ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ខណៈ​មាន​ការ​មិន​ចូលរួម​សង្កេតការណ៍ និង​មាន​ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​ពហិការ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមសម្ពោធផ្លូវជាតិលេខ១ ដែលត្រូវបានសាងសង់ឡើងដោយជំនួយពីប្រទេសជប៉ុន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមសម្ពោធផ្លូវជាតិលេខ១ ដែលត្រូវបានសាងសង់ឡើងដោយជំនួយពីប្រទេសជប៉ុន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ថា៖ «ច្បាស់​ណាស់​ ​គឺ​គ្មាន​មេ​ដឹកនាំ​ណា​មួយ​ណែនាំ​ពលរដ្ឋ​ខ្លួន​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​ទេ​ ​មាន​តែ​ជន​អគតិ​ដែល​មាន​បំណង​បំផ្លិច​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ និង​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ទេ ទើប​ពួក​គេអាច​ធ្វើ​ដូច្នេះ»។

លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​បាន​បង្ហោះ​សារលើ​បណ្តាញ​សង្គម​របស់​លោក​ ​ដោយ​ហៅ​អ្នក​ដែល​ណែនាំ​ឲ្យ​ប្រជា​ពលរដ្ឋ​កុំ​ទៅ​ចូល​រួម​បោះ​ឆ្នោត​ថាជាជន​មាន​បំណង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ។​ ​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋធ្វើ​ពហិកា​រកុំ​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​លើក​ឡើង​ថា​ ​លោក​ ​ហ៊ុន សែន​ ​ខ្លួន​ឯង​ជា​អ្នក​បំផ្លាញ​លទ្ធិ​ប្រជាធិប​តេយ្យ​ ​និង​ឆន្ទៈ​ពលរដ្ឋ​ ​តាម​រយៈការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ។​

​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​បាន​ហៅ​អ្នក​ដែល​ណែនាំ​ឲ្យ​ពលរដ្ឋ​កុំ​ទៅ​បោះ​ឆ្នោត​ ​ថា​ជា​ ​«ជន​អគតិ»​ ​មាន​បំណង​បំផ្លិច​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ ​ខណៈ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ធំ​មួយ​នៅ​កម្ពុជា​ ​ប្រកាស​មិន​ចូល​រួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃទី​២៩​ខែ​កក្កដា​ខាង​មុខ។​

​លោក​នាយក​រដ្ឋ​មន្ត្រីបាន​បញ្ជាក់​ថា​ ​កម្ពុជា​មាន​ប្រជា​ពលរដ្ឋជាង​៦៩​ភាគរយ​ទៅ​ចូល​រួម​បោះ​ឆ្នោត​ ​ខណៈ​ប្រជា​ពលរដ្ឋក្នុង​សហគមន៍​អឺរ៉ុប​ ​បាន​ទៅ​បោះ​ឆ្នោត​ថា​មាន​ចំនួន​ត្រឹម​៣០​ភាគរយ​ ​សហរដ្ឋ​អាមេរិក​មាន​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ចំនួន​៤០​ភាគរយ។​ ​លោក​បន្ថែម​ថា​ ​ចំនួន​ភាគរយ​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​កម្ពុជា​នេះ​ ​ជាការ​បង្ហាញ​អំពី​ការ​រីក​ចម្រើន​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ​ពិត​ប្រាកដ​ក្នុង​ប្រទេស​ ​ដែល​លោក​ថា​ ​ខុស​ពីការ​លើក​ឡើង​របស់​ជនអគតិ​មួយ​ចំនួន។​ ​នេះបើ​យោង​តាម​សារ​ដែល​បាន​បង្ហោះ​ ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ ហ៊ុន សែន​ ​នា​ថ្ងៃ​ពុធ។​

លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣ទសវត្សរ៍​មក​ហើយ​នោះ​ ​បាន​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​ ​«ច្បាស់​ណាស់​ ​គឺ​គ្មាន​មេ​ដឹក​នាំ​ណា​មួយ​ណែនាំ​ពលរដ្ឋ​ខ្លួន​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​ទេ​ ​មាន​តែជនអគតិ​ដែល​មាន​បំណង​បំផ្លិច​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ទេ ទើប​ពួក​គេអាច​ធ្វើ​ដូច្នេះ»។​

លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ក៏​បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​ប្រជា​ពលរដ្ឋទៅ​ចូល​រួម​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី២៩​ ​ខែ​កក្កដា ឆ្នាំ​២០១៨​ ​ខាង​មុខ​ទាំង​អស់​គ្នា​ ​និង​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ​ដើម្បីឲ្យ​លោក​មាន​ឱកាសដឹក​នាំប្រទេស​ជាតិ​យូរ​អង្វែង​បន្ត​ទៀត។​

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ធ្វើ​ឡើង​ខណៈ​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិត​នៅ​បរទេស​ ​ប្រកាស​អំពាវនាវ​ជា​បន្ត​បន្ទាប់​ឲ្យ​អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង​ធ្វើ​ពហិកា​មិន​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត។​

យ៉ាងណា​ក៏​ដោយ​លោក​ ​សម រង្ស៊ី​ ​បាន​ប្រាប់​ ​VOA​ ​តាម​រយៈ​សារអេឡិច​ត្រូវ​និច​ ​ឬ​អ៊ីមែលនារសៀល​ថ្ងៃ​ពុធ​នេះ​ថា​ ​អ្នក​ដែល​បំផ្លាញ​លទ្ធិ​ប្រជាធិប​តេយ្យ​ ​និង​បំផ្លាញ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ ​គឺ​ជា​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ខ្លួន​ឯង។​

លោក​បញ្ជា​ក់​ក្នុង​សម្រង់ន័យ​ដើម​ថា៖​

«លោក​ ​ហ៊ុន សែន​ ​ខ្លួន​ឯង​ ​បាន​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​និង​បាន​បំផ្លាញ​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ជាង​ ​៣លាន​នាក់​ ​រួច​ទៅ​ហើយ​ ​នៅ​ពេល​ដែល​គាត់​បាន​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ហើយ​សម្រេច​រៀប​ចំការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ ​ដែល​គណ​បក្ស​គាត់​ ​(CPP)​ ​អស់​មាន​គូ​ប្រកួត​មែន​ទែនតែ​មួយ​គត់ ​គឺគណ​បក្ស​សង្គ្រោះ​ជាតិ​នេះ​តែ​ម្តង»។​

គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បានតុលា​ការ​រំលាយ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ ​ដោយ​ចោទ​ថា​ គណ​បក្ស​នេះ​បាន​ឃុបឃិតជា​មួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​ដែលដឹក​នាំដោយ​លោក​ ​ហ៊ុន សែន។​ ​ចំណែក​មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​នេះ​ចំនួន​១១៨​នាក់​ ​ត្រូវ​បាន​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​ម្នាក់ៗ​ចំនួន​៥ឆ្នាំ។​ ​ខណៈ​ប្រធាន​បក្ស​ជំទាស់​ដ៏​ធំ​នេះ​ ​គឺ​លោក​ កឹម សុខា​ ​រួមទំាង​ ​មន្ត្រី​និង​សកម្មជន​របស់​ខ្លួន​ជិត​ ២០នាក់​ ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​នៅ​ពន្ធនាគារ​ទូទាំង​ប្រទេស​កម្ពុជា។​

​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នក​បោះ​ឆ្នោត​គាំទ្រ​ជាង​៤០​ភាគរយ​ ​ឬ​ប្រមាណ​ជា​ជាង​៣លាន​នាក់​ នៅ​ទូ​ទាំង​ប្រទេស​កាលពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ ត្រូវ​បាន​ស្ថាប័ន​ និង​អង្គការ​អន្តរជាតិ​ធំៗ​ជា​ច្រើន​រិះគន់​ ​និង​បង្ហាញ​ការ​បារម្ភ​ថា​ ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ភាព​ខ្ទេច​ខ្ទី​ ​ខណៈ​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​បាន​អំពាវនាវ​ជា​បន្ត​បន្ទាប់​ឲ្យ​គណ​បក្ស​សង្រ្គោះ​ជាតិ​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ​វិញ​ ​ដើម្បីធានា​ថា​ ​ការ​បោះ​ឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ​និង​យុត្តិធម៌។​

