រដ្ឋាភិបាលនៅជុំវិញពិភពលោកកំពុងធ្វើការឆ្លើយតបដល់ការរាលដាលសាកលនៃមេរោគកូរ៉ូណាវីរុសដោយមានការហាមឃាត់ការធ្វើដំណើរកាន់តែច្រើនឡើងនៅពេលដែលរដ្ឋាភិបាលទាំងនោះស្វះស្វែងរារាំងករណីឆ្លងដែលនាំចូលមកពីប្រទេសក្រៅខណៈដែលបញ្ចៀសឬរាំងខ្ទប់ករណីរាលដាលនៅក្នុងព្រំដែនរបស់ខ្លួន។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបម្រាមហាមឃាត់ដល់អ្នកធ្វើដំណើរបរទេសដែលកាលពីពេលថ្មីៗនេះបានទៅទស្សនាតំបន់ Schengen របស់សហភាពអឺរ៉ុបនៅពេលដែលលោកធ្វើសុន្ទរកថាផ្សាយតាមទូរទស្សន៍ដែលសង្កត់ពីវិធានការសេដ្ឋកិច្ចដែលរដ្ឋបាលរបស់លោកនឹងអនុវត្ត។
លោកបានទទួលការរិះគន់ពីពួកមេដឹកនាំខាងគណបក្សប្រជាធិបតេយ្យដែលនិយាយថា មិនបានធ្វើឲ្យល្មមគ្រប់គ្រាន់ដើម្បីបង្កើនល្បឿននៃការធ្វើតេស្តករណីសំខាន់ៗនៅក្នុងសហរដ្ឋអាមេរិកហើយពួកមេដឹកនាំគណបក្សប្រជាធិបតេយ្យបានស្នើផ្តល់ច្បាប់ដែលរួមមានការធ្វើតេស្តដោយមិនគិតថ្លៃនិងទទួលបា្រក់ឈប់សម្រាកការងារដែលនឹងលើកទឹកចិត្តមនុស្សឲ្យស្នាក់នៅផ្ទះកុំឲ្យទៅធ្វើ។
ប្រទេសអារ៉ាប់ប៊ី សាអូឌីតបានបន្ថែមការរឹតត្បិតការធ្វើដំណើររបស់ខ្លួនដោយហាមឃាត់ទាំងការធ្វើដំណើរទៅកាន់និងមកពីក្រុមប្រទេសដែលរួមមានប្រទេសនៅសហភាពអឺរ៉ុប ឥណ្ឌា ប៉ាគីស្ថាន ស៊ូដង់និងប្រទេសកេនយ៉ា។
ប្រទេសអាល់សាវ៉ាឌ័របានហាមឃាត់ជនបរទេសទាំងអស់ ខណៈដែលប្រទេសហ្វាតេម៉ាឡាដែលជាប្រទេសជិតខាងបានចេញការឃាត់លើអ្នកដែលធ្វើដំណើរមកពីតំបន់អឺរ៉ុប អ៊ីរ៉ង់ ចិន និងកូរ៉េខាងជើងនិងខាងត្បូង។
ប្រទេសកូឡុំប៊ីនិងប៉េរូមានការរឹតត្បិតធូរស្រាលជាង ដែលតម្រូវឲ្យដាក់ឲ្យនៅដាច់ពីគេចំពោះអ្នកដែលបានមកពីប្រទេសចិន អ៊ីតាលី អេស្ប៉ាញ និងបារាំង៕