ក្រសួង​សេដ្ឋកិច្ច​និង​ក្រសួង​ការបរទេស​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​បេឡារុស

ប្រជាជនប្រមូលផ្តុំគ្នាដើម្បីរំលឹកដល់លោក Roman Bondarenko បាតុករប្រឆាំងនឹងរដ្ឋាភិបាលដែលបានស្លាប់នៅក្នុងមន្ទីរពេទ្យបន្ទាប់ពីសាក្សីថាជាការវាយដំយ៉ាងធ្ងន់ធ្ងរដោកំលាំងសន្តិសុខនៅទីក្រុង Minsk ប្រទេសរុស្ស៊ី កាលពីថ្ងៃច័ន្ទទី ២១ ខែធ្នូឆ្នាំ ២០២០។ (AP)

កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ក្រសួង​សេដ្ឋកិច្ចនិងក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម និង​ការ​រឹត​ត្បិត​ទិដ្ឋាការ​លើ​ពលរដ្ឋ​បេឡារុស​រាប់​សិប​នាក់ និង​អង្គភាព​ជាច្រើន​សម្រាប់តួនាទី​នៅ​ក្នុង​អ្វីដែល​សហរដ្ឋ​អាមេរិក​ហៅថា​ជា​ការលួច​បន្លំក្នុង​ការ​បោះឆ្នោត​ថ្ងៃ​ទី៩ ខែ​សីហា និង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​បង្រ្កាប​លើ​បាតុករគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​បាន​កើត​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត។​

ក្រសួង​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ក្នុង​ការ​ចេញ​ផ្សាយ​ព័ត៌មាន​មួយ​ថា៖ «ការបោះ​ឆ្នោត​ដែល​រួម​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​រាប់​មិន​អស់ ដែល​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​មិន​សេរី​និង​មិន​យុត្តិធម៌​រូម​មាន​ការ​មិន​ឲ្យ​បេក្ខជន​បក្ស​ប្រឆាំង​ចូលរួម បដិសេធ​វត្តមាន​របស់​អ្នកអង្កេត​ការ​បោះឆ្នោត និង​ការ​បញ្ជាក់​ពី​ចំនួន​សន្លឹក​ឆ្នោត​ដែល​មិន​ត្រឹម​ត្រូវ​ជា​ដើម»។​

ក្រោយ​ការ​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​លោក Mike Pompeo ក៏​បាន​ប្រកាស​ទណ្ឌកម្ម​បន្ថែម​ទៀត​តាម Twitter ថា៖​«ព្រឹក​នេះ​ខ្ញុំដាក់​ការ​រឹតត្បិត​ទិដ្ឋាការ​ដល់​បុគ្គល ៣៩នាក់ ហើយ​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​មន្ត្រី និង​អង្គ​ភាព ដែល​ពាក់​ព័ន្ធ​នឹង​ការ​កេង​បន្លំការ​បោះឆ្នោតថ្ងៃ​ទី០៩ ខែ​សីហា និង​ការ​ប្រើអំពើ​ហិង្សា​បង្រ្កាប​បាតុករ​នៅ​ប្រទេស​បេឡារុស។ ពលរដ្ឋ​បេឡារុស​សក្តិសម​ទទួល​បាន​ការ​បោះឆ្នោត​ដែល​សេរី​និង​យុត្តិធម៌។

កាល​ពី​ដើម​ខែ​ធ្នូ​នេះ កង​កម្លាំង​សន្តិសុខ​របស់​បេឡារុស​បាន​ឃុំឃាំង​មនុស្ស​ជា​ច្រើន​នាក់​ទូទាំង​ប្រទេស ស្រប​ពេល​ដែល​មាន​បាតុកម្ម​តវ៉ា​តាម​ផ្លូវ​ទាមទារ​ឲ្យ​មេ​ដឹក​នាំ​ផ្ដាច់ការ លោក​ Alexander Lukashenko ចុះ​ចេញពី​តំណែង​នៅ​តែ​បន្ត៕