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ​(គ.ជ.ប)​ ​កាលពី​ថ្ងៃ​ចន្ទ​ ​បាន​បិទ​បញ្ចប់​នីតិ​វិធី​ចុះ​បញ្ជី​ឈ្មោះ​គណ​បក្ស​នយោបាយ​ ​និង​បេក្ខជន​សម្រាប់​ការឈរ​ឈ្មោះ​បោះ​ឆ្នោត​តំណាង​រាស្រ្ត។​ ​ក្រោយ​ការ​ប្រកាស​បិទ​បញ្ចប់​ភ្លាមៗ ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បានតុលា​ការ​រំលាយ​ ​បាន​ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា​ ​និង​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ដែល​មិន​អនុញ្ញា​ត​ឲ្យ​គណ​បក្ស​នេះ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ ​និង​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋខ្មែរ​កុំ​ទៅ​បោះ​ឆ្នោត ក៏​ដូចជា​ស្នើ​ដល់​សហគមន៍​អន្តរជាតិ​កុំ​ឲ្យ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ ​និង​ផ្តាច់​ជំនួយ​ពាក់​ព័ន្ធនឹង​ដំណើរ​ការ​បោះ​ឆ្នោត​ជា​ដើម។​

​លោក​ ​ឯម សុវណ្ណារ៉ា​ ​អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ ​លើក​ឡើង​ថា ការ​អំពាវនាវ​មិន​ឲ្យ​ប្រជា​ពលរដ្ឋទៅ​បោះ​ឆ្នោត ឬ​ការ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋបោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ណា​មួយ​ ​គឺ​ជាការ​ប្រទាញ​ប្រទង់​ដើម្បី​រក​ការ​គាំទ្រ​ក្នុង​ភាពជា​អ្នក​នយោបាយ​ប៉ុណ្ណោះ។​ ​លោក​បន្ថែម​ថា​ ​កម្ពុជា​មិន​មាន​ច្បាប់​កំណត់​ថា​ ​ប្រជា​ពលរដ្ឋត្រូវ​តែ​ទៅ​បោះ​ឆ្នោត​នោះ​ទេ​ ​ដូច្នេះ​លោក​ថា ការ​អំពាវនាវ​មិន​ឲ្យ​ប្រជា​ពលរដ្ឋទៅ​បោះ​ឆ្នោត ក៏​មិន​មែន​ជា​អំពើ​ខុស​ច្បាប់​នោះ​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​គិត​ថាបើ​ច្បាប់​មិន​មាន​ការហាមឃាត់​ ​អ្នក​ដែល​អាច​អំពាវនាវ​បាន​ ​អ្នក​នយោបាយ​ហ្នឹង​នៅ​តែអាច​មាន​សិទ្ធិ​ធ្វើ​បាន​ដែរ​ ​ប៉ុន្តែ​បើសិន​ក្នុង​ករណី​ដែល​ច្បាប់​បោះ​ឆ្នោត​បាន​កម្រិត​ថា​ ​ការ​បោះ​ឆ្នោត​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​ ​អាហ្នឹង​ខ្ញុំ​គិត​ថា​ពលរដ្ឋ​គឺ​ត្រូវ​តែ​ចូល​រួម​ទាំង​អស់​គ្នា​ ​មិន​អាចគេចវេស​បាន​ទេ។​ ​អញ្ចឹង​កាលណា​ភាពខ្វះ​ចន្លោះ​ហ្នឹង​ ​ចរន្ត​នេះ​អាច​ជំរុញ​ឲ្យ​ថ្ងៃ​ខាង​មុខ​ ​ថ្ងៃ​អនាគត​ ​ច្បាប់​បោះ​ឆ្នោត​ហ្នឹង​នឹង​អាច​មាន​វិ​សោធន​កម្ម​ខ្លះ​ទៀត​ហើយ»។​

ថ្មីៗ​នេះ​ អង្គការ​ខុមហ្វ្រែល​ដែល​តែង​សកម្ម​ក្នុង​ការឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា និង​ជា​អង្គការ​សំខាន់​ក្នុង​ការ​បង្កើតបន្ទប់​ស្ថានការណ៍​វាយ​តម្លៃ​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​មក​ ​បាន​ប្រកាស​មិន​ចូល​រួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​អាណត្តិ​នេះ។​

