កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ បង្កើន​ក្តីសង្ឃឹម​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​កម្ពុជា​​​ក្រោយជំងឺ​រាតត្បាត

រូបឯកសារ៖ ទិដ្ឋភាពរាជធានីភ្នំពេញ ក្បែរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីខែសីហា ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)

ប្រទេស​កម្ពុជា​កំពុង​ឈរ​លើ​ក្តី​សង្ឃឹម​ថានឹងមានការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញក្រោយ​ការ​រាត​ត្បាត​នៃ​ជំងឺកូវីដ១៩ ដោយ​ផ្នែកលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេសចិន និង​កូរ៉េខាងត្បូង និង​សមាជិក​ក្នុងកិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​ហៅ​កាត់​ថា RCEP។

RCEP ជា​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​ដែល​មានរួម​ប្រទេស​ទាំង១០​នៃ​សមាគម​អាស៊ាន​និង​ប្រទេស​ចិន ​ជប៉ុន​កូរ៉េ​ខាងត្បូង​ អូស្ត្រាលី​និង​ នូវែលសេឡង់​។ កិច្ច​ព្រមព្រៀងនេះ​បាន​ចូលជា​ធរមាន​កាលពី​ថ្ងៃទី១​ខែ​មករា​ឆ្នាំ២០២២​នេះ។ បណ្តា​ប្រទេស​ជាសមាជិក​នៃ​កិច្ច​ព្រមព្រៀង​នេះ នឹង​មាន​ផលិតផល​សរុប​ក្នុង​ស្រុក​ទាំងអស់​ចំនួន ២៦.២ លានលាន​ដុល្លារ ឬ​ស្មើនឹង​ផលិតផល​សរុប​ក្នុង​ពិភពលោក​ចំនួន​៣០ភាគរយ។

អ្នកវិភាគ​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ព្យាយាម​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំងនេះ ខណ:ដែល​កម្ពុជា​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ការ​រាតត្បាត​នៃជំងឺ​កូវីដ១៩ និងការ​ដែល​សហភាព​អឺរ៉ុប​ដកហូត​ការ​អនុគ្រោះពន្ធខ្លះ​លើ​ទំនិញ​នាំចូល​ដោយសារ​ប្រវត្តិ​សិទ្ធិមនុស្ស​មិនល្អ និង​ការ​ដើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ផែនការ​លោក​ ឆាយ ថន បាន​ថ្លែងថា​ កម្ពុជា​បាន​បាត់បង់​ការងារ​ជាង​៦លាន ក្នុង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ឬ​នឹង​បាត់បង់​ថែមទៀត ដោយ​សារ​ជំងឺ​កូវីដ១៩ ហើយ​អង្គការ​ UNDP រំពឹងថា ​អាត្រា​ភាពក្រីក្រ​នៃ​ប្រទេស​កម្ពុជា​អាចកើន​ទ្វេដង​ដល់​១៧.​៦​ភាគរយ​នៅឆ្នាំ​២០២១​ដែល​ទើប​កន្លង​ទៅនេះ។

«កិច្ច​ព្រមព្រៀង​ទាំងនេះ​ពិតជាមាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​អនាគត​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា។ បណ្តា​ប្រទេស​ជិតខាង​របស់​កម្ពុជា​នឹង​ក្លាយ​ជាទីផ្សារ​ចម្បង​របស់​កម្ពុជា​ក្នុង​អំឡុង​ពេល​ប៉ុន្មានឆ្នាំ​ខាងមុខ​នេះ‍»។ នេះ​បើតាម​សម្តី​របស់​លោក Bart Edes នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ចាប់តាំង​ពី​ទីបញ្ចប់​នៃសង្គ្រាមជិត​៣ទសវត្សរ៍​គឺកាលពី​ឆ្នាំ​១៩៩៨​ដោយសារ​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតចូល​យ៉ាង​កៀក​ទៅនឹង​ប្រទេស​ចិនក្នុង​អំឡុង​ពេល​១០ឆ្នាំ​កន្លង​ទៅនេះ។ ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​កើនលើស​៨ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ ហើយ​ត្រូវ​គេ​រំពឹងថា​នឹង​កើនដល់​១០​ពាន់លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៣ ដោយសារ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយ​ប្រទេស​ចិន​កាលពី​ខែ​តុលា​ឆ្នាំ​២០២១។

កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ស្រដៀងគ្នា​មួយទៀត​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង ក្រោយពី​ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​កូរ៉េ​ខាងត្បូង​បាន​កើនដល់ ​៨៨០​លាន​ដុល្លារ​កាលពី​ឆ្នាំ២០២០។ នៅក្រោម​កិច្ច​ព្រមព្រៀង​នោះ កម្ពុជា​នឹង​លុបចោល​ពន្ធគយ​លើ​ទំនិញ​នាំចូល​ពីកូរ៉េ​ខាងត្បូង​ចំនួន​៩៣​.៨ភាគរយ​ហើយ​កូរ៉េខាងត្បូង​នឹងលុបចោល​ពន្ធគយ​លើទំនិញ​នាំ​ចូល​ពីកម្ពុជា​ចំនួន​៩៥​.​៦ភាគរយ។​

កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​ហៅកាត់​ថា RCEP នេះ​នឹង​លុបចោល​ពន្ធគយ​៩០ ភាគរយ​លើ​ទំនិញ​របស់​ប្រទេស​ជាដៃគូ​សម្រាប់​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ដែល​អ្នកវិភាគ​បាន​និយាយ​ថា​នឹង​ជួយ​ពង្រឹង​សមាហរ័ណកម្ម​តំបន់​បន្ថែម​ដោយ​សាងសង់គំរោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​របស់​ចិន។

លោក Edes បាន​ថ្លែងថា​សេដ្ឋកិច្ច​ដែល​កំពុង​លូតលាស់​ក្នុង​ពិភពលោក​ភាគច្រើន​ស្ថិតនៅ​ក្នុង​ទ្វីប​អាស៊ី​ដែលនៅ​ទីនោះ​កម្ពុជា​ស្ថិត​ក្នុង​ទីតាំង​យុទ្ធសាស្ត្រ​មានប្រៀប​សំខាន់​ក្នុង​តំបន់​ក្នុង​ចំណោម​ប្រទេស​ជិតខាង​ធំៗ​ជាង ដូចជា​ថៃ​និង​វៀតណាម​និង​សមាជិក​អាស៊ាន​ផ្សេងៗទៀត​ហើយ​ការណ៍នេះ​ធ្វើឲ្យ​កម្ពុជា​ក្លាយ​ជា​គោលដៅ​នៃ​ការ​វិនិយោគ​ដែលគួរ​ឲ្យ​ទាក់ទាញ​មួយ។

លោក​ Edes ​ថា៖ «មិនត្រឹម​តែ​សម្រាប់​ចិនទេ​តែ​សម្រាប់​ប្រទេស​ឯទៀត​នៅ​អាស៊ី​ផងដែរ។ ប៉ុន្តែ​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​ដែល​មាន​ច្បាប់​ទម្លាប់​ទាំងនេះ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​កម្ពុជា។ ទាំងនេះ​ជាដំណើរការ​វិជ្ជមាន​សម្រាប់​ប្រទេសជាតិ​សម្រាប់​ប្រជាពលរដ្ឋ​និង​សម្រាប់​ឱកាស​បង្កើត​ការងារ‍»។

ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើការ​ក្នុងវិស័យ​សេដ្ឋកិច្ច​ក្នុងប្រព័ន្ធ​មាន​ត្រឹម​ចំនួន​២០ភាគរយ​ប៉ុណ្ណោះ ហើយ​៨០ភាគរយ​ដែលនៅ​សេសសល់​ដែល​រួមមាន​ទាំង​កសិករ​ផងនោះ​ធ្វើការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​បើតាម​ប្រភព​របស់​រដ្ឋាភិបាល។

រូបឯកសារ៖ កប៉ាល់​ដឹក​ដី​ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​សាប ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១។ (AP)

