លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើកាលពីថ្ងៃអាទិត្យឲ្យមានការបង្រួបបង្រួមអ្នកកាន់សាសនាឥស្លាម នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដោយប្រាប់ដល់មេដឹកនាំអារ៉ាប់និងឥស្លាមរាប់សិបនាក់នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយនៅក្នុងរាជធានីរីយ៉ាដ ថាវាគឺជាសមរភូមិរវាងមនុស្សល្អនិងមនុស្សអាក្រក់។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបជាលើកដំបូងក្នុងនាមជាប្រធានាធិបតី លោក ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកចង់ឲ្យមានក្រុមសម្ព័ន្ធមិត្តមួយ ដែលមានគោលបំណងរួមគ្នាក្នុងការកម្ចាត់អំពើជ្រុលនិយម។
លោក ត្រាំ បាននិយាយសម្តីដើមថា៖ «នេះមិនមែនជាសមរភូមិរវាងអ្នកកាន់សាសនាខុសគ្នា និកាយខុសគ្នា ឬអារិយធម៌ខុសគ្នានោះទេ។ នេះគឺជាសមរភូមិរវាងឧក្រិដ្ឋជនសាហាវយង់ឃ្នងដែលព្យាយាមបំផ្លាញជីវិតមនុស្ស និងអ្នកកាន់សាសនាផ្សេងៗទាំងអស់ដែលព្យាយាមការពារវា»។
លោក ត្រាំ បានព្យាយាមហាមឃាត់អ្នកកាន់សាសនាឥស្លាមមកពីប្រទេសអ្នកកាន់សាសនាឥស្លាមភាគច្រើនទាំង៦ប្រទេស ដែលមានការវាយប្រហារភេរវកម្មបានកើតឡើង។ ប៉ុន្តែពេលនេះ លោកមិនបានប្រើឃ្លា «ភេរវកម្មឥស្លាមជ្រុលនិយម» ដូចដែលលោកធ្លាប់ប្រើជាញឹកញាប់នៅក្នុងសុន្ទរកថារបស់លោក នៅអាមេរិកនោះទេ។ លោកបានអំពាវនាវឲ្យមេដឹកនាំកាន់សាសនាឥស្លាមប្រឈមដោយស្មោះត្រង់នឹងវិបត្តិឥស្លាមជ្រុលនិយម និងក្រុមភេរវករឥស្លាមដែលក្រុមនេះលើកទឹកចិត្តផងដែរ៕