លោក​ ​កន សាវាង្ស មន្ត្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​របស់​អង្គការ​ខុមហ្វ្រែល​ ប្រាប់​ ​VOA​ ​ថា​ ​ខុមហ្វ្រែល​សម្រេច​ថា​មិន​ដាក់​អ្នក​សង្កេត​ការណ៍​ក្នុង​ការ​បោះ​ឆ្នោត​ចុង​ខែ​កក្កដា ​ឆ្នាំ​២០១៨​នេះ​ ដោយ​សារ​មាន​សម្ពាធ​ពី​រដ្ឋាភិបាល​នា​ពេល​កន្លង​មក​ពាក់​ព័ន្ធនឹង​ការ​ចោទ​ប្រកាន់​ថា​ អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ចំនួន​បាន​គាំទ្រ​ការ​ធ្វើ​បដិ​វត្ត​ពណ៍​ដើម្បីផ្តួលរំលំ​រដ្ឋាភិបាល។​ ​លោក​បន្ថែម​ថា ការ​ចោទ​ប្រកាន់បន្ទប់​ស្ថានការណ៍​ដែល​មាន​អង្គការ​ជាង​៤០ ក្នុង​ការឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​មក ថាជាបណ្តុំ​អង្គការ​ខុស​ច្បាប់​ ​និង​ព្រមានបិទ​អង្គការ​ទាំង​នោះ ក៏​ជាមូល​ហេតុ​សំខាន់​មួយ​ទៀត​ផង​ដែរ។

លោក​បញ្ជា​ក់ថា៖​

«ចំណុចទាំង​ពីរនេះ​គឺជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​សង្គម​ស៊ី​វិល​ទាំង​អស់​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​បង្ហាញ​ ​គួបផ្សំជា​មួយ​នឹង​ការ​បង្ហាញ​ ​ការ​លើក​ឡើង​ដ​ដែលៗ​របស់​ប្រព័ន្ធព័ត៌មាន​ ​ដែល​គាំទ្រ​រដ្ឋាភិបាល​ហ្នឹង​ ​លើក​ឡើង​ដ​ដែលៗ​អំពី​សង្គម​ស៊ី​វិលហ្នឹង​ ​ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ី​វិល​ទាំង​អស់​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត​ហ្នឹង​មាន​ការព្រួយ​បារម្ភ»។​

ទោះ​យ៉ាង​ណា​លោក​ថា​ ​លោក​មិន​អាច​បញ្ជា​ក់​ជំហរ​របស់​អង្គការ​ទាំង​ជាង​៤០​ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​បង្កើតបន្ទប់​ស្ថានការណ៍​ ​ថា​នឹង​ចូល​រួម​សង្កេត​ការណ៍ការ​បោះ​ឆ្នោត​នេះ​ ​ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​លោក​ថា​ ​អង្គការ​ខុមហ្វ្រែល​ក៏​នឹង​មាន​ប្រជា​ពលរដ្ឋដែល​នឹង​ចាំឃ្លាំ​មើល​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​នេះ។​

ក្រោយ​ការ​បោះ​ឆ្នោត​ឃុំសង្កាត់​ ​ឆ្នាំ​២០១៧​ ​ប៉ុន្មាន​ថ្ងៃ​ ​«បន្ទប់​ស្ថានការណ៍»​ ​ជា​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ប្រមាណ​៤០​ ​ចូល​រួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍លើ​បញ្ហា​មួយ​ចំនួន ដែល​បាន​កើត​ឡើង​មុន​ថ្ងៃ​បោះ​ឆ្នោត​ ​ដូចជា​បរិយាកាស​ដែល​មាន​ការគាប​សង្កត់​ខាង​នយោបាយ​ វិសមភាព​ហិរញ្ញ​វត្ថុ​ឃោសនា​បោះ​ឆ្នោត​ ​និង​ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​ដែល​ខ្វះសមធម៌ ​និង​តម្លាភាព​ ទី​លាន​ប្រជែង​នយោបាយ​ខ្វះសមភាព​ និង​ភាពចម្រូង​ចម្រាស​នៃ​បទ​បញ្ញត្តិ​ក្នុង​ក្របខណ្ឌ​ច្បាប់​បោះ​ឆ្នោត​ ​និង​ច្បាប់​ស្តីពី​វិ​សោធន​កម្ម​នៃ​ច្បាប់​គណ​បក្ស​នយោបាយ​ជា​ដើម។​ ​ក្រោយ​ចេញ​សេចក្តី​ថ្លែង​ការណ៍​នោះ​ ​រដ្ឋាភិបាល​បាន​ចោទ​ថា ក្រុម​បន្ទប់​ស្ថានការណ៍​ជាបណ្តុំ​អង្គការ​ដែល​បង្កើតឡើង​ដោយ​ខុស​ច្បាប់​ ​និង​ត្រូវ​រងការ​ព្រមាន​ពី​ក្រសួង​មហា​ផ្ទៃ ហាម​មិន​ឲ្យ​បន្ទប់​ស្ថានការណ៍​នេះ​កើត​មាន​ត​ទៅ​ទៀត។​