ពលរដ្ឋ​កម្ពុជា​ ៣០​ភាគរយ​ រស់នៅ​លើ​ចំ​បន្ទាត់​ក្រីក្រ​ ឬលើស​បន្ទាត់ក្រីក្រ​បន្តិច គឺ​ទទួលបាន​ប្រាក់ចំណូល​ត្រឹម​១ដុល្លារ ​៩០​សេន ​ក្នុង​មួយថ្ងៃ។

បញ្ហា​ដកការ​អនុគ្រោះពន្ធ​ខ្លះ​របស់​សហភាព​អឺរ៉ុប​លើ​ទំនិញ​កម្ពុជាទាំងអស់​លើក​លែងតែ​សព្វាវុធ​កាលពីខែ​សីហា​ឆ្នាំ​២០២០​ហើយភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌ​នៃការ​នាំ​ទំនិញ​ទៅលក់​ក្នុង​ទីផ្សារ​អឺរ៉ុប​ដោយ​មិនបាច់​បង់​ពន្ធ​នោះ​គឺមិន​បាន​ជួយ​សេដ្ឋកិច្ចកម្ពុជា​ទេ​តែ​ដើម្បី​ធានា​ឲ្យ​មាន​ស្តង់ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

នាយក​នៃក្រុមហ៊ុន​ផ្តល់សេវា​ពាណិជ្ជកម្ម ​Ernst & Young ​ក្នុង​ប្រទេស​កម្ពុជា​លោក ​Brendan Lalor ​បាននិយាយ​ថា ការ​បាត់បង់​ទីផ្សារ​មិន​យក​ពន្ធគយ​លើទំនិញ​ខ្លះ​ដូច​ជា​សម្លៀក​បំពាក់​ដោយសារ​សហភាព​អឺរ៉ុប និង​ការរាតត្បាត​នៃជំងឺ​កូវីដ១៩​នោះ​បានជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងនោះ។

លោក​បានថ្លែង​យោង​ទៅ​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ជាមួយ​ប្រទេស​ទាំងពីរ​គឺកម្ពុជា​ចិន និង កម្ពុជា ​កូរ៉េ​ខាងត្បូង​នោះ​លោក​បាន​បន្ថែមថា៖

«ការចូល​ជាធរមាន​នៃកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងនេះ​ដោយ​គ្មានការ​រឹតត្បិតពន្ធគយ​លើទំនិញ​នាំចូល, កូតា (quotas), ពន្ធដារ និង​ការនាំចេញ​ផងនោះ​គឺជាការ​ជម្រុញ​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​គឺ​ជាមួយ ​ចិន និង​ជាមួយ​កូរ៉េ​ខាងត្បូង​កាន់តែ​ច្រើនឡើង​ថែមទៀត»។

លោកថា៖ «ដូច្នេះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​និង​ចិន គួរតែ​ទូទាត់គ្នា​បាន​ជាមួយ​ផល​ប៉ះពាល់​នៃការ​លុបចោល​ការ​អនុគ្រោះពន្ធ ​EBA‍»។

លោក​បន្ថែមថា ​កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ​ពី​កិច្ចព្រមព្រៀង ​RCEP ​និង​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ក៏បាន​ថ្លែងដែរ​ថា​លោក​ចង់​ធ្វើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​រុស្ស៊ី​ផងដែរ។

ប្រទេស​កម្ពុជា​នាំចេញ​ទំនិញ​ដែល​រួមមាន​សម្លៀកបំពាក់​ស្បែកជើង ​កាបូប​ព្រមទាំង​របស់​របរ​សម្រាប់​ធ្វើដំណើរ ភេសជ្ជ:​គ្រឿង​បន្លាស់​អេឡិចត្រូនិក​ទំនិញ​ពេទ្យ ​និង ​ផលិតផល​កសិកម្ម​ដែល​មាន​ទាំង​កៅស៊ូ ​ប្រេងដូង​ដំឡូង​ឈើ ​និង​គ្រាប់​ស្វាយចន្ទី។

រូបឯកសារ៖ អ្នក​ដំណើរ​ចុះ​ពី​សាឡាង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២០។

ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ RCEP ​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មប៉ាន សូរស័ក្ដិ ​វាយតម្លៃ​ថា ផលិត​ផល​សរុប​ក្នុងស្រុក​របស់​កម្ពុជា​នឹង​កើនឡើង​២ភាគរយ​ការនាំចេញ​នឹងកើន​ឡើង​៧.៣ភាគរយ​ហើយការ​វិនិយោគ​នឹងកើន​ឡើង​២៣.​៤ភាគរយ​ជាមួយ​នឹងការ​លុបចោល​ពន្ធគយ​លើ​ទំនិញ៩០​ភាគរយ​ក្នុង​ចំណោម​ប្រទេស​ហត្ថលេខី​ក្នុង​អំឡុងពេល​២០​ឆ្នាំ​ខាងមុខ។

លោក​បាន​ថ្លែង​ប្រាប់​រដ្ឋសភា​ថា៖ «កិច្ចព្រមព្រៀង​ RCEP​ នឹងក្លាយ​ទៅជា​មូលដ្ឋាន​គ្រឹះនៃការធ្វើ​ពាណិជ្ជកម្ម​និង​វិនិយោគ​ក្នុង​តំបន់ នឹង​ពង្រីក​តម្លៃ​នៃខ្សែ​សង្វាក់​ក្នុង​តំបន់​ហើយ​និង​បង្កើន​នូវ​ឱកាស​បង្កើត​ការងារ​ធ្វើ​និង​ទីផ្សារ​សម្រាប់​មនុស្ស​និង​ក្រុមហ៊ុន​ជំនួញ​ក្នុង​តំបន់‍»។

ក៏ប៉ុន្តែ​លោក​ Wim Conklin នាយក​កម្មវិធី​ប្រចាំ​ប្រទេស​សម្រាប់​មជ្ឈមណ្ឌល​សាមគ្គីភាព​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើការ​កត់សម្គាល់​ដោយ​ប្រុង​ប្រយ័ត្ន​មួយ ដោយ​ព្រមានថា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និងកិច្ច​ព្រមព្រៀង RCEP អាច​បណ្តាល​ឲ្យមាន​ការ​ហូរចូល​នូវទំនិញ​ថោកៗ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​រួម ​ប្លាស្ទីក​ថ្មពិល​និង​របស់​តូចៗ​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ។

លោក​ថា៖ «​ជាទូទៅ​អាច​មាន​ផលចំណេញ​ខ្លះ ប៉ុន្តែ​នៅព្រម​ពេល​ជាមួយគ្នា​សំណួរគឺ​តើ​នណារ​ជាអ្នក​ចំណេញ។ ប្រទេស​ដែល​មាន​ទំហំ​ធំ​ជាង​យ៉ាង​ច្រើន​ដែល​ធ្វើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​មួយ​ទៀត​នោះ​តែង​តែ​មិនមាន​ការ​ប្រកួត​ប្រជែង​ឲ្យបាន​ស្មើភាព​គ្នាទេ‍»។

លោក​ថា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ត្រូវតែ​សម្រេច​ដើម្បី​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទាំងមូល មិនមែន​សម្រាប់​វិស័យ​ណាមួយ​ដោយ​ជាក់លាក់​ដូចជា​ធនាគារ ​ឬ​សេវា​ហិរញ្ញវត្ថុ​នោះទេ។ ប៉ុន្តែ​លោក​ថ្លែងថាការ​នាំចូល​ទំនិញ​ដែល​ថោក​ជាង​អាច​ជួយ​ដល់​អ្នក​ផលិត​ទំនិញ​ហើយ​រឿងនេះ​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់អ្នកធ្វើការ។

លោក​សួរថា៖ «តើនេះ​មានន័យថា​ពួកគេ​អាច​ទទួលបាន​ប្រាក់ខែ​ខ្ពស់ជាង​ដោយសារ​តែក្រុមហ៊ុន​ចំណេញ​ច្រើន ឬមួយ​ក៏​ដោយសារ​ការចំណាយ​ចុះថយ? យើង​សង្ឃឹម​ថាវា​អ៊ីចឹង​ទៅចុះ​ ប៉ុន្តែ​ខ្ញុំមិន​ច្បាស់ដែរ‍»៕