វិស័យ​ទេស​ចរណ៍​ក្នុង​ខេត្ត​សៀម​រាប​កំពុង​រង​ផល​ប៉ះ​ពាល់​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​មេរោគ​កូរ៉ូណា​វីរុស​ថ្មី

ទិដ្ឋភាពផ្លូវទៅកាន់ប្រាសាទអង្គរវត្ត ថតនៅខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)

ភ្ញៀវ​ទេស​ចរ​ភាគ​ច្រើន​បាន​លុប​ចោល​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​របស់​ខ្លួន​មក​កម្ពុជា ​ជា​ពិសេស​មក​កាន់​ខេត្ត​សៀមរាប ​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​មេ​រោគ​កូរ៉ូណា​វីរុស​ថ្មី។

នៅ​ក្នុង​អំឡុង​ពេល​ផ្ទុះ​មេរោគ​កូរ៉ូណាវីរុស​ថ្មី​នេះ​ សណ្ឋាគារ​នៅ​ខេត្ត​សៀមរាប​យ៉ាង​ហោច​ណាស់​ចំនួន​១០​ត្រូវ​បាន​បិទ​ទ្វារ។​ នេះ​បើ​តាម​ការ​អះ​អាង​ប្រធាន​សមាគម​ទី​ភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា។ ហើយក្រុម​ហ៊ុន​ទេសចរណ៍​ធំៗ​ចំនួន​ពីរ​ដែល​មាន​ភោជនីយដ្ឋាន​របស់​ខ្លួន​ចំនួន​៨ ​មាន​ហាង​លក់​វត្ថុ​អនុស្សារិ៍យ​ក៏​បាន​ប្រកាស​បិទ​ទ្វារ​ជា​បន្ទាន់​កាល​ពី​ចុង​ខែ​មករា​នេះ​ដែរ។

លោក​ស្រី​ ឆាយ​ ស៊ីវលីន ​ប្រធាន​សមាគម​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា​ បាន​ប្រាប់​ VOA ថា​ ចាប់​តាំង​ពី​មាន​មេរោគ​កូរ៉ូណា​វីរុស​ផ្ទុះ​ឡើង​ ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​៦០​ភាគរយ​បាន​លុប​ចោល​ការ​ធ្វើ​ដំណើរ​របស់​ខ្លួន​មក​កាន់​កម្ពុជា។

លោកស្រី​មាន​សណ្ឋាគារ​មួយ នៅ​ក្នុង​ខេត្ត​សៀមរាប​ដែល​មាន​១២០​បន្ទប់។​លោក​ស្រី​ថា ​នៅ​មុន​ការ​ផ្ទុះ​មេរោគ​កូរ៉ូណា​វីរុស​នេះ​កើត​ឡើង ​មាន​ភ្ញៀវ​កក់​ប្រមាណ​ជា​១០០​បន្ទប់​ ក្នុង​មួយ​ថ្ងៃ​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ មាន​ភ្ញៀវ​មក​ស្នាក់​នៅ ​ចន្លោះ​ពី​១០​ទៅ​១៥​បន្ទប់​ប៉ុណ្ណោះ​ជា​រៀង​រាល់​ថ្ងៃ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ថ្លែងនៅក្រសួងទេសចរណ៍។ (ធីតា វីន/VOA)

«រៀង​រាល់​ថ្ងៃ​នេះ​ គឺ​មាន​ការ​លុប​ចោល​ភ្ញៀវ​ដែល​បាន​កក់​ហើយ​នៅ​តាម​សណ្ឋាគារ​ក៏​ដូច​ជា​នៅតាម​ទី​ភ្នាក់​ងារ​ទេសចរណ៍ ​ហើយ​និង​រមណីយ​ដ្ឋាន ​ភោជនីយដ្ឋាន។​ ក្នុង​១​ថ្ងៃ​១០០​បន្ទប់​ហើយ ​ឥឡូវ​វា​នៅ​សល់​ត្រឹម​១០​បន្ទប់ ​១៥​បន្ទប់ ​គេ​លុប​ចោល​អស់។ [ខ្ញុំ] ​ព្រួយ​បារម្ភ​មែន​ទែន ​ខ្លាច​នៅ​តែ​បន្ត​ការ​ធ្លាក់​ចឹង​ទៅ​ វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​ដល់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​របស់​យើង​ទូទាំង​ប្រទេស​តែ​ម្តង»។

