ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ​ត្រាំចោទ​ប្រកាន់ចិន​ពីការ​ជ្រៀត​ជ្រែក​ការ​បោះឆ្នោត

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ​ត្រាំ ឆ្លើយ​សំណួរ​អំឡុង​សន្និសីទ​កាសែត​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី​៧៣ នៅ​បុរី​ញូវយ៉ក​កាលពី​ថ្ងៃទី​២៦ ខែ កញ្ញា ឆ្នាំ ២០១៨។

លោក​ប្រ​ធានា​ធិបតី​ត្រាំ​បាន​និយាយក្នុង​អំឡុង​នៃ​ការ​ថ្លែងសុន្ទរកថា​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ​ថា «ជាការ​គួរ​ឲ្យ​សោក​ស្តាយ ​យើង​បាន​រក​ឃើញថា ​ចិន​បាន​ប៉ុនប៉ង​ជ្រៀត​ជ្រែក​ក្នុងការ​បោះ​ឆ្នោតនៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខដើម្បី​ប្រឆាំង​នឹង​រដ្ឋ​បាល​របស់​យើង»។

ប្រធានាធិបតីត្រាំ​បាន​ថ្លែង​ទៀត​ថា «ពួកគេ​មិនចង់​ឲ្យ​ខ្ញុំ​ឈ្នះ​ឆ្នោត​ទេ ​ពី​ព្រោះ​ខ្ញុំ​ជា​ប្រធានា​ធិបតី​លើក​ទី​មួយ​ដែល​ជំទាស់​ប្រឆាំង​ចិន​អំពី​ពាណិជ្ជកម្ម។​ ហើយ​យើង ​នឹង​ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ។​ យើង​នឹងឈ្នះ​ទាំងអស់»។

ភ្លាមៗ​បន្ទាប់​ពី​កំណត់​សម្គាល់​របស់​ប្រធានា​ធិបតី​ត្រាំ ​រដ្ឋ​មន្រ្តីការបរទេស​ចិន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក​ត្រាំ​ពី​ការ​ជ្រៀត​ជ្រែកការ​បោះឆ្នោត​នេះ។

​លោករដ្ឋ​មន្រ្តីការ​បរទេស​ចិន ​វ៉ាង ​យី ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា ​រដ្ឋាភិ​បាល​ក្រុង​ប៉េកាំង​ធ្វើ​ទៅ​តាម​គោល​ការណ៍​មិន​ជ្រៀតជ្រែកកិច្ច​ការ​ផ្ទៃ​ក្នុង​ប្រទេស​ដ៏ទៃ​ហើយ​បដិសេធ​ពុំសុខ​ចិត្ត​ទទួល​យកការ​ចោទប្រកាន់ដ៏​អយុត្តិធម៌​ប្រឆាំងនឹង​ចិន​នេះ។

ខណៈ​ដែល​តួនាទី​របស់រុស្ស៊ី​ក្នុងការ​ជ្រៀតជ្រែកការ​បោះ​ឆ្នោត​ឆ្នាំ​២០១៦​ដើម្បី​គាំ​ទ្រ​ប្រធានាធិបតី​ត្រាំ​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​ស្មាក្តី​ពិសេស ​មក​ទល់​ពេលថ្មីៗ​នេះ​មិនមានការ​ចោទ​ប្រកាន់​ពីការ​ជ្រៀត​ជ្រែក​ខាង​នយោបាយរបស់​ចិន​ទេ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ទទួល​រងការ​ចោទ​ប្រកាន់ពី​ការ​ធ្វើ​សកម្ម​ភាព​ចារកម្ម​លួច​ ចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ​ក្រុម​ហ៊ុន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយៗ​នៅ​ឆ្នាំ​២០១៥​បាន​រងការ​ចោទ​ប្រកាន់​ពី​ការ​លួចចូល​ក្នុង​ប្រព័ន្ធ Database ដែល​មាន​ព័ត៌មាន​បុគ្គល​រហូត​ដល់​៤​លាននាក់​ដែល​បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​ងារ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក៕