កងទ័ពស្រីលង្កាបានរុះរើទីកន្លែងការតវ៉ាប្រឆាំងដ៏សំខាន់មួយនៅក្នុងរដ្ឋធានីកូឡុំបូ និងជាទីស្នាក់ការធំរបស់ពួកបាតុករដែលបានដឹកនាំយុទ្ធនាការប្រឆាំងរដ្ឋាភិបាលអស់រយៈពេលមួយខែ។
ចំណាត់ការនេះត្រូវបានគេមើលឃើញជាសញ្ញាថា ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីលោក Ranil Wickremesinghe នឹងបង្ក្រាបលើពួកអ្នកធ្វើយុទ្ធនាការដែលបានបង្ខំឱ្យមានការបណ្តេញអ្នកកាន់តំណែងមុនលោក។
កងទ័ព និងកងកុំម៉្មង់ដូប៉ូលិសរាប់រយនាក់ប្រដាប់ដោយកាំភ្លើងវែង និងដំបង បានប្រមូលផ្តុំនៅខាងក្រៅការិយាល័យប្រធានាធិបតីនៅព្រឹកថ្ងៃសុក្រនេះដើម្បីបណ្តេញពួកបាតុករ ហើយបានកម្ទេចតង់របស់ពួកបាតុករ និងបានដកបដាចេញនៅខាងក្រៅច្រកទ្វារដ៏សំខាន់មួយរបស់ការិយាល័យប្រធានាធិបតី។
សកម្មភាពរបស់ប៉ូលិសបានកើតមានឡើងមួយថ្ងៃបន្ទាប់ពីលោក Wickremesinghe ដែលពួកបាតុករបានប្រឆាំងផងដែរនោះ បានស្បថចូលកាន់តំណែង។
លោក Shabeer Mohamed ដែលជាអ្នកកាសែតបានប្រាប់ VOA ថា នៅពេលដែលគាត់បានទៅទីកន្លែងបាតុកម្មនោះនៅប្រហែលម៉ោង១:៣០នាទីព្រឹក លោកត្រូវបានគេរារាំងមិនឱ្យចូល។
លោកបាននិយាយថា ផ្លូវចេញចូលទាំងអស់បានត្រូវគេបិទ។ ទាហានម្នាក់បានវាយលោកចំខ្នង
ហើយបានយកទូរស័ព្ទរបស់លោកបោះចោល។ ពួកគេបានរើតង់ស្នាក់នោះចេញ។
មនុស្សជាច្រើនបានត្រូវគេរាយការណ៍ថា បានត្រូវចាប់ខ្លួនក្នុងអំឡុងនៃការវាយឆ្មក់ រីឯមនុស្សជាច្រើនបានរងរបួស។
ក្នុងការថ្កោលទោសចំពោះចំណាត់ការនេះ សមាគមមេធាវីរបស់ស្រីលង្កាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការប្រើកងកម្លាំងប្រដាប់អាវុធដើម្បីបង្ក្រាបលើការតវ៉ារបស់ជនស៊ីវិលនៅថ្ងៃកាន់តំណែងទី១របស់ប្រធានាធិបតីនឹងមានផលវិបាកដ៏ធ្ងន់ធ្ងរលើស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយ។ សមាគមមេធាវីនោះបាននិយាយថា មេធាវី២នាក់ដែលបានទៅកាន់ទីកន្លែងនោះត្រូវបានគេបំពាន៕