អ្នក​ស្រី​បន្ត​ថា ​រដ្ឋាភិបាល​គួរ​តែ​មាន​វិធានការ​បង្ហាញ​ឲ្យ​ភ្ញៀវ​ទេសចរ​ជឿ​ជាក់ ថា ​ការ​ធ្វើ​ដំណើរ​មក​កម្ពុជា​ទទួល​បាន​សុវត្ថិភាព​ជា​ជាង​គ្រាន់​តែ​ធ្វើ​ការ​ប្រកាស​តែ​ប៉ុណ្ណោះ។

«មិន​មែន​ធ្វើ​ដើម្បី​តែ​ប្រជា​ពលរដ្ឋ​ជឿ​ជាក់​ទេ​ គឺ​ត្រូវ​ធ្វើ​ឲ្យ​ទេសចរណ៍​ទូ​ទាំង​សាកល​លោក​ហ្នឹង ​គាត់​ជឿ​ជាក់​ដែរ​ថា ​កម្ពុជា​អត់​អី​ទេ​ ចឹង​គួរ​តែ​ធ្វើ​អ្វី​មួយ​បន្ថែម​ទៀត​ឲ្យ​ការ​រឹត​បន្តឹង​នៅ​តាម​ច្រក​ចេញ​ចូល​ហ្នឹង​គឺ​ជា​រឿង​សំខាន់»។

មេរោគ​កូរ៉ូណា​វីរុស​ដែល​មាន​ប្រភព​ក្នុង​ខេត្ត​ហ៊ូយបេ​ ទី​ក្រុង​វូហាន​នៃ​ប្រទេស​ចិន​បាន​ឆ្លង​រីករាល​ដាល​ដល់​មនុស្ស​យ៉ាង​ហោច​ណាស់​ប្រមាណ​ជាង​៣ម៉ឺន​នាក់​ និង​បាន​សម្លាប់​មនុស្ស​ជាង​៦០០​នាក់​ទូ​ទាំង​ប្រទេស។ ​ប្រទេស​កម្ពុជា​ក៏​បាន​រក​ឃើញ​អ្នក​កើត​មេរោគ​កូរ៉ូណាវីរុស​ថ្មី​ជា​ជន​ជាតិ​ចិន​ម្នាក់​ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មករា​នេះ ​នៅក្រុង​ព្រះ​សីហនុ។

លោក​ស្រី​ ឆាយ​ ស៊ីវលីន ​ជា​អ្នក​ប្រកប​របរ​លើ​វិស័យ​ទេស​ចរណ៍​នេះ​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ។ ​អ្នក​ស្រី​មាន​សណ្ឋាគារ​ធំ​ចំនួន​២ ​ក្នុង​ខេត្តសៀមរាប​ មាន​ក្រុមហ៊ុន​ទេសចរណ៍​និង​ក្រុមហ៊ុន​លក់​សំបុត្រ​យន្តហោះ។

លោក​ស្រី​បាន​ឲ្យ​ដឹង​ថា​ ផល​ប៉ះ​ពាល់​នៃ​មេរោគ​កូរ៉ូណាវីរុស​ថ្មី​ក្នុង​អំឡុង​ពេល​នេះ​មក​លើ​វិស័យ​ទេសចរណ៍​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ការ​ផ្ទុះ​ជំងឺ​ SARS ​កាល​ពី​ឆ្នាំ​២០០៣​ ទៅ​ទៀត។

ភ្ញៀវទេសចរណ៍ដើរទស្សនាផ្សាររាត្រីមួយកន្លែងនៅខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)

ក្រុម​សមាគម​ទេសចរណ៍​នៃ​វិស័យ​ឯកជន​បាន​ជួប​ពិភាក្សា​គ្នា​ដើម្បី​រក​វិធានការ​ទប់​ទល់នឹង​ការ​ធ្លាក់ចុះ​នៃ​ភ្ញៀវ​ទេសចរ។ ក្នុង​អំឡុង​ពេល​នេះ​ ​ក្រុម​សមាគម​ទាំង​នោះ​ព្យាយាម​បញ្ចុះ​តម្លៃ​លើ​កញ្ចប់​សេវា​ទេសចរណ៍​មក​កាន់​ប្រទេស​កម្ពុជា​ប្រមាណ​៥០​ភាគរយ។

កាល​ពី​សប្តាហ៍​មុន​ ក្រសួង​ទេសចរណ៍​ក៏​បាន​ធ្វើ​ការ​ប្រជុំ​ដាក់​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ជួយ​ជំរុញ​ដល់​ទេសចរណ៍​ក្នុង​ស្រុក​ដូច​ជា​ កញ្ចប់​សេវា​ទស្សនកិច្ច​មាន​តម្លៃ​ថោក ​ពង្រឹង​គុណ​ភាព​សេវា​កាន់​តែ​ល្អ​ ផលិត​វីដេអូ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ទេសចរណ៍​កម្ពុជា​ជា​ដើម។

លោក ​លូ ​ម៉េង ​ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ឥទ្ធិពល​នៃ​មេរោគ​កូរ៉ូណាវីរុស​នេះ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​បន្ត​លុបចោល​គម្រោង​មក​កាន់​ប្រទេស​កម្ពុជា​ ជា​ពិសេស​ខេត្ត​សៀមរាប។

លោក​បាន​បញ្ជាក់​ថា​ពេល​នេះ​វិស័យ​ឯកជន ​និង​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​គួរ​តែ​សហការ​គ្នា​ដើម្បី​ជួយ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា។

លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ថ្លែងនៅក្រសួងទេសចរណ៍។ (ធីតា វីន/VOA)

«​ឲ្យ​ឯកជន​ទាំង​អស់​គ្នា ​ធ្វើ​ការ​ជា​មួយ​គ្នា។ គឺ​យើង​ហៅ​ថា​សំឡេង​តែ​មួយ​ហើយ​ធ្វើ​ការ​ជា​មួយ​ក្រសួង​ទេសចរណ៍ ​ឬ​ក៏​ក្រសួង​ពាណិជ្ជកម្ម។​ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​ជំរុញ​យុទ្ធនាកា​ថា យើង​មាន​សុវត្ថិភាព​ទេ​ យើង​មាន​ផលិតផល​ល្អៗ ​ជា​ពេល​វេលា​យើង​ត្រូវ​ផ្សព្វ​ផ្សាយ ​ធ្វើ​ម៉េច ឲ្យ​គេ​ដឹង​ ទាំង​អស់​គ្នា​អង្គុយ​ធ្វើ​ការ​ជាមួយ​គ្នា ​ប្រមូល​ថវិកា​ផ្សព្វ​ផ្សាយឲ្យបាន​ត្រឹម​ត្រូវ ការ​ផ្សព្វផ្សាយ​យើង​ឲ្យ​មាំ»។

យោង​តាម​ស្ថិតិ​របស់​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​ ភ្ញៀវ​ទេស​ចរ​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​មាន​ចំនួន​៦.៦​លាន​នាក់ ​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​មាន​ចំនួន​២.៣​លាន​នាក់​ ដែល​ចំនួន​នេះ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ឈរ​ក្នុង​លំដាប់​ថ្នាក់​លេខ​១​ ពោល​គឺ​ស្នើ​៣៥​ភាគរយ​នៃ​ភ្ញៀវ​ទេសចរ​សរុប​ក្នុង​ចំណោម​១១០សញ្ជាតិ។

លោក​ ទៀ ​សីហា ​អភិបាល​ខេត្ត​សៀមរាប​ បាន​ប្រសាសន៍​ដែរ​ថា​ ភាគ​ច្រើន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​បាន​លុប​ចោល​ការ​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​ ដែល​កំពុង​បង្ក​ឲ្យ​មានការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ក្នុង​អំឡុង​ពេល​ផ្ទុះ​មេរោគ​កូរ៉ូណាវីរុស​ថ្មី​នេះ។

