កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ មេដឹកនាំកំពូលៗ ២ រូបខាងគណបក្សប្រជាធិបតេយ្យនៃសភាសហរដ្ឋអាមេរិក បានអំពាវនាវឲ្យដកលោកប្រធានាធិបតី Donald Trump ចេញពីតំណែង តាមរយៈការប្តឹងចោទប្រកាន់ ឬតាមរយៈវិសោធនកម្មទី ២៥ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដែលអនុញ្ញាតឲ្យអនុប្រធានាធិបតី និងសមាជិកភាគច្រើននៃគណៈរដ្ឋមន្ត្រីអាចដកប្រធានាធិបតីណាដែលអសមត្ថភាពខាងផ្លូវចិត្តចេញពីតំណែងបាន។
សមាជិកគណបក្សសាធារណរដ្ឋខ្លះ ក៏បានជំរុញឲ្យដកលោក Trump ចេញពីតំណែងផងដែរ។
ក៏ប៉ុន្តែ ការដកប្រធានាធិបតីចេញពីតំណែងតាមរយៈវិសោធនកម្មទី ២៥ នៃរដ្ឋធម្មនុញ្ញនេះ ទំនងជាមិនអាចទៅរួចនោះទេ បន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់កាលពីយប់ថ្ងៃព្រហស្បតិ៍ថា លោកអនុប្រធានាធិបតី Mike Pence មិនមានឆន្ទៈនៅក្នុងការអនុវត្តតាមវិធីនេះទេ។
លោក Chuck Schumer សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យតំណាងឲ្យរដ្ឋ New York ដែលនៅពេលឆាប់ៗខាងមុខនេះ នឹងក្លាយជាមេដឹកនាំគណបក្សសំឡេងភាគច្រើននៃព្រឹទ្ធសភា បាននិយាយថា ការប្រើវិសោធនកម្មទី ២៥ នៃរដ្ឋធម្មនុញ្ញគឺជាវិធីដ៏ «លឿនបំផុតនិងមានប្រសិទ្ធភាពបំផុត» នៅក្នុងការដកលោក Trump ចេញពីតំណែងបាន។
លោកបានបញ្ជាក់ថា៖ «ប្រធានាធិបតីរូបនេះ មិនគួរកាន់តំណែងបន្តទៀតទេ»។
លោក Schumer បានបន្ថែមថា៖ «ប្រសិនបើអនុប្រធានាធិបតីនិងគណៈរដ្ឋមន្ត្រីបដិសេធមិនធ្វើរឿងនេះទេ នោះសភាគួរតែកោះប្រជុំដើម្បីចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែង»។
ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi ក៏បានអំពាវនាវនៅក្នុងសន្និសីទកាសែតឲ្យដកលោក Trump ចេញពីតំណែងផងដែរ៕