ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ប្រទេស​ស្រីលង្កា​ជ្រើសរើស​អ្នក​នយោបាយ​ជើង​ចាស់​ជា​ប្រធានាធិបតី​ថ្មី


ក្រុម​អ្នក​គាំទ្រ​ប្រធានាធិបតី​ស្ដីទី លោក Ranil Wickremesinghe អបអរ​សាទរ​ក្រោយ​ពី​លោក​ត្រូវ​បាន​បោះឆ្នោត​ជា​ប្រធានាធិបតី​ក្នុង​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២។
ក្រុម​អ្នក​គាំទ្រ​ប្រធានាធិបតី​ស្ដីទី លោក Ranil Wickremesinghe អបអរ​សាទរ​ក្រោយ​ពី​លោក​ត្រូវ​បាន​បោះឆ្នោត​ជា​ប្រធានាធិបតី​ក្នុង​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២។

សភា​ស្រីលង្កា​កាលពី​ថ្ងៃ​ពុធ​ បាន​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ប្រាំមួយ​លើក ​គឺ​លោក​Ranil Wickremesinghe ​ឱ្យ​ធ្វើ​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ដែន​កោះ​ដែល​មាន​បញ្ហា​នេះ។ ​លោក ​Wickremesinghe ​អាយុ​៧៣​ឆ្នាំ​ទទួល​បាន​សម្លេង​១៣៤​នៅ​ក្នុង​សភា​ដែល​មាន​សមាជិក​ចំនួន​២២៥​នាក់​នៅ​ក្នុង​ការ​បោះឆ្នោត​សម្ងាត់​នៅ​ថ្ងៃ​ពុធ​នេះ​ដោយ​មាន​សម្លេង​ចំនួន​៨១​បោះ​ឱ្យ​លោក​ Dullas Alahapperuma ​ដែល​ជា​អតីត​អ្នក​កាសែត​ដែល​បាន​ដឹកនាំ​ក្រសួង​ជាច្រើន​របស់​រដ្ឋាភិបាល​ក្នុង​នាម​ជា​សមាជិក​នៃ​គណបក្ស​កំពុង​កាន់​អំណាច។ ​លោក ​Anura Dissanayake​មេ​ដឹកនាំ​គណបក្ស​ឆ្វេង​និយម​ ទទួល​បាន​តែ​បី​សំឡេង​ប៉ុណ្ណោះ។​

ការ​បោះឆ្នោត​នេះ​ធ្វើ​ឡើង​មួយ​សប្តាហ៍​បន្ទាប់ពី​ប្រធានាធិបតី​លោក ​Gotabaya Rajapaksa​ បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស​ស្រីលង្កា ​ចំពេល​មាន​ការ​បះបោរ​របស់​ប្រជាជន​ដែល​មាន​អំពើ​ហិង្សា​ជា​ញឹកញាប់​ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច​រយៈ​ពេល​ជា​ច្រើន​ខែ ​ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​មិន​អាច​នាំ​ចូល​ស្បៀង​អាហារ ​ ប្រេង​ឥន្ធនៈ​ ឬ​ថ្នាំពេទ្យ​ ​ដោយសារ​តែ​ទុន​បំរុង​ជា​រូបិយបណ្ណ​បរទេស​ធ្លាក់​ចុះ​ខ្លាំង។​

ការ​ចាកចេញ​របស់​លោក​ Rajapaksa ​និង​ការ​លាលែង​ពី​តំណែង​ជា​បន្ត​បន្ទាប់​ បាន​បញ្ចប់​ការ​កាន់កាប់​របស់​គ្រួសារ​លោក​រយៈពេល​ពីរ​ទសវត្សរ៍​នៅ​ប្រទេស​ស្រីលង្កា។ ​បង​ប្អូន​ប្រុស​របស់​លោក​គឺ​លោក​ Mahinda ​និង ​Basil​ បាន​លាឈប់​ពីមុខ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ​និង​រដ្ឋមន្ត្រី​ហិរញ្ញ​វត្ថុ​ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ ចំ​ពេល​មាន​ការ​កើន​ឡើង​នៃ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។​

លោក​ Wickremesinghe ​នឹង​បន្ត​បញ្ចប់​អាណត្តិ​របស់​លោក​ Rajapaksa​ ដែល​នៅ​សេស​សល់​រហូត​ដល់​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤។ ​លោក​ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​ខែ​ឧសភា ​បន្ទាប់ពី​ការ​លាលែង​ពី​តំណែង​របស់​ លោក​ Mahinda Rajapaksa​ ហើយ​លោក​កំពុង​ចរចា​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​រក​កញ្ចប់​ថវិកា​សង្គ្រោះ​រាប់ពាន់​លាន​ដុល្លារ។​

ប៉ុន្តែ​ក្រុម​បាតុករ​បាន​ចោទ​ប្រកាន់​លោក​ Wickremesinghe ​ថា​ ​ស្និទ្ធ​នឹង​គ្រួសារ​លោក​ Rajapaksa​ ខ្លាំង​ពេក​ ហើយ​បាន​ទាមទារ​ឱ្យ​លោក​លាលែង​ពី​តំណែង​ផង​ដែរ។​ ការ​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​ដែល​សភា​របស់​ប្រទេស​ស្រីលង្កា​បាន​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​នៅពេល​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ D.B. Wijetunga​ ត្រូវ​បាន​ជ្រើសរើស​ជា​ឯកច្ឆ័ន្ទ​ឱ្យ​បន្ត​តំណែង​លោក​ប្រធានាធិបតី​ Ranasinghe Premadasa​ ដែល​ត្រូវ​បាន​ធ្វើ​ឃាត៕

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​The Associated Press និង Reuters)

វីដេអូថ្មីៗបំផុត

XS
SM
MD
LG