ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់មាន​ឆន្ទៈ​ក្នុង​ការ​បន្ត​ការ​ចរចា​ស្តី​អំពី​កម្មវិធីនុយក្លេអ៊ែរ​ដោយ​សារ​តែមានការដាក់​ទណ្ឌកម្ម​​យ៉ាងខ្លាំង


អ៊ីរ៉ង់ បាន​បញ្ជាក់​ថា ខ្លួ​ន​បាន​ត្រៀមជួប​ចរចាថ្មី​ដំបូង​មួយ ជាមួយ​​មហាអំណាច​អន្តរជាតិ។
អ៊ីរ៉ង់ បាន​បញ្ជាក់​ថា ខ្លួ​ន​បាន​ត្រៀមជួប​ចរចាថ្មី​ដំបូង​មួយ ជាមួយ​​មហាអំណាច​អន្តរជាតិ។
ប្រែសម្រួល​ដោយ លី​ សុខ​ឃាង
ប្រទេស អ៊ីរ៉ង់ (Iran) ថ្លែង​ថា ប្រហែល​ជា​នៅ​ចុង​ខែ​នេះ ខ្លួ​ន​នឹងត្រៀម​ខ្លួន​វិល​ត្រឡប់​ទៅ​រក​ការ​ចរចាជាមួយ​ប្រទេស​មហាអំណាច​ធំៗ​របស់​ពិភព​លោក ស្តីអំពីកម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ ខណៈដែល​កម្មវិធី​ចំរាញ់​ធាតុ​អ៊ុយរ៉ានីញ៉ូម​របស់​ប្រទេស​នេះ​កំពុង​បន្ត ប្រទេស​លោកខាងលិចបាន​រឹត​បន្តឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​ទីក្រុង តេរ៉ង់ (Tehran)​។ Henry Ridgwell ពិនិត្យ​មើល​ពីប្រសិទ្ធិភាព​របស់​ទណ្ឌកម្ម​នេះ និង​ឥទិ្ធពល​ទៅ​លើ​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់។​
កាល​ពី​សប្តាហ៍​មុន លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា​ (Barack Obama) បាន​ចុះ​ហត្ថលេខា​លើ​ទណ្ឌកម្ម​ថ្មី​មួយ​ទៀត ដោយ​សំដៅ​ទៅ​លើ​វិស័យ​ថាម​ពលនិង​ការ​ដឹកជញ្ជូនរបស់​ប្រទេស អ៊ីរ៉ង់។ ​ទណ្ឌកម្មនេះ​បន្ថែម​ទៅលើទណ្ឌកម្ម​ជាឯកតោ​ភាគីនិង​ពហុភាគី​ប្រឆាំង​នឹង​ឧស្សាហកម្ម​និង​ធនាគារ​របស់ អ៊ីរ៉ង់។​
វិធានការនេះសំដៅ​ទប់​ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់ អ៊ីរ៉ង់។ ​ប្រទេស​លោកខាងលិច​អះអាង​ថា អ៊ីរ៉ង់ កំពុង​ព្យាយាម​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ប៉ុន្តែ រដ្ឋាភិបាល​ទីក្រុង តេរ៉ង់ ថ្លែង​ថា កម្មវិធី​នោះ​គឺ​សម្រាប់​គោលបំណង​ស៊ីវិល​តែប៉ុណ្ណោះ។
អ៊ីរ៉ង់ បាន​បញ្ជាក់​ថា ខ្លួ​ន​បាន​ត្រៀមជួប​ចរចាថ្មី​ដំបូង​មួយ ជាមួយមហាអំណាច​អន្តរជាតិ ដែល​ត្រូវ​បានស្គាល់​ថាជា​ប្រទេស​មហា​អំណាច​៥បូក១ (P5+1) ដែល​រួម​មាន​សហរដ្ឋ​អាមេរិក (United States) អង់គ្លេស (Britain) រុស្ស៊ី (Russia)​ ចិន (China) និងបារាំង (France) ដែល​បូក​បញ្ចូលប្រទេស​អាល្លឺម៉ង់​ (Germany)​ មួយ​ទៀត​ផង។
លោក ចេមី អ៊ីនហ្គ្រាម (Jamie Ingram) នៃ​អង្គការ​ចក្ខុវិស័យ​សកល IHS (IHS Global Insight) និយាយថា​ ទណ្ឌកម្ម​នេះកំពុង​បង្ខំ​ឲ្យ​ អ៊ីរ៉ង់​វិល​ទៅ​រក​តុចរចាវិញ។
«ទណ្ឌកម្ម​នេះ​កំពុង​វាយប្រហារ​យ៉ាងដំណំ​ទៅ​លើប្រាក់​ចំណូលរបស់​ជនជាតិ អ៊ីរ៉ង់។ ហើយ​ដោយ​មាន​ការ​រឹតត្បឹត​លើ​ការ​នាំ​ចូល មានការ​ខ្វះខាត​ស្បៀង​អាហារ​កាន់​តែ​កើន​ឡើង»។ ​
លោក នីហ្គេល ឃុស្នើ(Nigel Kushner) នាយក​ប្រតិបត្តិ​នៃ​អង្គការ​ ដាប់បិលយូ​ លីហ្គល​( W Legal) ដែល​ផ្តល់​ប្រឹក្សាដល់​ក្រុម​ហ៊ុន​ទាំងឡាយ​ស្តីពីការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ អ៊ីរ៉ង់ មាន​ប្រសាសន៍​ថា ការធ្វើ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុបជាមួយ អ៊ីរ៉ង់ សូម្បី​តែ​ទំនិញ​ដែល​មាន​ការ​អនុញ្ញាត បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំងនៅ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។ នោះ​គឺ​ដោយ​សារ​ធនាគារ​អឺរ៉ុប​ខ្លាច​មាន​ការ​ខឹង​សម្បារ​ពី​សហរដ្ឋ​អាមេរិក។
«មនុស្សទាំងឡាយ​សង្ស័យ​ថា ជន​ជាតិ​អាមេរិកាំង​នឹងនិយាយ​ស្ងាត់ៗ​ជាមួយ​ពួកគេ​ ហើយ​សុំ​ឲ្យ​ពួកគេ​កុំ​ធ្វើ​ពាណិជ្ជកម្ម​នេះ។ ដូច្នេះ​ ពួកគេ​នឹង​មិន​ធ្វើ​ពាណិជ្ជកម្ម​នេះទេ បើ​ទោះ​ជា​ពួកគេ​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​ធ្វើ​ក៏ដោយ។ ខ្ញុំ​បាន​និយាយ​ជាមួយ​ធនាគាររបស់​ប្រទេសស្វីស (Swiss) កាល​ពី​ម្សិល​មិញ ដែល​បាន​និយាយថា​ «យើង​ចង់​ទទួល​យក​ការ​បង់​ប្រាក់​សម្រាប់​ទំនិញ​ផ្នែក​វេជ្ជសាស្ត្រ ឬ​ទំនិញ​មនុស្ស​ធម៌ ដែល​នឹង​បញ្ជូន​ទៅ អ៊ីរ៉ង់ ប៉ុន្តែ​យើង​មានការ​ខ្លាចរអារ ក្នុងការធ្វើ​បែបនេះ។»
លោក ឃុស្នើ និយាយថា អ៊ីរ៉ង់ កំពុង​សម្លឹង​ទៅកាន់​ប្រទេស​ណា ដែល​នៅ​ក្រៅយុត្តាធិការ​របស់​ទណ្ឌកម្ម​នេះ ដើម្បី​ទទួល​បាន​នូវ​អ្វី​ដែល​ខ្លួនត្រូវ​ការ។
«​វា​ប្រហែល​ជា​ត្រូវ​ការ​ពេល​យូរ​ជាង​មុន វាមាន​ភាព​ប្រទាំង​ប្រទើស​ជាងមុន ហើយ​វា​អាច​ត្រូវចំណាយច្រើន​ជាង​មុន​ផង ប៉ុន្តែ​ជារឿយៗ ពួកគេនឹងសម្លឹង​មើល​ប្រទេស​ទាំងឡាយ ដូចជា​ប្រទេស ចិន និង​ប្រហែល​ជា​ប្រទេស ទួកគី ដែល​មិន​ចាំ​បាច់​គោរព​តាម​»។
អ្នក​វិភាគ អាលី ហ្វាថូឡោះ ណេចាត (Ali Fathollah-Nejad) នៃ​សាកល​វិទ្យាល័យ ឡុនដុន (University of London) និយាយថា​ ទណ្ឌកម្ម​ផ្នែក​ធនាគារ​កំពុង​បង្ក​ការ​ឈឺចាប់​ខ្លាំង​បំផុត​នៅក្នុង​ប្រទេស អ៊ីរ៉ង់។
«អ្នកមាន​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​និង​ធនាគារ​យ៉ាង​ធំធេង ដែល​ជា​ចំណុច​រាំងស្ទះ​ ដែល​គ្រប់​សាខា​ស៊ីវិល​ទាំង​អស់នៃ​សេដ្ឋកិច្ច​ ត្រូវ​គាំង​ដំណើរការ​ទាំង​អស់»។​
លោក ហ្វាថូឡោះ ណេចាត អះអាង​ថា ប្រទេសលោក​ខាងលិច​ត្រូវ​តែ​ដាក់​ទណ្ឌកម្ម​ដើម្បី​ការ​ចរចា​នាពេល​ខាងមុខ​នេះ​ ប្រសិន​បើចង់​ឲ្យ​មានដំណោះ​ស្រាយ​ការទូត​មួយ​។​
«ទាក់​ទង​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ទាក់ទង​នឹង​សុខមាល​ភាព​របស់​ប្រជា​ពលរដ្ឋ​ ទាក់ទង​នឹង​សុខមាលភាព​សង្គមស៊ីវិល​របស់​ប្រទេស​នេះ គឺជា​កិច្ចការ​ដែល​ជន​ជាតិ អ៊ីរ៉ង់ នៅ​ខាងក្នុង​និង​ក្រៅ​ប្រទេស​ពិតជា​ខ្វាយខ្វល់​ខ្លាំងណាស់។​ ហើយ​នេះគឺ​ជា​អ្វី​ដែល​ត្រូវ​តែ​យក​មក​ដាក់​នៅលើតុ​ចរចារ»។
ប្រសិន​បើ​ការ​ចរចា​រវាង​ប្រទេស អ៊ីរ៉ង់ និងក្រុម​ប្រទេសមហាអំណាច​ P5+1 បន្តទៅមុខ​មែន ក្រុម​អ្នកវិភាគ​រំពឹង​ទុកថា​នឹង​មានការ​ផ្តោត​ទៅលើ​ការ​កសាង​ទំនុកចិត្ត​រយៈពេលខ្លី ជា​ជាង​ដំណោះ​ស្រាយចំពោះ​វិបត្តិ​នេះ​៕
XS
SM
MD
LG