«ជា​ក្រុម​ហ៊ុន​ទេសចរណ៍​មួយ​ដោយ​គាត់​មាន​ទំនាក់​ទំនង​ដូច​ជា​កក់​យន្ត​ហោះ​មួយ​ទាំង​មូល ​មក​ចុះ​នៅ​ខេត្ត​សៀមរាប​យើង​ ក៏​មាន​ការ​លុបចោល​ជើង​ហោះ​ហើរ​ ក៏​ដូច​ជា​ការ​លុបចោល​បន្ទប់​ជាច្រើន​ដែរ​ ទាំង​សេវា​កម្ម​ ក៏​ដូច​ជា​អូតែល​អី​ឥឡូវ​នេះ​ជឿ​ជាក់​ថា ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ​ក៏​ប៉ុន្តែ​កំពុង​រៀប​ចំ​កម្មវិធី​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​សៀមរាប​របស់​យើង​ ជា​ពិសេស​គឺ​កម្ម​វិធី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​យើង​ផង​ដែរ»។

តាម​ការណ៍​ឲ្យ​ដឹង​ស្រដៀងៗ​គ្នា​ពី​ក្រុម​អ្នក​ប្រកប​របរ​អាជីវកម្ម​លើ​វិស័យ​ទេសចរណ៍​បាន​ត្អូញ​ត្អែរ​ថា​ បើ​មាន​ការ​អូស​បន្លាយ​នៃ​ការ​រីក​រាល​ដាល​មេរោគ​កូរ៉ូណាវីរុស​នេះ​ ប្រហែល​ជា​៣​ខែ​បន្ត​ទៅ​មុខ​ទៀត​ សណ្ឋាគារ​នៅ​ក្នុង​ខេត្ត​សៀមរាប​ជា​ច្រើន​ត្រូវ​ប្រឈម​មុខ​បិទ​ទ្វារ​ជា​មិន​ខាន។

ខណៈចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះ សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍ ត្រូវបានដាក់ជួល ឬលក់ នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)

​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប​ភាគ​ច្រើន​ប្រកប​របរ​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍ដូច​ជា​មគ្គុសទេសក៍​ទេសចរណ៍ ​ អ្នក​លក់​វត្ថុ​អនុស្សាវរីយ៍ ​សណ្ឋាគារ ​ផ្ទះ​សំណាក់ ​ភោជនីយដ្ឋាន​ជា​ដើម។

ខេត្ត​សៀម​រាប​មាន​មគ្គុស​ទេសក៍​ទេសចរណ៍​ចំនួន​ជាង​៥០០០​នាក់ ​ភាគ​ច្រើន​ជា​មគ្គុសទេសក៍​ទេសចរណ៍​ភាសា​អង់​គ្លេស​ និង​ចិន។

លោក​ ខៀវ​ ធី ​ជា​ប្រធាន​សមាគម​មគ្គុស​ទេសក៍​ទេសចរណ៍​អង្គរ​និង​មគ្គុសទេសក៍​ទេសចរណ៍​ភាសា​អង់គ្លេស​ បាន​ឲ្យ​ដឹង​ថា សមាគមលោក​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​លុបចោល​របស់​ភ្ញៀវ​ទេស​ចរ​មក​លេង​ខេត្ត​សៀមរាប​ ក្រោយ​ពី​មាន​ការ​ផ្ទុះ​មេរោគ​កូរ៉ូណាវីរុស​នេះ។

«ស្ថាន​ភាព​ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​សៀម​រាប​មាន​ការ​លុប​ចោល​ច្រើន ​សូម្បី​ជន​ជាតិ​អាមេរិកាំង​ក៏​ដោយ​ លុប​ចោល​ដោយ​សារ​គាត់​បារម្ភ ​ពី​ជំងឺ​កូរ៉ូណាវីរុស​ហ្នឹង​ឯង ​លុបចោល​មួយ​ចំនួន​ធំ»។

