ប្រធាននាយអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិកលោកឧត្ដមសេនីយ៍ Joe Dunford បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការប្រកាន់ពូជសាសន៍ និងចិត្តចង្អៀតចង្អល់ មិនត្រូវកើតមានឡើងនៅក្នុងសហរដ្ឋអាមេរិក ឬនៅក្នុងវិស័យយោធារបស់សហរដ្ឋអាមេរិកនោះទេ។ លោកក៏បានបន្ថែមផងដែរថា លោកមានអារម្មណ៍សោកសៅយ៉ាងខ្លាំង ចំពោះហេតុការណ៍ហិង្សាដ៏ប្រល័យដែលបានផ្ទុះឡើងកាលពីចុងសប្ដាហ៍មុននៅក្នុងទីក្រុង Charlottesville រដ្ឋ Virginia សហរដ្ឋអាមេរិក។
ដោយថ្លែងនៅក្នុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន លោក Dunford បានសរសើរអំពីការលើកឡើងស្រដៀងគ្នានេះដែររបស់មន្ត្រីយោធាសហរដ្ឋអាមេរិកកំពូលៗ។
លោក Dunford បាននិយាយថា៖ «មន្ត្រីយោធាអាមេរិកកំពូលៗបាននិយាយដោយផ្ទាល់ទៅកាន់ទាហាន និងប្រជាពលរដ្ឋអាមេរិកាំង។ សម្រាប់ការលើកឡើងទៅកាន់ទាហាន មន្ត្រីទាំងនោះបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការប្រកាន់ពូជសាសន៍ ឬការមានចិត្តចង្អៀតចង្អល់ណាមួយកើតឡើងនៅក្នុងជួរកងទ័ពនោះទេ។ សម្រាប់ការលើកឡើងទៅកាន់ប្រជាពលរដ្ឋអាមេរិកាំងវិញ មន្ត្រីទាំងនោះបានរំឭកពួកគេអំពីតម្លៃដែលយោធាសហរដ្ឋអាមេរិកឈរលើ ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញពីអ្វីដែលខ្ញុំជឿថា ជាតម្លៃរបស់សហរដ្ឋអាមេរិក»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងប្រឈមនឹងការរិះគន់ជាបន្តទៅលើការឆ្លើយតបរបស់លោកចំពោះអំពើហិង្សានៅក្នុងទីក្រុង Charlottesville រដ្ឋ Virginia ដោយលោកបានអះអាងថា ទាំងក្រុមពលរដ្ឋស្បែកសដែលគិតថាខ្លួនអស្ចារ្យជាងគេ និងទាំងអ្នកតវ៉ាប្រឆាំងនឹងក្រុមពលរដ្ឋស្បែកសទាំងនេះ សុទ្ធតែមានកំហុសនៅក្នុងអំពើហិង្សានេះ៕