ទីក្រុងប៉េកាំងបានចាប់ផ្តើមតួនាទីខ្លួនជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ជាមួយនឹងពិធីដង្ហែភ្លើងគប់ដែលតែងតែធ្វើឡើងជាប្រពៃណី នៅថ្ងៃពុធនេះ។
ឧបនាយករដ្ឋមន្ត្រី Han Zheng (ហាន ជឹង) បានចាប់ផ្តើមពិធីនេះនៅពេលដែលលោកហុចភ្លើងគប់ជូនលោក Luo Zhihuan (លុយ ជីហួន) ដែលជាអ្នកចូលប្រកួតកីឡារំអិលលើទឹកកកល្បឿនលឿនអន្តរជាតិទីមួយរបស់ប្រទេសចិនដែលមានអាយុ៨០ឆ្នាំ និងជាជើងឯកនៃកីឡាអូឡាំពិករដូវរងាទីមួយ ក្នុងពិធីមួយនៅឯសួនអូឡាំពិកបរទេស (Olympic Foreign Park)។
អ្នកដង្ហែភ្លើងគប់ជាងមួយពាន់នាក់នឹងកាន់ភ្លើងគប់អូឡាំពិកកាត់តំបន់ប្រកួត៣ ដែលរួមមានទីក្រុងប៉េកាំង ទីក្រុង Zhangjiakou (ចាងជាកូ) ក្នុងខេត្ត Hebei (ហឺប៉េ) ដែលនៅជិតខាង មុននឹងវិលត្រឡប់មកកាន់ទីក្រុងប៉េកាំងវិញនៅថ្ងៃសុក្រសម្រាប់ពិធីបើកការប្រកួតកីឡាអូឡាំពិក។
ពិធីដង្ហែភ្លើងគប់៣ថ្ងៃនេះមានការរឹតត្បិតជាងពិធីធម្មតាកន្លងមក ដោយសារមានការបារម្ភអំពីជំងឺកូវីដ១៩ ដោយមានការអនុញ្ញាតឲ្យតែសាធារណជនខ្លះមើលតែប៉ុណ្ណោះ។ កាលមុនការប្រកួតកីឡាអូឡាំពិករដូវក្តៅកាលពីឆ្នាំ២០០៨វិញ រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើពិធីដង្ហែភ្លើងគប់នៅជុំវិញពិភពលោក ដែលពេលនោះនាំឲ្យមានការប្រឆាំងតវ៉ាចំពោះការបំពានសិទ្ធិមនុស្សរបស់ចិន នៅតាមកន្លែងឈប់សំចតខ្លះ។
ឆ្នាំនេះប្រទេសជាច្រើនរួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភពអង់គ្លេស និងកាណាដា បានបដិសេធមិនបញ្ជូនគណៈប្រតិភូផ្លូវការទៅចូលរួមក្នុងការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងទេ។
នៅក្នុងការប្រកួតកីឡាអូឡាំពិកនេះ អត្តពលិក ក្រុមមន្ត្រី អ្នកធ្វើការ និងអ្នកយកព័ត៌មាន ត្រូវស្ថិតនៅដាច់ពីគេ ដើម្បីទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ១៩៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះមានប្រភពពីទីភ្នាក់ងារព័ត៌មាន AP, Reuters និង AFP។