ឧត្ដមសេនីយ៍​កំពូល​របស់​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​អ៊ីរ៉ាក់

ឧត្ដមសេនីយ៍ Joseph Dunford ជួប​ជាមួយ​មន្ត្រី​ឃឺដ នៅ​ទីក្រុង Erbil នៃ​តំបន់ឃឺដ។

អគ្គ​មេបញ្ជាការ​យោធា​អាមេរិក ​លោក​ឧត្ដមសេនីយ៍ ​ចូសេហ្វ ​ដាន់ហ្វត​ (Joseph Dunford) ​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ធ្វើការ​វាយតម្លៃ​ដោយ​ផ្ទាល់​អំពី​ស្ថាន​ការ​ប្រយុទ្ធ​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម ដែល​កំពុង​តែ​បន្ត។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​ចាប់​តាំង​ពី​លោក​ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី​១​ ខែ​តុលា​មក​ លោក ចូសេហ្វ ដាន់ហ្វត ​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ដែល​ធ្វើ​ដំណើរ​ជាមួយ​លោក​ថា ​មន្ត្រី​អ៊ីរ៉ាក់​បាន​ធានា​អះអាងថា ពួកគេ​មិនបាន​ស្នើ​ប្រទេស​រុស្ស៊ីឲ្យ​ចូលរួម​ជាមួយ​បណ្ដា​ប្រទេស​នានា​ ដែល​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ទី​នោះ​ទេ។

កងកម្លាំង​រុស្ស៊ី​បាន​ទម្លាក់​គ្រាប់បែក​នៅ​ក្នុង​ប្រទេស​ស៊ីរី ​អស់​រយៈពេល​បី​សប្ដាហ៍​កន្លង​មក​ហើយ នៅ​ក្នុង​យុទ្ធនាការ​មួយ​ដែល​ពួក​គេ​និយាយ​ថា ​ជា​ការ​ផ្ដោត​ទៅលើ​ក្រុម​ភេរវករ​ ប៉ុន្តែ អាមេរិក​និង​បណ្ដា​ប្រទេស​ផ្សេងទៀត ​បាន​រិះគន់យុទ្ធនាការ​នោះ​ថា​ បាន​តម្រង់​ទិសដៅ​ទៅ​រក​ក្រុម​ប្រឆាំង​នឹង​ប្រធានាធិបតី​ស៊ីរី លោក​ បាហ្សា អាល់អាសាដ​ (Bashar al-Assad)។

មន្ត្រី​អ៊ីរ៉ាក់​ជាច្រើន​បាន​ព្រលយ​ឲ្យ​ដឹង​ថា​ ពួកគេ​ក៏​ស្វាគមន៍​វត្តមាន​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែរ ប៉ុន្តែលោក ចូសេហ្វ ដាន់ហ្វត និយាយ​ថា នាយក​រដ្ឋមន្ត្រី ហៃឌ័រ អាល់អាបាឌី (Haider al-Abadi) មិន​បាន​ស្នើ​សុំ​ការវាយប្រហារ​តាម​អាកាស​ណាមួយ​ពី​រុស្ស៊ី​ទេ។

ក្រៅ​ពី​ជួប​ជាមួយ​មន្ត្រី​អ៊ីរ៉ាក់​និង​អាមេរិក​ហើយ​នោះ លោក​ចូសេហ្វ ដាន់ហ្វត ក៏​កំពុង​ពិភាក្សា​ជាមួយ​មេដឹកនាំ​តំបន់​ឃឺដ​ (Kurdistan) ​គឺ​លោក​ប្រធានាធាបតី ​ម៉ាស៊ូត ​បាហ្សានី​ (Massoud Barzani) ផង​ដែរ។

ក្រុម​អ្នកប្រយុទ្ធ​ឃឺដ ​កន្លងមក​ទទួល​បាន​ជោគជ័យ​ខ្លះ​ដែរ ក្នុង​ការ​រុញច្រាន​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ឲ្យ​ចេញ​ពី​តំបន់​ជាច្រើន​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ ដោយ​មាន​ការ​គាំពារ​ខាង​ទ័ព​អាកាស​ពី​កង​កម្លាំង​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ​ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ជាង​មួយ​ឆ្នាំ​មក​ហើយ៕