យ៉ាងណាក៏ដោយ​ ​លោក​ ​ហង្ស ពុទ្ធា​ ​អ្នក​នាំ​ពាក្យ​គណៈកម្មា​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​លើក​ឡើង​ថា​ ​ការ​អំពាវនាវ​ណា​មួយ​មិន​ឲ្យ​ប្រជា​ពលរដ្ឋទៅ​បោះ​ឆ្នោត​ ​គឺជា​សកម្មភាព​ខុស​ច្បាប់​ ​និង​ផ្ទុយ​ពី​តថភាព​សង្គម។​ ​លោក​បន្ថែម​ថា សម្រាប់​ការ​សម្រេច​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​ការ​ចូល​រួម ឬ​មិន​ចូល​រួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត គឺជា​សិទ្ធិ​របស់​ពួក​គេ​ ​និង​ថា អ​វត្ត​មាន​របស់​ក្រុម​អង្គការ​ទាំង​នោះ​ ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ឡើយ។​

លោក​បញ្ជា​ក់ថា៖​

«បើសិនជា​អង្គការ​សមាគម​ពីរ​បី លោក​មិន​ដាក់​អ្នក​សង្កេត​ការណ៍​ ​ឧទាហរណ៍​ទេ​ ​គឺ​មាន​អង្គការ​សមាគម​ផ្សេង​លោក​បាន​ដាក់​អ្នក​សង្កេត​ការណ៍​ អញ្ចឹង​រឿង​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ។​ បាន​ន័យថា​អ្វី​ដែល​ការ​រៀបចំ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ​ប្រព្រឹត្ត​ទៅ​ដោយ​ធម្មតា​ ​មិន​មាន​អ្វី​ជា​ឧបសគ្គ​ ​និង​មិន​មាន​អ្វី​ជាការ​ព្រួយ​បារម្ភ​ដែរ​ ​ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ធ្វើ​ទៅ​តាម​ការ​គ្រោង​ទុក»។​

រហូត​មក​ដល់​ពេល​នេះ​ ​មាន​គណ​បក្ស​ចំនួន​៥​បាន​ចុះ​ឈ្មោះ​ប្រកួត​ប្រជែង​នៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ​(គ.ជ.ប)​ ​ជា​ផ្លូវ​ការ​ ​ខណៈ​គណ​បក្ស​ចំនួន​១៥​ ​កំពុង​ត្រូវ​បាន​ ​គ.ជ.ប​ ​ពិនិត្យ​ដើម្បីសម្រេច។​ ​ចំណែក​គណ​បក្ស​នយោបាយ​ចំនួន​៥​ផ្សេង​ទៀត រួម​មាន​ គណ​បក្ស​សិទ្ធិ​មនុស្ស​ គណ​បក្ស​ភ្លើង​ទៀន​ គណ​បក្ស​អំណាច​ខ្មែរ​ ​គណ​បក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ ​គណ​បក្ស​ជាតិ​និយម​ ប្រកាស​មិន​ចូល​រួម​ការ​បោះ​ឆ្នោត។​ គណ​បក្ស​ទាំង​នោះ​បញ្ជា​ក់ថា ការ​មិន​ចូល​រួម​បោះ​ឆ្នោត​គឺ​ដោយ​សារការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​ផ្ទុយពីឆន្ទៈ​រាស្រ្ត​ ខ្លះ​ទៀត​ថា​ជាការ​រៀបចំ​ឲ្យ​គណ​បក្ស​កាន់​អំណាច​បន្ត​ការ​ឈ្នះ​ឆ្នោត​ដោយ​ស្រប​ច្បាប់​ ​ខ្លះ​ទៀត​ថា​ ​ស្ថានភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​មិន​អំណោយ​ផល​ជា​ដើម៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG