អង្គការតម្លាភាពកម្ពុជាប្រកាសនៅថ្ងៃពុធនេះថា ខ្លួនមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតជាតិនាចុងខែកក្កដានេះទេ ដោយអះអាងថា ស្ថានភាពនយោបាយនៅមុនការបោះឆ្នោតធ្វើឲ្យខ្លួនមិនអាចប្រមូលធនធានគ្រប់គ្រាន់ដើម្បីរួមចំណែកក្នុងដំណើរការបោះឆ្នោតខាងមុខ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការតម្លាភាពកម្ពុជា ចេញនៅថ្ងៃទី២០ខែមិថុនានេះ បញ្ជាក់ថា កន្លងមកអង្គការតម្លាភាពធ្លាប់បានចូលរួមក្នុងការងារកំណែទម្រង់ការបោះឆ្នោត និងសង្កេតការណ៍ការបោះឆ្នោតចំនួនពីរលើក កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៧ ក្នុងគោលបំណងលើកកម្ពស់សុចរិតភាព និងតម្លាភាពក្នុងដំណើរការបោះឆ្នោត។ សេចក្តីប្រកាសព័ត៌មាននេះបន្ថែមថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨នេះ អង្គការតម្លាភាពកម្ពុជានឹងមិនចូលរួមសង្កេតការណ៍នោះទេ។
សេចក្តីប្រកាសព័ត៌មាននោះសរសេរក្នុងន័យដើមថា៖
«បរិយាកាសនិងលក្ខខណ្ឌនយោបាយក្នុងអំឡុងពេលប៉ុន្មានខែមុនការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដាបានធ្វើឲ្យអង្គការតម្លាភាពកម្ពុជាពុំអាចប្រមូលធនធានគ្រប់គ្រាន់ ដើម្បីធ្វើការសង្កេតការណ៍ការបោះឆ្នោត ហើយមិនអាចរួមចំណែកនៅក្នុងដំណើរការបោះឆ្នោតខាងមុខនេះ ប្រកបដោយអត្ថន័យនោះឡើយ»។
VOA មិនអាចទាក់ទងលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ដើម្បីសុំអត្ថាធិប្បាយបន្ថែមបានទេ រហូតដល់ល្ងាចថ្ងៃពុធនេះ។
អង្គការតម្លាភាពកម្ពុជាគឺជាតំណាងប្រចាំប្រទេសរបស់អង្គការតម្លាភាពអន្តរជាតិ និងត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០ ដោយសកម្មជនប្រឆាំងអំពើពុករលួយ និងអ្នកជំនាញដែលបានប្តេជ្ញាចិត្តក្នុងការបង្កើតឲ្យមានតម្លាភាព និងគណនេយ្យភាពនៅកម្ពុជា។ អង្គការតម្លាភាពកម្ពុជា បានក្លាយជាស្ថាប័នដែលឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងលើកតម្កើងសុចរិតភាព តម្លាភាព និងគណនេយ្យភាពនៅក្នុងប្រទេស។ នេះបើតាមគេហទំព័ររបស់អង្គការតម្លាភាពកម្ពុជា។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រាប់ VOA នារសៀលថ្ងៃពុធនេះថា រហូតមកដល់ពេលនេះ គ.ជ.ប.បានទទួលចុះឈ្មោះអ្នកសង្កេតការណ៍ចំនួនជាង៣ម៉ឺននាក់ និងមានអង្គការសមាគមជាង៦០បានចុះឈ្មោះដើម្បីឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦នេះ។ លោកបន្ថែមថា ការប្រកាសមិនចូលរួមអង្កេតការណ៍របស់អង្គការមួយចំនួននោះនឹងមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការរៀបចំការបោះឆ្នោតនោះទេ។
លោកបញ្ជាក់ថា៖