លោក​បន្ត​ថា​៖ «ហើយ​ជន​ជាតិ​ចិន​អត់​មក​សោះ​តែ​ម្តង។ ខ្លួន​បង​ផ្ទាល់​គេ​លុប​អស់​២​ក្រុម​មគ្គុសទេសក៍​ដទៃទៀត​ ក៏​គេ​លុប​ដែរ ​មិត្ត​ភក្តិ​បង​គេ​និយាយ​ប្រាប់​បង​ថា​ គេ​លុប​ដែរ​បើ​ជំងឺ​កូរ៉ូណា​វីរុស​ គេ​មិន​អាច​បង្ក្រាប​វា​បាន ​នៅ​តែ​សាយ​ភាយ​រីក​រាល​ដាល​ច្រើន​ឡើងៗ​នោះ ​ប្រាកដ​ជា​គេ​ឈប់​មក​ហើយ​ បារម្ភ​ណាស់​ចេះ​តែ​បារម្ភ»។

លោក ​តុប ​សុភ័ក ​អនុរដ្ឋ​លេខា​ធិការ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ទេសចរណ៍ បាន​មាន​ប្រសាសន៍​ថា ការ​ប៉ះ​ពាល់​លើ​វិស័យ​ទេសចរណ៍​ដោយ​សារ​មេរោគ​កូរូណាវីរុស​នេះ​ គឺ​ជា​បញ្ហា​ដែល​ពិបាក​គ្រប់​គ្រង​ពី​ព្រោះ​វា​ជា​បញ្ហាសាកល។

ហេតុ​ដូច្នេះ​លោក​បាន​ឲ្យ​ដឹង​ថា​ មាន​តែ​ជំរុញ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ឲ្យ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​អំឡុង​ពេល​នេះ​ ដើម្បី​ទ្រទ្រង់​វិស័យ​ទេសចរណ៍​នេះ។

«ពេល​វេលា​ដ៏​លំបាក​នេះ​ គឺ​យើង​ចូល​រួម​ទាំង​អស់​គ្នា​ជា​ពិសេស​ជា​មួយ​អាជ្ញាធរ​ដែន​ដី ​និង​ប្រតិបត្តិករ​ទេសចរណ៍​ទាំង​អស់។ ​បើ​កាល​ណា​យើង​អត់​មាន​ចលនា​ទេសចរណ៍​ក្នុង​ស្រុក ចឹង​អាជីវ​កម្ម ​ទេសចរណ៍​មួយ​ចំនួន​ពិត​ណាស់​ជួប​ការ​លំបាក​ ប៉ុន្តែ​នៅ​ខណៈ​ពេល​នេះ​គឺ​យើង​ជួប​ការ​លំបាក​ទាំង​អស់​គ្នា​ទាំង​កម្ពុជា​យើង​ក៏​ដូច​ជា​ប្រទេស​ផ្សេងៗ​ទៀត ​ជា​ពិសេស​ប្រទេស​ដែល​ទទួល​បាន​ទេសចរណ៍​ចិន​ច្រើន ​គឺ​យើង​មាន​ការ​ថម​ថយ​ទេសចរណ៍​» ។

យោង​តាម​ស្ថិតិ​របស់​ក្រសួង​ទេសចរណ៍ ​នៅ​ក្នុង​ខេត្ត​សៀមរាប​មាន ​សណ្ឋាគារ​ចំនួន ២៣៤​ គិត​ជា​បន្ទប់​មាន​ប្រមាណ​ជាង​១៤០០០​បន្ទប់​ ផ្ទះ​សំណាក់ ​៣១០​ គិត​ជា​បន្ទប់​ ជាង ៤៦០០​បន្ទប់​ និង​ភោជនីយដ្ឋាន​មាន​ចំនួន​១៩៦។​

ខេត្ត​សៀមរាប​គឺជា​ខេត្ត​មួយ​ដែល​ស្រូប​ទាញ​ភ្ញៀវ​ទេស​ចរ​ជាតិ​និង​អន្តរ​ជាតិ​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ជា​រៀង​រាល់​ឆ្នាំ​ ភ្ញៀវទេសចរ​ប្រហែល​ជាង​២​លាន​នាក់​ធ្វើដំណើរកម្សាន្ត​នៅ​ខេត្តនេះ​ ដែល​អាច​ផ្តល់​ចំណូល​ ប្រហែល​១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