កាលពីថ្ងៃសៅរ៍ ក្រុមមន្ត្រីជាន់ខ្ពស់បរមាណូនៃប្រទេសអ៊ីរ៉ង់និងស.រ.អា.បានចូលរួមកិច្ចចរចាអំពីកម្មវិធីបរមាណូនៃប្រទេសអ៊ីរ៉ង់ជាលើកដំបូង ដោយបង្កើនការខិតខំប្រឹងប្រែងដើម្បីឱ្យបានសម្រេចកិច្ចព្រមព្រៀងមួយមិនឱ្យហួសពីថ្ងៃទី៣១ខែមីនាដែលជាថ្ងៃគេកំណត់ចុងក្រោយបង្អស់។
លោក Ali Akbar Salehi ប្រធានអង្គការថាមពលបរមាណូនៃប្រទេសអ៊ីរ៉ង់និងលោក Ernest Moniz រដ្ឋមន្ត្រីក្រសួងថាមពលស.រ.អា.បានធ្វើដំណើរទៅកាន់ក្រុងហ្សឺណែវដើម្បីចូលរួមកិច្ចចរចាមួយនេះ។
គេរំពឹងថាវត្តមាននៃឥស្សរជនពីរនាក់នេះនឹងជួយដោះស្រាយជម្លោះខាងបច្ចេកទេសដែលរារាំងមិនឱ្យមានកិច្ចព្រមព្រៀងមួយរវាងប្រទេសអ៊ីរ៉ង់និងក្រុមប្រទេសមហាអំណាច៦ក្នុងពិភពលោកដែលគេស្គាល់ថាជាក្រុមប្រទេស P5+1។
កិច្ចព្រមព្រៀងមួយរវាងប្រទេសអ៊ីរ៉ង់និងក្រុមប្រទេសនេះដែលមានស.រ.អា. អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្សី អាចរារាំងសកម្មភាពបរមាណូនៃប្រទេសអ៊ីរ៉ង់ជាថ្នូរនឹងការបន្ធូរទណ្ឌកម្ម។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry ធ្វើដំណើរតាមយន្តហោះទៅកាន់ក្រុងហ្សឺណែវនៅថ្ងៃអាទិត្យនេះដើម្បីធ្វើការចរចាពីរថ្ងៃជាមួយលោក Mohammad Javad Zarif ដែលជាសមភាគីអ៊ីរ៉ង់របស់លោក។
ដោយបានជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេសនៅក្នុងក្រុង ឡុងដ៏ (London) កាលពីថ្ងៃសៅរ៍នៅមុនលោកធ្វើដំណើរទៅកាន់ក្រុងហ្សឺណែវ លោក Kerry បានមានប្រសាសន៍ថាក្រុមប្រទេស P5+1 នៅតែរួបរួមគ្នាអំពីបញ្ហាអ៊ីរ៉ង់៕