«ក្នុងជំពូកទី៣មាត្រាទី១០នៃច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្តហ្នឹងបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលអាចបញ្ជូនតំណាងរបស់ខ្លួនជាអ្នកសង្កេតការណ៍។ អីចឹងពាក្យថាអាចបញ្ជូនតំណាងនេះ គឺបញ្ជូនក៏បាន មិនបញ្ជូនក៏បាន។ អីចឹងអវត្តមានរបស់អង្គការ NGO ណាមួយដែលប្រកាសមិនចូលរួមសង្កេតការណ៍នោះគឺមិនធ្វើឲ្យប៉ះពាល់ ឬមិនបាត់បង់នូវភាពត្រឹមត្រូវនៃការបោះឆ្នោតនោះទេ»។
ការបោះឆ្នោតអាណត្តិនេះកំពុងត្រូវបានស្ថាប័នជាតិ និងអន្តរជាតិធំៗមួយចំនួនយល់ឃើញថា ជាការបោះឆ្នោតដែលមិនមានភាពសេរី និងយុត្តិធម៌ បន្ទាប់ពីគណបក្សប្រឆាំង ដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស ត្រូវបានតុលាការកំពូលរំលាយទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលអះអាងថា ការរំលាយគណបក្សសង្គ្រោះជាតិគឺធ្វើឡើងទៅតាមច្បាប់ ខណៈ គ.ជ.ប. ដែលលែងមានសមាជិកមកពីគណបក្សប្រឆាំង បានអះអាងថា ខ្លួនរៀបចំការបោះឆ្នោតទៅតាមច្បាប់កម្ពុជាដែលមានចែងជាធរមាន។
ក្រៅពីអង្គការតម្លាភាពកម្ពុជា ក៏មានអង្គការធ្វើការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាធំៗចំនួនពីរគឺអង្គការខុមហ្វ្រែល និងនិចហ្វិច បានប្រកាសមិនចូលរួមសង្កេតការណ៍ផងដែរ។ តំណាងអង្គការធំៗទាំងពីរដែលតែងចូលរួមឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាជាច្រើនអាណត្តិកន្លងមកនោះ បានអះអាងថា ការសម្រេចមិនចូលរួមសង្កេតការណ៍នេះ គឺដោយសាររងសម្ពាធពីរដ្ឋាភិបាលនាពេលកន្លងមកពាក់ព័ន្ធនឹងការចោទប្រកាន់ថា អង្គការឃ្លាំមើលការបោះឆ្នោតមួយចំនួនបានគាំទ្រការធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាល។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(អ.ស.ប.)កាលពីសប្តាហ៍មុនបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបារម្ភពីការបង្រ្កាបសារព័ត៌មាននៅកម្ពុជានាមុនការបោះឆ្នោត និងថា ក្រមសីលធម៌អ្នកសារព័ត៌មាន ដែលបង្កើតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) អាចនាំឲ្យមានការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយកាន់តែខ្លាំង និងផ្ទុយទៅនឹងបទដ្ឋានអន្តរជាតិ។
ចំណែកអង្គការបណ្ដាញអាស៊ាន ដើម្បីការបោះឆ្នោតដោយសេរី ឬហៅកាត់ថា ANFREL បានចេញរបាយការណ៍កម្រាស់១៥ទំព័រ កាលពីថ្ងៃទី១៥ ខែមិថុនា ដោយវាយតម្លៃថា ការបោះឆ្នោតនៅកម្ពុជាគ្មានភាពយុត្តិធម៌ និងសេរីនោះទេ ដោយរបាយការណ៍នោះបានលើក៤ចំណុចសំខាន់ៗគឺសិទ្ធិពលរដ្ឋជាមូលដ្ឋាន និងសិទ្ធិនយោបាយ រងការគំរាមកំហែង និងការរឹតត្បិត។
យ៉ាងណាក៏ដោយ ទាំង គ.ជ.ប. និងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុទ្ធតែបានលើកឡើងថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះជាមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ មិនមានការចូលរួមសង្កេតការណ៍របស់ក្រុមសង្គមស៊ីវិល និងមិនមានការទទួលស្គាល់លទ្ធផលការបោះឆ្នោតដោយបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនក៏ដោយ៕