ប្រធានាធិបតីស្តីទីរបស់ប្រទេសស្រីលង្កាលោក Ranil Wickremesinghe បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីថ្ងៃអាទិត្យ ដែលប្រទេសដែនកោះនេះមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ និងមានការតវ៉ាជាច្រើនសប្តាហ៍។ សេចក្តីប្រកាសបានឱ្យដឹងថា ចំណាត់ការនេះគឺចាំបាច់ដើម្បីសន្តិសុខសាធារណៈ ការពារសណ្តាប់ធ្នាប់សាធារណៈ និងថែរក្សាការផ្គត់ផ្គង់ និងសេវាកម្មដែលសំខាន់សម្រាប់ជីវិតរបស់សហគមន៍។
លោក Wickremesinghe ដែលជាអតីតនាយករដ្ឋមន្ត្រី បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្តីទីកាលពីសប្តាហ៍មុន បន្ទាប់ពីលោក Gotabaya Rajapaksa បានលា លែងពីតំណែងប្រធានាធិបតី បន្ទាប់ពីលោកបានទៅដល់ប្រទេសសិង្ហបុរី ចេញពីប្រទេសម៉ាល់ឌីវជាកន្លែងដែលលោកបានភៀសខ្លួនជាលើកដំបូងដើម្បីគេចពីការតវ៉ាអំពីបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស។
ការលាលែងពីតំណែងរបស់លោក Rajapaksa ត្រូវបានទទួលយកជាផ្លូវការកាលពីថ្ងៃសុក្រ ដោយប្រធានសភា ដែលបាននិយាយថា ប្រធានាធិបតីថ្មីនឹងត្រូវជ្រើសរើសក្នុងរយៈពេលមួយសប្តាហ៍ ដើម្បីកាន់តំណែងប្រធានាធិបតីនៅសេសសល់ពីរឆ្នាំ។ ដោយនិយាយថា ការបោះឆ្នោតនឹងធ្វើ«យ៉ាងលឿន និងមានតម្លាភាព»នោះ ប្រធានសភាលោកMahinda Yapa Abeywardena បានអំពាវនាវឱ្យប្រជាជន«បង្កើតបរិយាកាសសន្តិភាព»ដើម្បីអនុវត្តដំណើរការប្រជាធិបតេយ្យ។
ការអំពាវនាវរបស់លោកធ្វើឡើងបន្ទាប់ពីមានភាពច្របូកច្របល់មួយសប្តាហ៍ ដែលក្រុមអ្នកតវ៉ាបានសម្រុកចូលលំនៅដ្ឋាន និងការិយាល័យប្រធានាធិបតី និងនាយករដ្ឋមន្ត្រី បន្ទាប់ពីលោក Rajapaksa បានបដិសេធការអំពាវនាវអស់រយៈពេលជាច្រើនខែឱ្យលោកចុះចេញពីតំណែង។ ពួកគេទើបតែបានដកថយចេញពីអគារទាំងនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ពួកគេបានសម្រេចគោលបំណងក្នុងការបង្ហាញអំណាចប្រជាជន និងចង់ធានាថា ការតស៊ូរបស់ពួកគេនៅតែមានលក្ខណៈសន្តិភាព។
ការលាលែងពីតំណែងរបស់លោក Rajapaksa អាយុ៧៣ឆ្នាំគឺជាជ័យជម្នះដ៏សំខាន់សម្រាប់ចលនាតវ៉ាដែលបានទាមទារឱ្យលោកចាកចេញពីតំណែងបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចបានធ្វើឱ្យប្រទេសនេះជួបបញ្ហាអតិផរណា និងកង្វះប្រេងឥន្ធនៈ និងថ្នាំពេទ្យ ដោយសារប្រទេសនេះអស់ទុនបម្រុងជារូបិយបណ្ណបរទេស។
លោក Rajapaksa និងក្រុមគ្រួសាររបស់លោកដែលកាន់តំណែងសំខាន់ៗក្នុងរដ្ឋាភិបាល រួមទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុផងនោះ បានគ្រប់គ្រងថវិកាជាតិប្រហែល៧០%ហើយត្រូវបានស្តីបន្ទោសជាទូទៅចំពោះការគ្រប់គ្រងមិនត្រឹមត្រូវ ដែលនាំឱ្យប្រទេសនេះស្ទើរតែក្ស័យធន។ វាជារឿងភ្ញាក់ផ្អើលក្រៃលែងសម្រាប់ប្រទេសនេះដែលធ្លាប់មានកេរ្តិ៍ឈ្មោះថាជាប្រទេសជោគជ័យមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រជាជនមានការចេះដឹងនិងមានវណ្ណៈកណ្តាលច្រើន៕