះ​ អ្នកស្រី​បាន​និយាយ​ថា«បទបញ្ជា​ថ្មី​នេះ​នឹង​ជួយ​ពន្លឿន​ដល់​ដំណើរការ​ដាក់​ពាក្យ ​ក៏ដូច​ជា​ជួយ​ទប់ស្កាត់​ការរាំងស្ទះ​នៅក្នុង​ប្រព័ន្ធ​នៃ​ការត្រួត​ពិនិត្យ​ផងដែរ»។

គេហទំព័រ Buzzfeed បាន​រាយការណ៍​ថា​ ក្រុម​អ្នក​តស៊ូ​មតិ​ជឿ​ថា​ វិធានការណ៍​ថ្មី​នេះ​ត្រូវ​បាន​រំពឹងថា​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​សម្រាប់​ជនអន្តោប្រវេសន៍​ក្នុង​ការ​រៀបចំ​ការសម្ភាសន៍​របស់​ពួកគេ ​ឬ​អាច​ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ​ដ៏គ្រោះថ្នាក់។

ការសម្ភាសន៍​នេះ​គឺ​ជា​ការត្រួតពិនិត្យ​ដំបូង​ដែល​ជនអន្តោប្រវេសន៍​ត្រូវ​តែ​បង្ហាញ​ថា ពួកគេ​ទទួល​រងការ​ធ្វើ​ទុក្ខបុកម្នេញ​ ឬ​ត្រូវបង្ហាញ​ពី​ភាពភ័យខ្លាច​របស់​ពួកគេ​ចំពោះ​ការធ្វើ​ទុក្ខបុកម្នេញ​នៅក្នុង​ប្រទេសកំណើតរបស់​ពួកគេ។

លោក Aaron Reichlin-Melnick អ្នកវិភាគ​គោលនយោបាយ​នៅឯ​ក្រុមប្រឹក្សា​អន្តោប្រវេសន៍​អាមេរិក​បាន​បង្ហោះសារ​នៅលើ Twitter ថា«តាមច្បាប់​ពួកអ្នកសុំសិទ្ធិជ្រកកោន​មាន​សិទ្ធិ​ពិគ្រោះយោបល់​ជាមួយ​នឹង​អ្នកណា​ម្នាក់​ ក្រុមការងារ​ដែល​ពួកគេ​ជ្រើស​រើស​មុន​នឹង​សម្ភាសន៍​ដើម្បី​បង្ហាញ​ពី​ការភ័យខ្លាច​របស់​ពួកគេ​ ក្នុង​រយៈពេល​២៤ម៉ោង‍»។

ស្របពេល​ជាមួយ​គ្នា​នេះ​ទីភ្នាក់ងារ USCIS បាន​កែប្រែ​ព័ត៌មាន​នៅក្នុង​គេហទំព័រ​របស់​ខ្លួន​ដើម្បី​បង្ហាញ​ពី​ការផ្លាស់ប្តូរ​នេះ។

គេហទំព័រ​បាន​សរសេ​ថា«ទីភ្នាក់ងារ USCIS តម្រូវ​ឲ្យ​រង់ចាំ​យ៉ាង​ហោចណាស់​មួយ​ថ្ងៃពេញ​ បន្ទាប់​ពី​បេក្ខជន​មក​ដល់​ជំរំ​ឃុំខ្លួន​ មុន​នឹង​រៀបចំ​សម្ភាសន៍​ ដើម្បី​ផ្តល់​ពេលវេលា​ឲ្យ​បេក្ខជន​ទាក់ទង​ទៅ​អ្នកប្រឹក្សា‍​របស់​ពួកគេ»។ គេហទំព័រUSCIS បាន​ប្តូរឃា្ល​ដែល​ពី​មុនសរសេរ​ថា«ទីភ្នាក់ងារ USCIS តម្រូវ​ឲ្យ​រង់ចំា​យ៉ាងហោច​ណាស់​៤៨ម៉ោង​ ដើម្បី​ទុកពេល​ឲ្យ​បេក្ខជន​បាន​សម្រាក​ពី​ការធ្វើដំណើរ‍»៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា